ឧត្តមសេនយ៍ឯក ហ៊ុន ម៉ាណែត បន្តជំរុញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើ
ឧត្តមសេនយ៍ឯក ហ៊ុន ម៉ាណែត បន្តជំរុញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិជាមួយតួកគី
ឧត្តមសេនយ៍ឯក ហ៊ុន ម៉ាណែត បន្តជំរុញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើ
ភ្នំពេញ៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចំាព្រះរាជាណាចក្រកម្ពុជា លោកស្រី អ៊ូឃូល កូចាអេហ្វេ (Ulku Kocaefe) ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅទីបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីលោកជំទាវទទួលបានការតែងតាំងកាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។
នៅក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតលើកឡើងអំពីការគាំទ្រចំពោះទិសដៅរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់។
ទន្ទឹមនោះដែរ ឯកឧត្តម ឧត្តមេសនីយ៍ បានចូលរួមសោកស្តាយចំពោះហេតុការណ៍គ្រោះមហន្តរាយធម្មជាតិរញ្ជួយដី ដែលបានកើតឡើងនៅក្នុងប្រទេសតួកគី និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី សម្រាប់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងរយៈកាលកន្លងមក។
ឯកអគ្គរដ្ឋទូត លោកស្រី អ៊ូឃូល កូចាអេហ្វេ បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរតួកគី-កម្ពុជា រួមមានជាអាទិ៍៖ វិស័យការទូត ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងអប់រំ និងបានបង្ហាញនូវឆន្ទៈ ក្នុងការបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក ក្នុងកម្រិតកងទ័ពជើងគោក ឱ្យកាន់តែសកម្មបន្ថែមទៀត។ បន្ថែមពីនេះ លោកស្រីក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមរំលែកទុក្ខ និងឧបត្ថម្ភជាថវិកាដល់ប្រជាជនតួកគីក្នុងគ្រោះរញ្ជួយដីកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ៕