Banner KNP Detail Top

បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបន្ទាយមានជ័យៈ កម្លាំងអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ។
សមត្ថកិច្ចបានប្រាប់ថានៅវេលាម៉ោង២១និង១០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងចាប់យកសម្ភារៈគ្រឿងញៀនមួយចំនួន នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
ជនសង្ស័យឈ្មោះ សួង ចាន់រ៉ុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
មុនឈានដល់ការបង្រ្កាបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតនៅពេលយប់ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញបុរសម្នាក់ឈប់ម៉ូតូនៅកន្លែងងងឹតគួរឱ្យសង្ស័យ កម្លាំងអាវុធហត្ថក៏បានហៅមកសួរនាំ និងធ្វើការឆែកឆេរលើខ្លួនរកឃើញគ្រឿងញៀនប្រភេទទឹកកកចំនួន០៣កូនថង់កិប ទម្ងន់១,០៥ក្រាម និងសម្ភារៈផ្សេងៗមួយចំនួនទៀត រួមនឹងម៉ូតូ១គ្រឿង។ ក្រោយឃាត់ខ្លួនកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង នាំខ្លួនជនសង្ស័យមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។ ជនសង្ស័យក្រោយពីសួរនាំរួចបានសារភាពថា រូបខ្លួនពិតជាបាន ជួញដូរ និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។ ដោយដោយផ្អែកតាមចម្លើយសារភាព និងមានវត្ថុតាង កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
បង្ក្រាបករណីគ្រឿងញៀននេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត៕

អត្ថបទដែលជាប់ទាក់ទង