Banner KNP Detail Top

លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្ដល់ទស្សនៈ៤យ៉ាង ដើម្បីនាំបុគ្គលគ្រប់រូប និងប្រទេសជាតិឆ្ពោះទៅរកភាពជោគជ័យ

លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្ដល់ទស្សនៈ៤យ៉ាង ដើម្បីនាំបុគ្គលគ្រប់រូប និងប្រទេសជាតិឆ្ពោះទៅរកភាពជោគជ័យ

ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានថ្លែងបញ្ជាក់ថាៈ មានកត្តាសំខាន់ ៤ យ៉ាង សម្រាប់នាំបុគ្គលគ្រប់រូប និងប្រទេសជាតិទាំងមូល ឆ្ពោះទៅរកភាពជោគជ័យ។ កត្តាដែលនាំបុគ្គល ទទួលបានជោគជ័យ មានជាអាទិ៍៖ ទី១. សមត្ថភាព និងចំណេះដឹង ពិតប្រាកដ។ ទី២. មានប្រៀបក្នុងការប្រកួតប្រជែងក្នុងបរិបទទីផ្សារសេរី។ ទី៣. ចេះចាប់ឱកាស ហើយបន្តអភិវឌ្ឍខ្លួន និងទី៤. មានភាពឯករាជ្យម្ចាស់ ក្នុងការបំប្លែង គំនិតឱ្យទៅជាលទ្ធផលជាក់ស្តែង ដែលនេះស្របទៅនឹងទស្សនៈរបស់ សម្តេចតេជោ គឺ “ខ្មែរធ្វើបាន”។ ការបញ្ជាក់នេះ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា កត្តាដែលនាំឱ្យប្រទេសជាតិ ទទួល បានជោគជ័យ មានជាអាទិ៍៖ ទី១. យុគសម័យបច្ចេកវិទ្យាទំនើប ដែលអាចជួយឱ្យផ្លោះ រំលងដំណើរការមួយចំនួន បានប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ទី២. ខ្មែរគឺជាជាតិ សាសន៍ដែលធ្លាប់មានអារ្យធម៌រុងរឿង ប៉ុន្តែបានបាត់បង់ឱកាសគ្រប់យ៉ាង ដោយសារ សង្គ្រាមញាំញី។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន កត្តាសុខសន្តិភាព បានជួយឱ្យយើង មានលទ្ធភាពងើបទ្បើង និងបោះជំហានទៅមុខ ដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ ទី៣. ការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យដែលកំពុងមាន បានជួយឱ្យកាត់បន្ថយគម្លាត ជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក និងទី៤. ការរក្សាបាននូវឯករាជ្យ និងស្វ័យម្ចាស់ការលើគ្រប់វិស័យ។


លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន បុគ្គលគ្រប់រូប គប្បីហាត់ពត់លត់ដំខ្លួន ដោយធ្វើការពិនិត្យ និងសង្កេតលក្ខណៈធម្មជាតិ របស់រុក្ខជាតិស្មៅ មានជាអាទិ៍៖ ទី១. ធ្វើខ្លួនឱ្យសាមញ្ញ ហើយផ្ចិតផ្ចង់យកចិត្តទុកដាក់ លើគ្រប់ការងារចាប់តាំងពីតូចបំផុត រហូតដល់ធំបំផុតប្រកប ដោយការឱនបន្ទាបខ្លួន ស្របតាមសុភាសិតខ្មែរ «ងើយស្កក ឱនដាក់គ្រាប់»។ ទី២. ត្រូវមានភាពធន់ ពីព្រោះជីវិតតែងជួបនូវភាពបរាជ័យ ប៉ុន្តែភាពតស៊ូ អំណត់ និងក្លាហាន អាចជួយបង្កើន ឱកាសវិជ្ជមានជាច្រើនសម្រាប់យើង។ ទី៣. បន្តអភិវឌ្ឍខ្លួន ដោយមិនបៀបធៀបជាមួយ អ្នកដទៃ និងទី៤. ខិតខំប្រឹងប្រែងទ្រទ្រង់ជីវភាពដោយខ្លួនឯង និងពុំត្រូវទន្ទឹងរង់ចាំ ការទំនុកបម្រុងពីអ្នកដទៃឡើយ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរជាមួយនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សា ដោយភាពជោគជ័យ បន្ទាប់ពីចំណាយពេលវេលា និងកម្លាំងកាយចិត្តអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ភាពជោគជ័យនេះ មិនអាចកាត់ផ្តាច់បានឡើយ ពីការចូលរួមចំណែកពីតួអង្គពាក់ព័ន្ធជាច្រើន ជាអាទិ៍៖ (i) មាតាបិតា និងអាណាព្យាបាល ដែលតែងទំនុកបម្រុងជាប់ជាប្រចាំ ជាមួយនឹងក្តីសង្ឃឹមយ៉ាងណា ឱ្យកូនជាទីស្រឡាញ់ ទទួលបានការពអប់រំខ្ពស់ និងមានអនាគតរុងរឿង, (ii) សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការជួយអប់រំ ផ្តល់ចំណេះដឹង ប្រកបដោយគុណធម៌ សីលធម៌ ដើម្បីឱ្យនិសិ្សត ទទួលបាននូវពុទ្ធិ និងសមត្ថភាព, (iii) គណៈគ្រប់គ្រងសាលា ដែលតែងផ្តល់នូវការដឹកនាំគ្រប់គ្រង និងតម្រង់ទិសដល់និស្សិត ឱ្យឆ្ពោះមុខធានាបាន នូវធនធានមនុស្ស ប្រកបដោយសមត្ថ ភាព ស្របតាមតម្រូវការជូនដល់សង្គមជាតិ និង (iv) ក្រសួងអប់រំ ដែលយកចិត្តទុកដាក់ អនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព ធានាធ្វើយ៉ាងណា លើកកម្ពស់មូលធនមនុស្ស នៅកម្ពុជា ឱ្យមានកម្រិតទ្បើង ស្របនឹងដំណើរអភិវឌ្ឍ រីកចម្រើនរបស់សង្គមជាតិ និងស្តង់ដារអន្តរជាតិ។
ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមអរគុណ បណ្ឌិត កុល ផេង ដែលបានបង្កើតថ្នាលបណ្តុះបណ្តាល ចំណេះដឹង និងជំនាញដ៏សំខាន់នេះ ដោយបាន ដើរស្របគ្នាទៅនឹងការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល នៅក្នុងការកសាងធនធាន មនុស្ស ដែលមិនត្រឹមតែឆ្លើយតប ទៅនឹងតម្រូវការរបស់ទីផ្សារ និងវឌ្ឍនភាពផ្នែកសង្គម -សេដ្ឋកិច្ច ប៉ុណ្ណោះទេ គឺនិស្សិតដែលទទួលបានការបណ្តុះបណ្តាល នៅសាកលវិទ្យា ល័យបញ្ញាសាស្ត្រ ក៏បានក្លាយជាមូលធនមនុស្ស ប្រកបដោយអត្តចរិតថ្លៃថ្នូរ មានសីលធម៌ល្អ និងផ្នត់គំនិតស្រឡាញ់ ថែរក្សាអត្តសញ្ញាណជាតិ។ សូមអរគុណចំពោះ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដែលតែងផ្តល់អាហារូបករណ៍ ជូនសិស្ស-និស្សិត ក្រីក្រ ទាំងក្នុងក្របខ័ណ្ឌអាហារូបករណ៍ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និង ក្របខ័ណ្ឌក្រសួងអប់រំ យុវជន និង កីឡា ដែលអាហារូបករណ៍ទាំងនេះ ពិតជាបានជួយសម្រួលជាក់ស្តែងដល់និស្សិតដែលមាន ជីវភាពខ្វះខាត ឱ្យទទួលបានឱកាសសិក្សារៀនសូត្រ ដើម្បីកសាងអនាគត៕

អត្ថបទដែលជាប់ទាក់ទង