Banner KNP Detail Top

ប្រទះឃើញសាកសពទារកម្នាក់ ដែលច្រកថង់រុំជាមួយសារុងដែលប្រលាក់សុទ្ធតែឈាម ត្រូវបានទម្លាក់ចោលក្នុងគំនរសំរាម ក្បែររបងសាលាកសិកម្មចំការដូង

ភ្នំពេញ៖ នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ប្រទះឃើញសាកសពទារកម្នាក់ដែលច្រកថង់រុំជាមួយសារុងដែលប្រលាក់សុទ្ធតែឈាមត្រូវបានទម្លាក់ចោលក្នុងគំនរសំរាមក្បែររបងសាលាកសិកម្មចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចៅសង្កាត់ដង្កោ លោកស្រី សឿង សេរី បានប្រាប់ឱ្យដឹងថា សាកសពទារកនេះ គឺជាទារកដែលទើបតែកើត ហើយស្លាប់ ហើយត្រូវបានឪពុកម្តាយយកមកទម្លាក់ចោលនៅក្នុងគំនរសំរាមដែលអ្នកអនាម័យបានប្រទះឃើញ។


បើតាមលោកស្រីចៅសង្កាត់ដង្កោ សាកសពទារកនោះត្រូវបានអាជ្ញាធរចាត់ចែងបញ្ជូនទៅវត្តដើម្បីធ្វើបុណ្យ។ តែយ៉ាងណាគេមិនទាន់ដឹងថា ទារកនោះស្លាប់ដោយសារអ្វីនៅឡើយទេ ខណៈអាជ្ញាធរកំពុងតែស្រាវជ្រាវស្វែងរកឪពុកម្តាយ និងសាច់ញាតិរបស់ទារកនោះ។


ជុំវិញករណីនេះ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយពលរដ្ឋខ្លះបានបង្ហោញក្តីអាណិតអាសូរចំពោះទារកនោះ និងបានបញ្ចេញមតិចំពោះទង្វើដែលគ្មានទំនួលខុសត្រូវមួយនេះ។ ពលរដ្ឋថា បើជ្រុលជាបង្កើតគ្នា ហើយស្លាប់ ម្តេចមិនព្រមយកគ្នាទៅកប់ឱ្យត្រឹមត្រូវ បែរជាយកគ្នាមកទម្លាក់ចោលដោយគ្មានស្រណោះសូម្បីតែបន្តិច។
ករណីបែបនេះ បានកើតមានជាហូរហែ ទាំងទារកនៅរស់ ទាំងសពទារក ត្រូវបានឪពុកម្ដាយ យកមកបោះបង់ចោល ទម្លាក់ចោល គ្មានក្តីអាណិតអាសូរ ក្នុងនាមជាអ្នកផ្ដល់កំណើតបន្តិចសោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង