បណ្ឌិត ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិក ឱ្
បណ្ឌិត ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិក ឱ្យបន្តវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿនស្ទើរគ្រប់វិស័យ
បណ្ឌិត ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិក ឱ្
(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យបន្តវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿនស្ទើរគ្រប់វិស័យ។
ការលើកទឹកចិត្តបែបនេះ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសលោកបានអនុញ្ញាតឱ្យគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដឹកនាំដោយលោក Michael Malacka ឯកអគ្គរដ្ឋទូត ជាអនុប្រធាន និងនាយកប្រតិបត្តិប្រចាំតំបន់ ចូលជួបពិភាក្សាការងារធុរកិច្ច និងវិនិយោគ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ នៅដើមសប្តាហ៍នេះ។
នាឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដែលបានដឹកនាំក្រុមការងារ ដែលជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមកទស្សនកិច្ចជារៀងរាល់ឆ្នាំនៅកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយធុរកិច្ច និងបង្កើនឱកាសវិនិយោគពីអាមេរិកមកកម្ពុជា។
ក្នុងឱកាសជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូត Michael Malacka ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់ឱកាសលើកដំបូងបំផុតដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចបានជួបសំដែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីលោកត្រូវបានគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុកចិត្ត ជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត។
លោកឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរកម្ពុជាដែលបានទទួលជោគជ័យយ៉ាងធំធេងជាប្រវត្តិសាស្ត្រ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ពន្ធ័ផ្សេងៗទៀតកាលពីឆ្នាំ២០២២ កន្លងទៅ ដែលនេះបាននាំកិច្ចទំនាក់ទំនងអាមេរិក-កម្ពុជាឱយ កាន់តែជិតស្និទ្ធទ្វេឡើងថែមទៀត។
ជាមួយគ្នានោះ លោក ម៉ៃឃើល មីឆាឡាក់ ក៏បានគោរពជូនពរកម្ពុជា ឱ្យទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និង ការបោះឆ្នោតជាសកលនៅក្នុងខែកក្កដាខាងមុខ។
ឯកអគ្គរដ្ឋទូតក៏បានរាយការណ៍ជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត ផង ដែរថា៖ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មានអាយុកាលជាង ៣៧ឆ្នាំហើយ និងមានសមាជិកដែលជាក្រុមហ៊ុនយក្សអាមេរិកជាង ១៨០ក្រុមហ៊ុន (Fortune 500 Companies) បានទទួលការសម្របសម្រួល និងជួយជ្រោមជ្រែងដល់ការធ្វើធុរកិច្ច និងវិនិយោគនៅអាស៊ាន ហើយនាពេលនេះ ក្រុមហ៊ុនជាងដប់ បានចូលរួមជាមួយគណៈប្រតិភូ ដើម្បីពង្រីកការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសជួយដល់ផែនការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា, បច្ចេកវិទ្យា និងនវានុវត្តន៍, លទ្ធភាពទទួលហិរញ្ញប្បទាន របស់ SME, ថាមពល និងហេដ្ឋារចនាសម្ព៍ន្ធ, ផលិតផលដែលមានតម្លៃបន្ថែមខ្ពស់, និងការបណ្តុះបណ្តាលធនធានមនុស្ស, យុវជននិង SME ។ល។
ក្រុមហ៊ុនទាំងអស់ក៏បានគោរពរាយការណ៍ជូន លោកបណ្ឌិត ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំ នូវបទពិសោធន៍ បច្ចុប្បន្នភាពការងារ និងសំណូមពរមួយចំនួន ដើម្បីឯកឧត្តមបណ្ឌិតបានជ្រាបពីស្ថានភាពជាក់ស្តែងរបស់ការធ្វើធុរកិច្ច និងវិនិយោគរបស់ក្រុមហ៊ុនទាំងអស់៕