លោក ខៀវ កាញារីទ្ធ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការបក្ស នៅឃុំមហាខ្ញូង ស្រុកកោះសូទិន
លោក ខៀវ កាញារីទ្ធ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការបក្ស នៅឃុំមហាខ្ញូង ស្រុកកោះសូទិន
(កំពង់ចាម)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ អគារស្នាក់ការបំពេញការងារថ្មី ស្ថិតក្នុងភូមិខ្ញូងលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបានធ្វើពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ ក្រោមវត្តមានអញ្ជើញជាអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកស្រី ខៀវ ទេព រង្ស៊ី កាញារីទ្ធ។
ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីលោក ងួន ស៊ីមអាន សមាជិករដ្ឋសភា មណ្ឌលកំពង់ចាម លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សាក្រសួងព័ត៌មាន។
លោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំមហាខ្ញូង ស្រុកកោះសូទិន មានប្រសាសន៍ជម្រាបជូនថា អគារបំពេញការងារថ្មីរបស់ឃុំមហាខ្ញូង ដែលនឹងកើតចេញជារូបរាងនាពេលខាងមុខនេះ ជាអំណោយរបស់រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកស្រី រួមជាមួយ និងការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គនាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន។ សមិទ្ធិផលនេះ នឹងទុកជាកន្លែងបំពេញកិច្ចការងារ ពិសេសធ្វើអោយមន្ត្រីឃុំ កាន់តែសកម្មក្នុងការងារបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរបន្ថែមទៀត។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ សំដែងការវាយតម្លៃខ្ពស់ចំពោះ អស់លោក លោកស្រី ជាមន្ត្រី និងថ្នាក់ដឹកនាំទូទាំងឃុំមហាខ្ញូង ដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អប្រសើរ និងបានជំរុញលើកទឹកចិត្តឱ្យបន្តប្រឹងប្រែងបំពេញការងារជូនប្រជាជន ឱ្យបានល្អ និងរួមគ្នាអភិវឌ្ឍន៍ មូលដ្ឋានភូមិ ឃុំ កាន់តែរីកចម្រើន ហើយអ្វីដែលសំខាន់ គឺភូមិ ឃុំ មានសុវត្ថិភាព។
លោក ខៀវ កាញារីទ្ធ បានរំលឹកដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចងចាំអានុសាសន៍សម្ដេចតេជោ នាយករដ្ឋមន្ត្រី អំពីគោលការណ៍ (អាត់ ៣+១) គឺមេឃុំ ស្មៀន មេប៉ុស្ដ៍នគរបាល បូកនឹងប្រធានមណ្ឌលសុខភាព ដែលជាអ្នកមានតូនាទីសំខាន់ ដើម្បីទទួលបានការគាំទ្រ គោរពស្រលាញ់ និងផ្តល់ការជឿទុកចិត្តពីប្រជាពលរដ្ឋ។ ក្រៅពីនេះ សូមរក្សាសាមគ្គីផ្ទៃក្នុង ហើយដើម្បីឱ្យមានសាមគ្គីភាព គឺត្រូវមានតម្លាភាព និងយុត្តិធម៌ក្នុងអង្គភាព។
លោក ខៀវ កាញារីទ្ធ និងលោកស្រី បានផ្តល់នូវថវិកា ១លានរៀលដល់ស្រុកកោះសូទិន ឃុំមហាខ្ញូង ៥០មុឺន នគរបាល អាវុធហត្ថ និងយោធាស្រុកសរុប៦០ម៉ឺនរៀល ប្រជាពលរដ្ឋចូលរួមម្នាក់ៗ ១ម៉ឺនរៀល។
គួរបញ្ជាក់ដែរថា អគារថ្មីដែលត្រូវធ្វើការសាងសង់ នាឱកាសនេះ គ្រោងចំណាយថវិកាប្រមាណជាង ៥ម៉ឺនដុល្លារ ដែលរួមមាន អគារប្រជុំទំហំ៧ម៉ែត្រ គុណ១៦ម៉ែត្រ សង់ពីបេតុងអាមេ មានកម្ពស់មួយជាន់ប្រក់ដំបូលក្បឿងជ័រ។ ក្នុងនោះក៏មានបន្ទប់ទឹក២ ទំហំ៧ម៉ែត្រ គុណ៤ម៉ែត្រ មានកម្ពស់ផ្ទាល់ដី ប្រក់ដំបូលក្បឿងជីរ ធ្វើពីបេតុងអាមេ។ មានរបងព័ទ្ធជុំវិញ និងជញ្ជាំងទប់ដីកម្ពស់២ម៉ែត្រ ដោយមានធ្នឹមទប់ គម្លាត៣ពាន់ម៉ែត្រ ប្រវែង២៤ម៉ែត្រ នឹងបន្ថែម៦ម៉ែត្រទៀត។ តាមផែនការសំណង់អគារថ្មីនេះ គ្រោងហើយរួចរាល់នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ អាជ្ញាធរដែនដី មន្ត្រី ថ្នាក់នាំទូទាំងឃុំមហាខ្ញូង បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកស្រី ក៏ដូចជាលោក លី វ៉ាន់ហុង ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សាក្រសួងព័ត៌មាន ដែលបានចូលរួមថវិកាផ្ទាល់ខ្លួន ក្នុងការសាង់សង់អគារថ្មីមួយ សម្រាប់ទុកជាកន្លែងឲ្យមន្រ្តីបំពេញការងារបម្រើប្រជាពលរដ្ឋ បានកាន់តែល្អប្រសើរ ឆាប់រហ័ស និងប្រសិទ្ធិភាពខ្ពស់។
ដោយឡែកនៅរសៀលថ្ងៃដដែលនោះ រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកស្រីសាស្រ្តចារ្យឱសថបណ្ឌិត ខៀវ ទេពរង្ស៊ីកាញារីទ្ធ ប្រធានកិត្តិយសនៃសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារចុះមូលដ្ឋានស្រុកកោះសូទិន បានអញ្ជើញជួបសំណេះសំណាល និងចែកជូននូវអំណោយដល់កុមារកំព្រា អាយុក្រោម១៣ ឆ្នាំចុះ នៅក្នុងឃុំព្រែកតានង់ ខេត្តកំពង់ចាម។
តាមរបាយការណ៍លើកឡើងរបស់ ជា ឡៃហេង មេឃុំ ព្រែកតានង់ បានលើកឡើងពីសភាពការណ៍រួមទូទាំងឃុំ មានលក្ខណៈល្អប្រដើរ។ ឃុំព្រែកតានង់ មានប្រជាពលរដ្ឋចំនួន៣,០២៩គ្រួសារ ស្មើចំនួនមនុស្ស ១០,៧០៦ នាក់ ស្រី ៥,៥២៧នាក់៕