លោក ឃួង ស្រេង អំពាវនាវឲ្យចូលរួមបរិច្ចាគ ជាថវិកាគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗ ជួយដល់
លោក ឃួង ស្រេង អំពាវនាវឲ្យចូលរួមបរិច្ចាគ ជាថវិកាគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗ ជួយដល់សមាគមតន្រ្តីសំនៀងជនពិការ
(ភ្នំពេញ)៖ ការអំពាវនាវបែបនេះ របស់លោកអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ខណៈលោក និងលោកស្រី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការ «អគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក និងសមាគមតន្រ្តីសំនៀងជនពិការរស់នៅ» ស្ថិតនៅអគារ ២៩៨D ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃ សប្បុរសជន និងជនរួមជាតិទាំងអស់ សូមចូលរួមបរិច្ចាគ ជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈផ្សេងៗ ជួយដល់សមាគមតន្រ្តីសំនៀងជនពិការ ដើម្បីឲ្យពួកគាត់អាចរស់នៅបានដោយភាពកក់ក្តៅ ជាមួយយើងទាំងអស់គ្នា។
លោក ឃួង ស្រេង បានថ្លែងថា ជនពិការ ធ្លាប់បានចូលរួមចំណែកជាថវិកា ជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ។បន្ថែមពីនេះទៀត សូម្បីតែអ្នកសុំទាន ក៏ធ្លាប់បានបរិចាកជាថវិកាជួយរាជរដ្ឋាភិបាលផងដែរ ខណៈដែលកម្ពុជាបានប្រឈមមុខដាក់គ្នាជាមួយប្រទេសថៃនៅប្រាសាទព្រះវិហារកន្លងមក។ ការចូលរួមចំណែកគ្រប់មជ្ឈដ្ឋាមនេះ ពិតជាបានបង្ហាញឲ្យឃើញពីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងការជឿជាក់មកលើសម្ដេចតេជោនាយករដ្ឋមន្ត្រី។
លោក ឃួង ស្រេង បន្តទៀតថា ការអញ្ជើញប្រជាពលរដ្ឋ អោយមកចូលរួមក្នុងពិធីខាងលើនេះ គឺក្នុងគោលបំណងអោយបងប្អូនប្រជាពលរដ្ឋ បានដឹងថា នៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅយើងនេះ មានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក និងសមាគមតន្រ្តីសំនៀងជនពិការរស់នៅ ។ដូច្នេះបងប្អូន អាចជួយចែលរំលែកការលំបាកជាមួយពួកគាត់បាន តាមរយៈផ្តល់ជាអង្ករ១គីឡូក្រាម ២គីឡូក្រាម ឬក៏ថវិកាក្តី។
លោក ឃួង ស្រេង បន្តថា នៅពេលមានបុណ្យជាតិធំៗ សូមប្រជាពលរដ្ឋ ព្រះសង្ឃ សប្បុរសជននិងជនរួមជាតិទាំងអស់ នឹកឃើញនិងចែករំលែកដល់សមាគមតន្រ្តីសំនៀងជនពិការផង។ នេះជាការចែករំលែក ជាប្រពៃណីល្អរបស់ដូន តារបស់យើងដែលបានធ្វើជាប់ជាប្រចាំមក។
គួរបញ្ជាក់ថា សមាគមតន្ត្រីសំនៀងជនពិការបង្កើតឡើងក្នុងឆ្នាំ២០១៣ ដឹកនាំដោយលោក ចាប តូ ជាជនពិការភាពភ្នែក ។ បច្ចុប្បន្ន មានសមាជិក ក្នុងសមាគមទាំងអស់ចំនួន ៦៥៤នាក់ មានស្ត្រី ២៨៤នាក់ ដោយមានការជួយ ក្រោមការជ្រោមជ្រែងដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាត ក្រហមកម្ពុជា, លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីព្រមទាំងសប្បុរសជនមួយចំនួនធំទៀត។
អគារមជ្ឈមណ្ឌលនេះ បានចាប់ផ្តើមសាង សង់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ និងបញ្ជប់នៅថ្ងៃទី២០ កុម្ភៈ ២០២០ មានកម្ពស់២ ជាន់រៀងជាអក្ស L មានបន្ទប់សរុបចំនួន ២០បន្ទប់។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីបាននាំយកអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភដល់សមាគមតន្ត្រីសំនៀងជនពិការនេះផងដែរ ដែលមានទឹកប្រាក់ប្រមាណជិត ២០លានរៀល ជាមួយនិងគ្រឿងឧបភោគ បរិភោគមួយចំនួនធំ ព្រមទាំងផ្តល់អាហារ១ពេល ដ៏ឆ្ងាញ់ពិសារជូនពួកគាត់ផងដែរ៕