Banner KNP Detail Top

ស្រាវជ្រាវរកបុរសម្នាក់ ដែលរារាំង ប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ច ពេល

ស្រាវជ្រាវរកបុរសម្នាក់ ដែលរារាំង ប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ច ពេលចុះអនុវត្តការងារនៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ


(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ រកមុខបុរសម្នាក់ដែលរារាំង ប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ចពេលចុះអនុវត្តការងារកាលពីយប់មិញ នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
លោកបានបញ្ជាក់ថា នៅយប់ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៣ ក្រុមអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចេញល្បាតក្នុងភូមិសាស្រ្តខណ្ឌដូចសព្វដង លុះមកដល់ផ្លូវលំភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ក៏ប្រទះឃើញក្រុមក្មេងមានគ្នាចំនួន៥នាក់ ជិះម៉ូតូពីរគ្រឿង។
បន្ទាប់ពីឃើញក្រុមល្បាត ក្រុមក្មេងទាំងនោះ បានជិះម៉ូតូបំបែកគ្នាគេចចេញពីសមត្ថកិច្ច ភ្លាមនោះសមត្ថកិច្ចបានធ្វើការបំបែកគ្នាប្រដេញ ដោយមួយក្រុមប្រដេញម៉ូតូឌ្រីមសង់ C125 រីឯមួយក្រុមទៀតបានធ្វើការប្រដេញម៉ូតូម៉ាក Scoopy រហូតដល់ចំណុច ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១។
ដោយស្ថានភាពផ្លូវតូចចង្អៀត ក្រុមប្រដេញបានឃើញបុរសម្នាក់កំពុងដើរទៅរយ៉ែឡាន ក្រុមប្រដេញក៏បានចុចស៊ីផ្លេ និងស្រែកសុំផ្លូវ នៅពេលនោះក្រុមម៉ូតូពុំបានបុកបុរសនោះទេ គ្រាន់តែជិះឆាបប៉ះជើងគាត់បន្តិចបន្តួចតែប៉ុណ្ណោះ ដោយពុំទាន់បានធ្វើការសុំទោសដោយជាប់រវល់ក្នុងការបំពេញតួនាទី ភារកិច្ច ដើម្បីតាមឃាត់ខ្លួនជនសង្ស័យ។
អ្នកនាំពាក្យរូបនេះ បានបន្តថា បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការសុំទោស ក៏ប៉ុន្តែក្រុមសាច់ញាតិមួយក្រុមខាងបុរសនោះ ដែលកំពុងតែមានភាពស្រវឹងខ្លាំង និយាយមិនស្តាប់គ្នា ថែមទាំងហក់មកវាយ និងធាក់មកលើសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ច ព្រមទាំងបានរារាំងមិនឲ្យសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យទេ (ដោយមានភ្ជាប់ជាមួយនូវវិដេអូភាពស្រវឹង កាយវិការប្រមាថ និងរារាំងសមត្ថកិច្ច)៕

អត្ថបទដែលជាប់ទាក់ទង