សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន
នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយ លោក ម៉ៃឃើល មីឆាឡាក់ ( Michael Michalak) អនុប្រធានជាន់ខ្ពស់ ជានាយកគ្រប់គ្រងប្រចាំតំបន់ និងសមាជិករួមមានក្រុមហ៊ុន Conoco Phillips , ក្រុមហ៊ុន Ford, ក្រុមហ៊ុន RMA Group ,ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Visa, ក្រុមហ៊ុន Vriens & Partners។
លោក ម៉ៃឃើល មីឆាឡាក់ បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ការផ្ដល់ពេលវេលាដ៏មានតម្លៃទទួលពិភាក្សាជាមួយគណៈប្រតិភូ ហើយបានសំដែងការអបអរសាទរ ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន ដែលបានបង្កើនទំនាក់ទំនងទ្វេភាគីកម្ពុជាសហរដ្ឋអាមេរិក លើកគ្រប់វិស័យដូចជាទំនាក់ទំនង សហរដ្ឋអាមេរិក-អាស៊ាន ជារួម។
ជាមួយគ្នានោះ លោក ម៉ៃឃើល មីឆាឡាក់ ក៏បានគោរពជូនពរកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និង ការបោះឆ្នោតជាសកលនៅក្នុងខែកក្កដាខាងមុខ ។ លោក ម៉ៃឃើល មីឆាឡាក់ បានគោរពជម្រាបជូនសម្ដេចតេជោ ថា គោលបំណងរបស់គណៈប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីសម្ដែងនូវការគាំទ្រដល់ផែនការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ ដោយស្វែងរកមធ្យោបាយកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងវិស័យឧស្សាហកម្ម ដែលរងគ្រោះខ្លាំង លើកកម្ពស់វិស័យឯកជនរបស់សហរដ្ឋអាមេរិកសម្រាប់ជាប្រភពសំខាន់នៃការយល់ដឹង ការអនុវត្តល្អបំផុត និងបច្ចេកវិទ្យាដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំ និងអនុវត្តកំណែទម្រង់សេដ្ឋកិច្ច ក្នុងគោលបំណងពង្រឹងឧស្សាហកម្មដែលមានស្រាប់ ដោយបណ្ដុះបណ្ដាលតម្លៃបន្ថែមសេវាកម្ម និងឧស្សាហកម្មឲ្យកាន់តែខ្ពស់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពរួមទាំងការអភិវឌ្ឍធនធានមនុស្ស ការបណ្ដុះបណ្ដាលសហគ្រាសធុនតូច និងមធ្យម និងកម្មវិធីភាពជាអ្នកដឹកនាំយុវជន ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងថ្លែងអំណរគុណជូនដល់ធុរកិច្ចសហរដ្ឋអាមេរិកទាំងអស់ រួមទាំងក្រុមហ៊ុន ហ្វៃហ្ស៊័រ ក្រុមហ៊ុនហ្វត ក្រុមហ៊ុន Abbott ។ល។ ដែលសុទ្ធសឹងជាក្រុមហ៊ុនដែលតំណាងឲ្យគុណភាព ។
សម្ដេចតេជោ បានជម្រាបជូនប្រតិភូទាំងមូលថា គ្មានពេលណាដែលទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ល្អជាងពេលនេះទេ ។ អ្វីដែលជាសក្ខីភាពនោះ គឺទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការរីកចម្រើន ប្រជាជននៅសហរដ្ឋអាមេរិក ប្រើប្រាស់សម្ភារៈផលិតនៅកម្ពុជា ហើយប្រជាជនកម្ពុជា មានការងារធ្វើ នេះហើយ ជាអ្វីដែលយើងនឹងជំរុញបន្តទៅមុខទៀត ៕