Banner KNP Detail Top

បង្ក្រាបបទល្មើសនេសាទ ក្នុងអន្លង់អភិរក្សផ្សោតកាំពី រឹបអូស និងដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ នៅក្រចេះ

បង្ក្រាបបទល្មើសនេសាទ ក្នុងអន្លង់អភិរក្សផ្សោតកាំពី រឹបអូស និងដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ នៅក្រចេះ

(ក្រចេះ)៖ នាល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ដឹកនាំដោយលោក ភួង ទីណា នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ បានដឹកនាំក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្តិ៍កាំពី និងប៉ុស្តិ៍ជ្រោយបន្ទាយ។
សមត្ថកិច្ចធ្វើការរឹបអូសវត្ថុតាងបទល្មើសជលផលរួមមាន៖ ដកហូតឧបករណ៍នេសាទ មងពាក់ក្នុងអន្លង់ជ្រោយបន្ទាយ និងចំណុចប្រឡោះបី ចំនួន០៦ ត្បូងប្រវែង ១៨០ម៉ែត្រ និងក្រលាពី៧-១៥សម, ដកហូតសន្ទួចរនងបាន០១ខ្សែ ប្រវែង១០០ម៉ែត្រ ផ្លែសន្ទួចលេខ៩ ចំនួន៥០ផ្លែ ហើយវត្ថុតាងទាំងនេះត្រូវបានដុតបំផ្លាញចោលនៅចំណុចមាត់ទន្លេ ខាងក្រោយប៉ុស្តិ៍ឆ្មាំកាំពី។


នាយខណ្ឌជលផល ក៏សូមសំណូពរដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋជាអ្នកនេសាទ ធ្វើយ៉ាងណាកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាស់ដែលអនុក្រឹត្យស្ដីពីការគ្រប់គ្រងការពារអភិរក្សសត្វផ្សោត បានធ្វើការហាមឃាត់នោះរួមមាន៖ ឧបករណ៍ឆក់ត្រី មងក្រឡាធំ ឧបករណ៍សន្ទូចរនង ដែលជាហេតុបង្កឱ្យគ្រោះថ្នាក់ដល់ជីវិតសត្វផ្សោតពីមួយថ្ងៃទៅមួយថ្ងៃ។
លោកបានបញ្ជាក់ទៀតថា បើទោះបីជារដូវនេះជារដូវបើកនេសាទហើយក្ដី ក៏ប៉ុន្តែឧបករណ៍ដែលច្បាប់ហាមឃាត់ជាដាច់ខាត មិនអនុញ្ញាតឱ្យប្រើប្រាស់ឡើយ។ បើសិននៅតែប្រព្រឹត្តនឹងទទួលទោសទៅតាមផ្លូវច្បាប់ស្ដីពីជលផល។
ជាមួយគ្នានេះដែរ លោកសូមសំណូពរដល់អាជ្ញាធរមូលដ្ឋាន សុំជួយណែនាំផ្សព្វផ្សាយអំពីសារប្រយោជន៍អំពីសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បិត្តជាតិមានជីវិតដ៏មានតម្លៃរបស់ប្រទេសកម្ពុជា ហើយធ្វើយ៉ាងណាការពារសត្វផ្សោតទន្លេមេគង្គ ជួយការពារទាំងអស់គ្នា ដើម្បីឱ្យសត្វផ្សោតទន្លេមេគង្គ នៅឋិតថេរគង់វង្សសម្រាប់បច្ចុប្បន្ន និងទៅថ្ងៃអនាគត។
សូមជម្រាបថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ថ្មីៗនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំជាពិសេសដល់អភិបាលខេត្តក្រចេះ និងស្ទឹងត្រែង ឱ្យបង្កើនការយកចិត្តទុកដាក់អភិរក្សសត្វផ្សោត ដោយមិនត្រូវពឹងផ្អែកតែលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះឡើយ និងបានណែនាំឱ្យបង្កើតតំបន់ស្នូលអចិន្ត្រៃយ៍ដើម្បីអភិរក្សសត្វផ្សោត។


ការណែនាំបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន គឺបន្ទាប់មានរបាយការណ៍ពីករណីសត្វផ្សោតដែលជាប្រភេទសត្វជិតផុតពូជ បានងាប់ជាបន្ទាប់ ដោយសារតែជាប់មង សន្ទូច និងបទល្មើសសនេសាទខុសច្បាប់មួយចំនួន នៅតំបន់សត្វផ្សោតទន្លេមេគង្គរស់នៅ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅអភិបាលខេត្តទាំងពីរ ឱ្យរៀបចំកំណត់តំបន់ស្នូលអចិន្ត្ត្រៃយ៍ ដើម្បីការអភិរក្ស ដោយហាមឃាត់ការនេសាទ ការដាក់មង និងការរំខានផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យតំបន់សត្វផ្សោតរស់នៅមានសុវត្ថិភាពបាន១០០ភាគរយ រួមទាំងការកំណត់តំបន់ស្នូលផ្សេងទៀត ទៅតាមស្ថានភាពទឹកឡើង និងទឹកចុះជាដើម៕

អត្ថបទដែលជាប់ទាក់ទង