Banner KNP Detail Top

ប្រជាពលរដ្ឋប្រមូលផ្ដុំគ្នា ជួយពន្លឿនក្នុងការធ្វើផ្លូវចេញចូលលំនៅដ្ឋានរបស់ពួកគាត់ ក្រោយពី

ប្រជាពលរដ្ឋប្រមូលផ្ដុំគ្នា ជួយពន្លឿនក្នុងការធ្វើផ្លូវចេញចូលលំនៅដ្ឋានរបស់ពួកគាត់ ក្រោយពីក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចាក់ដីលុបធ្វើស្ពានពីលើ

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រជាពលរដ្ឋប្រមាណ១០០នាក់ តំណាងឲ្យជិត១ពាន់គ្រួសារ ដែលរស់នៅក្នុងបុរីមួយ ស្ថិតនៅក្នុងភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នាជាលើកទី២ ។ ដោយពួកគាត់បានសំណូមពរឲ្យអាជ្ញាធរខណ្ឌកំបូល ក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញ និងក្រសួងសាធារណៈការនិងដឹកជញ្ជូន ជួយពន្លឿនក្នុងការធ្វើផ្លូវចេញចូលលំនៅដ្ឋានរបស់ពួកគាត់ ដែលត្រូវបាត់បង់ ក្រោយពីក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុចាក់ដីលុបធ្វើស្ពានពីលើ។
ប្រជាពលរដ្ឋបាននិយាយថា កាលពីមុនពេលកកើតផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវចូលទៅកាន់បុរីដែលគាត់រស់នៅមានទំហំ១៥ម៉ែត្រ ប៉ុន្តែក្រោយមកក្រុមហ៊ុនផ្លូវល្បឿនលឿននេះបានចាក់ដីលុបស្ថាបនាស្ពានឆ្លងកាត់ពីលើផ្លូវល្បឿនលឿន និងតម្រូវឲ្យគាត់ចេញចូលផ្ទះក្នុងបុរីតាមផ្លូវវាងថ្មីវិញ ។ ប៉ុន្តែដោយសារតែផ្លូវវាងថ្មីនេះ គឺជាផ្លូវដីតូចចង្អៀតពិបាកធ្វើដំណើរ ហើយបើនៅខែវស្សាវិញរអិលដួលទាំងចាស់ទាំងក្មេងជាបន្តបន្ទាប់ ព្រោះគេចាក់ដីថ្មីមិនមែនបេតុងដូចមុន ។ មិនតែប៉ុណ្ណោះតែងតែវាក់ជាមួយនឹងរថយន្ត ឬម៉ូតូដែលបើកចុះពីស្ពាន ជាហេតុធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពកូនចៅតូចៗ ពេលជិះកង់និងម៉ូតូទៅរៀនរាល់ថ្ងៃ។
ខណៈដែលប្រជាពលរដ្ឋជួបជុំគ្នាធ្វើការតវ៉ាបែបនេះ អាជ្ញាធរខណ្ឌកំបូលដឹកនាំដោយលោកអភិបាលរងខណ្ឌ លោក ទ្រី ណារ៉េត បានចុះទៅធ្វើការសម្របសម្រួល ទើបប្រជាពលរដ្ឋរំសាយចូលផ្ទះរៀងៗខ្លួន ។ លោកអភិបាលរងខណ្ឌរូបនោះក៏បានប្រាប់ប្រជាពលរដ្ឋផងដែរថា លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានធ្វើលិខិតដាក់ជូនទៅកាន់ស្ថាប័នពាក់ព័ន្ធរួលរាល់ហើយ និងក៏កំពុងរង់ចាំការឆ្លើយតបពីថ្នាក់លើ។
លោកអភិបាលរងខណ្ឌដដែលបានប្រាប់បន្តទៀតថា នៅក្នុងគម្រោងអាជ្ញាធរនឹងរៀបចំធ្វើឲ្យមានបង្កាន់ដៃស្ពានបន្ថែម ដើម្បីអោយកាន់តែមានសុវត្ថិភាព ដល់បងបង្អូន ប្រជាពលរដ្ឋ និងមាន ដាក់អំពូលភ្លើង ហើយក៏មានគម្រោងក្នុងការធ្វើរង្វង់មូលផងដែរ ប៉ុន្តែដោយយោងតាមស្ថានភាពផ្លូវតូចពេក ប្រហែលជាមិនអាចធ្វើរង្វង់មូលបានទេ។
ដោយឡែក លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានប្រាប់ថា លោកបានធ្វើលិខិតស្នើរសុំអន្តរាគមន៍ហើយ ហើយគេកំពុងទំនាក់ទំនងជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿនឲ្យគេធ្វើការងាររឿងនិងដូច្នេះសុំឲ្យប្រជាពលរដ្ឋទ្រាំបន្តិចសិនទៅ ៕

អត្ថបទដែលជាប់ទាក់ទង