ចាប់ក្រុមចោរប្លន់ ៥នាក់ បញ្ជូនទៅតុលាការខេត្តកណ្ដាលកាត់ទោស
ចាប់ក្រុមចោរប្លន់ ៥នាក់ បញ្ជូនទៅតុលាការខេត្តកណ្ដាលកាត់ទោស
(កណ្ដាល)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងខេត្តសៀមរាប បានតាមប្រម៉ាញ់យ៉ាងសស្រាក់សស្រាំឈានទៅដល់ការបំបែក និងចាប់ខ្លួនក្រុមស្ទាក់កាប់ប្លន់យកម៉ូតូ ក្រោយបានធ្វើសកម្មភាពយ៉ាងសាហាវនៅស្រុកមុខកំពូល ខេត្តកណ្ដាល នាពេលកន្លងមក។ ជនសង្ស័យមានគ្នា៥នាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការខេត្តកណ្ដាល ដើម្បីកាត់ទោស។ ដោយឡែកបក្ខពួក២នាក់ទៀត បានគេចខ្លួន និងសមត្ថកិច្ចកំពុងតាមប្រម៉ាញ់។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលភ្នាក់ងារព័ត៌មាន ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២០៖៣០នាទី ជនសង្ស័យមានគ្នា៧នាក់ បានជិះម៉ូតូតាមជនរងគ្រោះពីខណ្ឌជ្រោយចង្វារ ដល់ស្រុកមុខកំពូលខេត្តកណ្ដាល រួចក៏កាប់ប្រហារប្លន់យកម៉ូតូជាច្រើនកាំបិត ត្រូវចំកំភួនដៃ ចំស្មា ខ្នង ពេលនោះជនរងគ្រោះក៏បានរត់ និងស្រែកឲ្យគេជួយ។
ចំណែកក្រុមជនសង្ស័យ ក៏បានយកម៉ូតូរបស់ជនរងគ្រោះ នាំគ្នាជិះសំដៅទៅទិសខាងត្បូង ចូលទឹកដីខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះបានរត់ទៅកន្លែងធ្វើការ នៅក្នុងស្តង់ដេប៉ូលក់អីវ៉ាន់ ប្រាប់មេការឲ្យទូរស័ព្ទប្តឹងសមត្ថកិច្ច។
នគរបាលបន្តថា ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវ។ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១២:០០នាទី កម្លាំងជំនាញនគរបាល យុត្តិធម៌ស្រុកមុខកំពូល ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ រួមនឹងវត្ថុតាង យកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពកាប់ជនរងគ្រោះយកម៉ូតូពិតប្រាកដមែន។
ជនសង្ស័យទាំង៥នាក់ មានឈ្មោះដូចខាងក្រោម៖
*ទី១៖ ឈ្មោះ ឆៃ អៀងឡេង ហៅឆ្លាំង អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ ហុក សំណាង ហៅបឺត អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
*ទី៣៖ ឈ្មោះ អឿន ម៉ុងហាក់ អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
*ទី៤៖ ឈ្មោះ សើ ឈុនឡេង អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
*ទី៥៖ ឈ្មោះ ដុំ សុខវិសាល អាយុ១៩ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៥នាក់ នឹងត្រូវបញ្ជូនទៅកាន់តុលាការខេត្តកណ្ដាល ដើម្បីអនុវត្តន៍តាមនីតិវិធី៕