Banner KNP Detail Top

សម្រេចចេញដីការឃុំខ្លួនជនសង្ស័យ ២នាក់ ជាអ្នកគួកជេររថយន្ត បានសមគំនិត

សម្រេចចេញដីការឃុំខ្លួនជនសង្ស័យ ២នាក់ ជាអ្នកគួកជេររថយន្ត បានសមគំនិតជាមួយអ្នកនៅផ្ទះឧកញ៉ា អុឹង ប៊ុនហូវ ជាតៃកុងរថយន្ត បានយករថយន្តចិន ទៅលក់

កណ្តាល៖ នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អឿង វណ្ណា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនសង្ស័យ ពីរនាក់ ជាអ្នកគួកជេររថយន្ត បានសមគំនិតជាមួយអ្នកនៅផ្ទះឧកញ៉ា អុឹង ប៊ុនហូវ ជាតៃកុងរថយន្ត បានយករថយន្តចិន ទៅលក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ” សមគំនិតក្នុងអំពើលួច ” តាមមាត្រា២៩,មាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល (ក្រុមហ៊ុន តៃភីងយ៉ាង)។
ជនរងគ្រោះ ឈ្មោះ SONG PENG អាយុ៣០ឆ្នាំ ជនជាតិចិន សញ្ជាតិចិន បច្ចុប្បន្ន មានទីលំនៅ ស្នាក់នៅសណ្ឋាគារ BALI APARTMENT NO.5 សង្កាត់ទន្លេរបាសាក់ រាជធានីភ្នំពេញ។
ជនត្រូវចោទទី១ ឈ្មោះ សុខ រដ្ឋា អាយុ៤១ឆ្នាំ និងទី២ ឈ្មោះ ស៊ុន ប៊ុនថេង អាយុ៤៤ឆ្នាំ បុរសទាំងពីរនាក់នេះ មានមុខរបរ ជាអ្នកគួកជេរថយន្ដ មានទីលំនៅ នៅភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យពីរនាក់ទៀត ដែលរត់គេចខ្លួន មានឈ្មោះ កុល ប៊ុនថា ភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិសុព័រទេព សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន ស្នាក់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរអ្នកបើកបរ (នៅផ្ទះឧកញ៉ា អុឹង ប៊ុនហូវ) និងឈ្មោះ ជុំ សុវណ្ណ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅ ភូមិព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង មុខរបរអ្នកបើកបរ។
លោកឧត្តមសេនីយ៌ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ជនរងគ្រោះ បានឲ្យអ្នកបើកបរឡានផ្ទាល់ខ្លួន ឈ្មោះ ជុំ សុវណ្ណ បើកឡានដឹកភ្ញៀវជនរងគ្រោះ ចេញពីចំណុចសណ្ឋាគារ BALI APARTMENT សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ឆ្ពោះទៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល (ក្រុមហ៊ុន តៃភីងយ៉ាង) ហើយពេលទៅដល់ គោលដៅឈ្មោះ ជុំ សុវណ្ណ បានដាក់ភ្ញៀវចុះពីឡាន ដោយភ្ញៀវបានប្រាប់ឈ្មោះ ជុំ សុវណ្ណ ថានៅថ្ងៃស្អែក ចាំគេនឹងទាក់ទងឲ្យត្រឡប់ មកទទួលយករូបគេវិញ។
លុះដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១២និង០០នាទី ភ្ញៀវរបស់ជនរងគ្រោះ បានទាក់ទងទៅកាន់ឈ្មោះ ជុំ សុវណ្ណ ដើម្បីមកទទួលយកគាត់ត្រឡប់ទៅវិញ ប៉ុន្តែនៅ ពេលទូរស័ព្ទទៅឈ្មោះ ជុំ សុវណ្ណ បែរជាមិនអាចទាក់ទងបាន ទើបភ្ញៀវជនរងគ្រោះ បានទាក់ទងមកជនរងគ្រោះផ្ទាល់ ក្រោយមក ជនរងគ្រោះ ក៏បានព្យាយាមទូរស័ព្ទទៅ ឈ្មោះ ជុំ សុវណ្ណ បន្តទៀត នៅតែមិនចូល (បិទទូរស័ព្ទ) ទើបជនរងគ្រោះ ដឹងថាឈ្មោះ ជុំ សុវណ្ណ បានលួចឡានរបស់គាត់ គេចខ្លួនបាត់ទៅហើយ ។
លទ្ធផលស្រាវជ្រាវ ផ្អែកតាមការស្រាវជ្រាវ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានរកឃើញឡាននៅការ៉ាស លក់-ទិញរថយន្ត យីហោ BT AUTO 168 ដែលមានទីតាំងនៅចំណុចផ្លូវលេខ២៧៣ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមចម្លើយសារភាព របស់ឈ្មោះ ស៊ុន ចាន់ថេង ខ្លួនពិតជាបានយករថយន្ដទៅលក់ ជាមួយឈ្មោះ កុល ប៊ុនថា, ឈ្មោះ ជុំ សុវណ្ណ នឹងឈ្មោះ សុខ រដ្ឋា ពិតប្រាកដមែន ហើយរថយន្ដនេះ មិនមានឯកសារនោះទេ លក់បានតម្លៃចំនួន ៧៧.០០០ ដុល្លារ បានចែកប្រាក់ទៅឲ្យឈ្មោះ កុល ប៊ុនថា ចំនួន ៤៩.០០០ ដុល្លារ ឲ្យទៅឈ្មោះ សុខ រដ្ឋា ចំនួន ៩.៣០០ ដុល្លារ និងនៅសល់ចំនួន ១៣.៨៩០ ដុល្លារ) ទុកខ្លួនឯង។
តាមចម្លើយសារភាពរបស់ឈ្មោះ សុខ រដ្ឋា ខ្លួនពិតជាបានយករថយន្ដទៅលក់ជាមួយ ឈ្មោះ ស៊ុន ចាន់ថេង,ឈ្មោះ កុល ប៊ុនថា និងឈ្មោះ ជុំ សុវណ្ណ ពិតប្រាកដមែន ហើយរថយន្ដនេះ មិនមានឯកសារនោះទេ លក់បានតម្លៃចំនួន ៧៧.០០០ ដុល្លារ ហើយខ្លួនបានទទួលកម្រៃជើងសារ ចំនួន ៥០០ ដុល្លារ ចំណែកប្រាក់ដែលឈ្មោះ ស៊ុន ចាន់ថេង ផ្ទេរប្រាក់ចំនួន ៩.៣០០ ដុល្លារ ជាប្រាក់ដែលឈ្មោះ ស៊ុន ចាន់ថេងសងប្រាក់ មកខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង