Banner KNP Detail Top

ដើម្បីអបអរសាទរក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបទី១១០ ជួបសំណេះសំណាលជាមួយអ្នកទោសជាស្ត្រីជាប់ឃុំចំនួន ៧៧នាក់

ដើម្បីអបអរសាទរក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបទី១១០ ជួបសំណេះសំណាលជាមួយអ្នកទោសជាស្ត្រីជាប់ឃុំចំនួន ៧៧នាក់


បន្ទាយមានជ័យៈ ដើម្បីអបអរសាទរក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបទី១១០ កាលពីល្ងាចថ្ងៃទី០៣ខែមិនា ឆ្នាំ ២០២៣ នៅសាលប្រជុំពន្ធនាគារខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរកិច្ចការនារីខេត្ត សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបានដឹកនាំ ជួបសំណេះសំណាលជាមួយអ្នកទោសជាស្ត្រីជាប់ឃុំចំនួន ៧៧នាក់ ។
លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន ប្រធាន ពន្ធនាគារ ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាជនជាប់ឃុំក្នុងពន្ធនាគារសរុបជាក់ស្តែងមានចំនួន១.៥១៣នាក់ /ស្រីមានចំនួន៧៨នាក់ ។ក្នុងនោះមាន អនិតិជន ចំនួន១៩៥នាក់ /ស្រី៥នាក់ ជនបរទេស មាន៥៩នាក់ /ស្រី១០នាក់ ដោយមានជនជាតិថៃមាន៤៨នាក់ /ស្រី៨នាក់ ជនជាតិវៀតណាមមាន៤នាក់/ស្រី២នាក់ ជនជាតិឥណ្ឌូនេស៊ីមាន ២នាក់ ជនជាតិចិនមាន៣នាក់ ជនជាតិឡាវមាន១នាក់ជនជាតិបង់ក្លាដែសមាន១នាក់ ហើយជនពិការមាន ២៥នាក់ ចាស់ជរាមាន១១នាក់ /ស្រី១នាក់។
លោក អ៊ុង ស៊ីផាន បានមានប្រសាសន៍បន្តទៀតថា ពន្ធនាគារខេត្តបន្ទាយមានជ័យ បានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជា មានការអប់រំកែប្រែស្ដារនីតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុងពន្ធនាគារ ក្នុងនោះមានការងារកសិកម្មការ អភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ផងដែរ។
លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា បានរៀបចំប្រារព្វ ទិវាអន្តរជាតិនារី ៨មីនានេះ ដើម្បីរំលឹកពីការតស៊ូការទាមទារ សិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជា វិជ្ជមាននានា ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូបផងដែរ។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់អោយក្រសួងសាម៉ី ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការនិងប្រជាពលរដ្ឋបាននាំគ្នាប្រារព្វទិវានេះឡើងដើម្បីជាម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍស្រ្តីកម្ពុជា ។
ស្ត្រីជាកម្លាំងចលករ ដែលបានរួមចំណែកអភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេសនិងដើម្បី រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពភាពក្រីក្រនិងភាពងាយរងគ្រោះ ។
លោកបន្តថា ដោយឡែក សម្រាប់ស្ត្រីនិងនារីជាប់ឃុំ ហើយត្រូវអនុវត្តការជាប់ទោសក៏ពិតមែន ប៉ុន្តែនៅតែទទួលបានការគោរពសិទ្ធិមនុស្ស ការគាំពារសុខភាព ជីវភាពនិងការស្នាក់នៅ ព្រមទាំងអប់រំពីសីលធម៌ច្បាប់និងទីស្នាក់នៅសមស្របតាមស្ថានភាពនៃពន្ធនាគារ ។
ក្នុងឱកាសនោះ ប្រតិភូក៏បានផ្តល់អំណោយម្នាក់១ឃីតដល់ស្ត្រី នារីជាប់ឃុំ ៕

អត្ថបទដែលជាប់ទាក់ទង