Banner KNP Detail Top

ជនមិនស្គាល់មុខលួចដុតរថយន្តលោកនាយករងម្នាក់ នៃវិទ្យាល័យកំរៀង បណ្ដាលឲ្

ជនមិនស្គាល់មុខលួចដុតរថយន្តលោកនាយករងម្នាក់ នៃវិទ្យាល័យកំរៀង បណ្ដាលឲ្យឆេះខ្ទេច ឆេះខ្ទីអស់គ្មានសល់ សង្ស័យអាចផ្ដើមចេញពីរឿងគំនុំ

ខេត្តបាត់ដំបង ៖ កាលពី ថ្ងៃទី២៤ កុម្ភៈ ឆ្នំា២០២៣នេះ ស្រមោលមនុស្សម្នាក់ក្នុងសម្លៀកបំពាក់ដៃវែង ជើងវែង និង រុំមុខយ៉ាងជិតផង ដែលបង្ហាញរាងយ៉ាងច្បាស់នៅក្នុងកាមេរ៉ាសុវត្ថិភាព ជាមួយនឹងសកម្មភាពដៃកាន់គប់ភ្លើងឆេះសន្ធោរសន្ធៅ រុញចូលទៅដុតកំទេចរថយន្តលោកនាយករងម្នាក់ នៃវិទ្យាល័យកំរៀង បណ្ដាលឲ្យឆេះខ្ទេច ឆេះខ្ទីអស់គ្មានសល់ ដែលស្ថិតនៅក្នុងភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ហើយត្រូវគេសង្ស័យអាចផ្ដើមចេញពីរឿងគំនុំ ។
រថយន្តដែលជនមិនស្គាល់អត្តសញ្ញាណលួចដុតនោះ ម៉ាកកាមេរី (បាឡែន) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបាត់ដំបង 2B-9224 ជាកម្មសិទ្ធិរបស់លោក ឆោម ឆវ័ន្ត មានតួនាទីនាយករង«វិទ្យាល័យកំរៀង» ដែលស្ថិតនៅចំណុចភូមិ ឃុំកើតហេតុខាងលើ ។ រថយន្តនេះ បានចតនៅខាងមុខផ្ទះ ដែលបិទបាំងដោយទ្វារដែកមានប្រឡោះៗពីខាមុខផង តែត្រូវជនល្មើសយកគប់ភ្លើងរុញតាមប្រឡោះទ្វារនោះ ចូលទៅក្រោមរថយន្តបណ្ដាលឲ្យឆេះរថយន្តអស់គ្មានសល់ ។ នេះបើយោងលើតាមការបង្ហាញដោយកាមេរ៉ាសុវត្ថិភាព ដែលគេបានបំពាក់នៅផ្ទះក្បែរនោះ។
ក្រោយពិនិត្យឃើញសកម្មភាពជនដៃដល់នៅក្នុងកាមេរ៉ាសុវត្តិភាព និងយោងលើការផ្ដល់ចម្លើយខ្លះៗពីម្ចាស់រថយន្ត គេបានដាក់ការសង្ស័យជាបឋមថា ករណីលួចដុតកំទេចរថយន្ត លោកនាយករងនៃវិទ្យាល័យកំរៀងខាងលើនេះ អាចផ្ដើមចេញពីរឿងគំនុំ ហើយគេសង្ស័យជនប្រព្រឹត្តអាចជាកូនសិស្សក្នុងវិទ្យាល័យនេះទៀតផង។ បើតាមការស្រង់សំដីពីប្រភពនានា លោក ឆោម ឆវ័ន្ត បាននិយាយថា គាត់និងក្រុមគ្រួសារមិនបានដឹងតម្រុយអ្វីបន្តិចពីដំបូងទេ ព្រោះដេកលក់ទាំងអស់គ្នា តែបានដឹងនិងភ្ញាក់ផ្អើលនៅពេលឮសម្លេងផ្ទុះ លុះចេញមកមើល ស្រាប់តែឃើញអគ្គីភ័យឆាបឆេះរថយន្តគាត់ខ្ទេចអស់ទៅហើយ។
លោកនាយករងរូបនេះ ត្រូវបានឲ្យដឹងថា ពេលនោះគាត់បានព្យាយាមជះទឹកពន្លត់ ព្រោះខ្លាចឆេះរាលដាលចូលក្នុងផ្ទះ តែសំណាងល្អឆេះត្រឹមតែរថយន្ត។ ប៉ុន្តែជនដៃដល់ហាក់មានចេតនា ដុតសម្លាប់គាត់ទាំងគ្រួសារតែម្ដង ក្រៅពីដុតបំផ្លាញរថយន្ត។ ពីព្រោះសោរទ្វារដែកពីខាងក្រៅ (ទ្វារខាងមុខផ្ទះ) ត្រូវជនដៃដល់នោះចាក់សោជាប់មិនឲ្យគ្រួសារគាត់អាចរត់ចេញរួចឡើយ ។
ដោយឡែក បើនិយាយពីសកម្មភាពជនដៃដល់នៅក្នុងកាមេរ៉ាសុវត្ថិភាពវិញ ដំបូងគេពិនិត្យឃើញស្រមោលស្ទុងៗនៃមនុស្សម្នាក់ក្នុងសម្លៀកបំពាក់អាវដៃវែង ខោជើងវែង ពាក់មួយដែលមាន ហើយថែមទាំងរុំមុខជិតផង។ ជននោះបានកាន់គប់ភ្លើង ដែលគេសង្ស័យមានរុំក្រណាត់ជាមួយសាំងនៅខាងចុងផង។ នៅក្នុងសកម្មភាព គេឃើញជននោះ បានព្យាយាមប្រើដែកកេះដុតក្រណាត់ជ្រលក់សាំងនោះរហូតដល់ឆេះ រួចរុញចូលទៅខាងក្រោមរថយន្តតាមប្រឡោះទ្វារដែក ។
លោក ឆោម ឆវ័ន្ត នាយករងវិទ្យាល័យកំរៀង បានបំភ្លឺបានសមត្ថកិច្ចថា រូបលោកនិងក្រុមគ្រួសារពុំធ្លាប់មានទំនាស់ជាមួយនរណាទេ សូម្បីអ្នករួមការងារក្ដី តែលោកបានប្រាប់ថា កាលពីជាងកន្លះខែមុខធ្លាប់មានបញ្ហាបន្តិចបន្តួចជាមួយសិស្សក្នុងវិទ្យាល័យ ។ ត្រង់ចំណុចនេះ បើតាមលោកនាយករងរូបនេះបានពន្យល់ថា យុវសិស្សម្នាក់នោះធ្លាប់ត្រូវបានលោកហៅមកអប់រំពាក់ព័ន្ធនឹងយុវសិស្សកំហូចរូបនេះ លួចមួកសុវត្ថិភាព គេនៅកន្លែងផ្ញើម៉ូតូក្នុងវិទ្យាល័យ ហើយត្រូវម្ចាស់មួកប្ដឹងឲ្យលោកជួយអន្តរាគមន៍ ។
លោកនៅតែមានមន្ទិលថា រថយន្តរបស់លោកអាចត្រូវគេលួចដុត ដូចរថយន្តលោកនាយករងខាងលើនេះដែរ។ ព្រោះលោកមិនជឿថា រថយន្តលោកចតចោលសុខៗ ត្រូវឆ្លងចរន្តឆេះទាំងកណ្ដាលយប់ឡើយ។ ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងករណីជនលួចដុតរថយន្តលោកនាយករងវិទ្យាល័យកំរៀងនេះ បើតាមលោក លឹម ពុទ្ធីឡា ស្នងការរង ទទូលផែនព្រហ្មទណ្ឌ បានផ្ដល់ព័ត៌មានចុងក្រោយថា «នៅក្នុងសំណុំរឿងជនមិនស្គាល់អត្តសញ្ញាណលួចដុតរថយន្តលោកនាយករងវិទ្យាល័យកំរៀងនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ហើយ។ ជនទាំង០២នាក់នេះ គឺជាយុវសិស្សហើយមន្ត្រីជំនាញកំពុងសួរនាំនៅឡើយ»។ លោកបានបញ្ជាក់ថា មានសាក្សីមួយចំនួនបានចង្អុលបង្ហាញពាក់ព័ន្ធនៅក្នុងរឿងនេះ ដែលមន្ត្រីជំនាញបាននិងកំពុងចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង