Banner KNP Detail Top

ប្រកាន់ ប្រុសប្រកែក! ស្ត្រីម្នាក់បានស្រែកដង្ហើយហៅរកយុត្តិធម៌ អះអាងថា

ស្រីប្រកាន់ ប្រុសប្រកែក! ស្ត្រីម្នាក់បានស្រែកដង្ហើយហៅរកយុត្តិធម៌ អះអាងថា រូបគាត់ត្រូវបានបុរសជាជាងដែកម្នាក់ ចាប់រំលោភសេពសន្ថវៈ ចំនួន៣លើកជាបន្តបន្ទាប់ ហើយប៉ុនប៉ងសម្លាប់ចោល

ភ្នំពេញ ៖ កាលពីវេលារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ជនរងគ្រោះរួមនឹងប្ដីរបស់គាត់បានធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ហើយបានទៅដល់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ស្វែងរកជួបក្រុមអ្នកសារព័ត៌មាន ដើម្បីឲ្យជួយផ្សព្វផ្សាយនូវរឿងដែលជនសង្ស័យបំពានមកលើរូបគាត់ ខណៈពេលដែលសំណុំរឿងមួយនេះ កំពុងត្រូវបានលាក់បាំងជិតស្ងាត់ឈឹង ដើម្បីជូនដល់សម្ដេចទាំងទ្វេជ្រាប និងជួយរកយុត្តធម៌ជូនគាត់។
ស្ត្រីម្នាក់ បានស្រែកដង្ហើយហៅរកយុត្តិធម៌ ដោយគាត់បានអះអាងថា រូបគាត់ត្រូវបានបុរសជាជាងដែកម្នាក់ចាប់រំលោ.ភសេពសន្ថវៈចំនួន៣លើកជាបន្តបន្ទាប់ ហើយប៉ុនប៉ងសម្លា.ប់ចោលទៀត។ បច្ចុប្បន្ន សំណុំរឿងនេះកំពុងស្ថិតនៅក្នុងកណ្ដាប់ដៃសាលាដំបូងខេត្តត្បូងឃ្មុំ ហើយជាច្រើនខែកន្លងមកហើយ តុលាការបានផ្អឹបសំណុំរឿងនេះចោល ពុំចាត់ការជូនគាត់ឡើយ។ ទើបគាត់អស់សង្ឃឹម ហើយបានទទូចសុំក្ដីសណ្ដោសប្រណីពីក្រសួងកិច្ចការនារី ជាពិសេសបំផុតនោះ សុំក្ដីមេត្តាពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយរកយុត្តធម៌ជូនរូបគាត់ផង។
ស្ត្រីនេះ បាននិយាយថា ពេលនេះគាត់បានសម្លឹងឃើញយុត្តិធម៌សម្រាប់រូបគាត់ កំពុងតែស្ថិតនៅឆ្ងាយសែនឆ្ងាយបំផុត បើគ្មានសម្ដេចទាំងទ្វេ ព្រមទាំងក្រសួងកិច្ចការនារីជួយទេនោះ ពន្លឺយុត្តិធម៌សម្រាប់រូបគាត់ ប្រាកដជាគ្មានជារៀងរហូត។ គាត់បន្តថា តុលាការជឿតែទៅលើការបកស្រាយរបស់ជនល្មើស តែបោះចោលនូវអ្វីដែលជាពិតដែលបានកើតឡើងទាំងអាម៉ាស់មកលើរូបគាត់។ ដោយឡែកលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចតម្កល់សំណុំរឿងនេះឥតចាត់ការឡើយ ហើយជនសង្ស័យបានស្ថិតនៅក្រៅសំណាញ់ច្បាប់តាំងពីដើមរហូតមកដល់ពេលនេះ។
ស្ត្រីរងគ្រោះនេះ ដែលមានអាយុ៣៨ឆ្នាំ រស់នៅក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ គាត់គឺជាស្ត្រីមានប្ដី និងកូនរួចទៅហើយ។ ចំណែកជនសង្ស័យដែលជាប់ចោទថា បានចាប់រំលោភសេពសន្ថវៈជនរងគ្រោះនោះ មានឈ្មោះ ជ.វ.ស អាយុ៣៨ឆ្នាំ មុខរបរជាងដែក មានទីលំនៅក្នុងភូមិជាមួយគ្នា។
កាលពីមុនពេលមានរឿង គាត់បាននៅផ្ទះជាមួយកូនៗ និងម្ដាយក្មេក ចំណែកប្ដីវិញបានទៅធ្វើការរកស៊ីនៅឯប្រទេសកូរ៉េ ពុំសូវបានមកលេងផ្ទះនោះទេ ទើបតែនៅក្រោយពេលបែកធ្លាយរឿង ទើបប្ដីគាត់ចាកចេញពីប្រទេសកូរ៉េមកផ្ទះវិញ។ មិនតែប៉ុណ្ណោះ គាត់និងប្ដីអត់ហ៊ាននៅផ្ទះទេ ព្រោះខ្លាចជនសង្ស័យសម្លា.ប់ចោល និងខ្មាសអ្នកស្រុកភូមិផង ក៏បាននាំគ្នាភៀសខ្លួនទៅរស់នៅបណ្ដោះអាសន្ននៅឯខេត្តកំពង់ធំសិន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះសង្ឃឹមលើច្បាប់ គ្មានពន្លឺយុត្តិធម៌បែបនេះ។
ស្ត្រីរងគ្រោះរូបនេះបាននិយាយទាំងការឈឺចាប់ថា ជនសង្ស័យបានចាប់រំលោភគាត់ចំនួន៣លើក គឺនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខណៈពេលដែលគាត់កំពុងជិះម៉ូតូចេញពីចម្ការកៅស៊ូនៅក្នុងភូមិអណ្ដូងខួច ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ត្រឡប់ទៅផ្ទះវិញ លុះមកដល់ត្រង់ចំណុចព្រៃម៉ៃសាក់ ក៏ស្រាប់តែឈ្មោះជ.វ.ស ជិះម៉ូតូ១គ្រឿងស្ទាក់ឲ្យឈប់ រួចចាប់រំលោភរហូតបានសម្រេច ហើយចាប់ច្របាច់.ក ប៉ុនប៉ងសម្លាប់គាត់បំបិទមាត់ចោល។ ប៉ុន្តែពេលនោះគាត់បានអង្វរថា សូមកុំសម្លាប់ខ្ញុំអី ខ្ញុំអត់ប្ដឹងទេ ទើបជនដៃដល់ព្រមដោះលែងគាត់ឲ្យត្រឡប់ទៅផ្ទះវិញ។
ក្រោយមកនាងមិនហ៊ានប្រាប់នរណាឲ្យដឹងទេ ហើយក៏មិនហ៊ានប្ដឹងដែរ ព្រោះមិនចង់ឲ្យបែករឿងដឹងដល់ប្ដីគ្មានសុភមង្គលក្នុងគ្រួសារ ហើយត្រូវប្ដីលែងលះ និងខ្លាចខ្មាសអ្នកជិតខាង ជាពិសេសខ្លាចជននោះសម្លា.ប់ចោលផងដែរ។ លុះរំលងបាន២ថ្ងៃក្រោយមក នៅវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ខណៈពេលដែលម្ដាយក្មេកចេញទៅវត្តបាត់ ហើយកូនៗរបស់គាត់ទៅរៀនអស់។ គាត់កំពុងនៅផ្ទះម្នាក់ឯង ស្រាប់តែជននោះបានចូលទៅចាប់រំលោ.ភគាត់ដល់ក្នុងផ្ទះបានសម្រេចជាលើកទី២ ម្ដងទៀត។
ស្ត្រីរងគ្រោះបាននិយាយទៀតថា រហូតដល់វេលាម៉ោង១១យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ខណៈពេលដែលគាត់កំពុងតែដេកនៅក្នុងបន្ទប់ក្រោមផ្ទះជាមួយកូនៗ ហើយបានបិទទ្វារត្រឹមត្រូវ ប៉ុន្តែក្រោយមកពុំដឹងថា កូនគាត់បើកទ្វារក្រោយហើយបិទវិញតែភ្លេចដាក់គន្លឹះ ឬបែបណាទេ ស្រាប់តែជនសង្ស័យរូបនោះបានផ្លោះចូលទៅចាប់រំលោភគាត់ទាំងកំពុងដេកលក់ ប៉ុន្តែគាត់បានភ្ញាក់ដឹងខ្លួនទាន់ រួចរើបំរះ និងស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កូនៗនិងបងថ្លៃរបស់គាត់ ទើបជនសង្ស័យនេះរត់ចេញឡើងទៅលើផ្ទះគាត់ រួចលោតចុះពីលើផ្ទះរត់គេចខ្លួនបាត់ស្រមោល ហើយបងថ្លៃគាត់បានថតរូបវីដេអូក្នុងពេលដែលជននេះកំពុងលោតចុះពីលើផ្ទះរត់គេចខ្លួនបានថែមទៀតផង។

បើតាមជនរងគ្រោះដដែលបានបញ្ជាក់ថា ក្រោយពេលកើតហេតុ គាត់បានដាក់ពាក្យបណ្ដឹងទៅកាន់នគរបាលឲ្យជួយចាប់ខ្លួនជនសង្ស័យរូបនោះមកផ្ដន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន៣០,០០០ដុល្លារ (បីម៉ឺនដុល្លារ)។ ប៉ុន្តែចាប់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលរកាពប្រាំ រហូតដល់នគរបាលអធិការដ្ឋានស្រុកត្បូងឃ្មុំ និងនគរបាលស្នងការដ្ឋានខេត្តត្បូងឃ្មុំ ពុំមានចំណាត់ការឃាត់ខ្លួនជននោះសោះ។ ក្រោយមកនគរបាលបានបញ្ជូនតែសំណុំរឿងទៅសាលាដំបូងខេត្តត្បូងឃ្មុំ បន្ទាប់មកលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានកោះហៅជនសង្ស័យទៅសាកសួរដែរ ប៉ុន្តែអត់បានឃាត់ខ្លួនជននោះទេ ហើយបន្ទាប់ពីជននេះឆ្លើយបំផ្លើសបំពានខុសការពិតសោះ បែរជាលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ជឿស្លុង រួចក៏បានតម្កល់សំណុំរឿងឥតចាត់ការតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង