ប្រជាពលរដ្ឋចំនួន១១២នាក់ចាញ់បោកមេខ្យល់ថា នាំទៅធ្វើការនៅប្រទេសកូរ៉េ ហើយក្នុងម្នាក់ៗត្រូវ
ប្រជាពលរដ្ឋចំនួន១១២នាក់ចាញ់បោកមេខ្យល់ថា នាំទៅធ្វើការនៅប្រទេសកូរ៉េ ហើយក្នុងម្នាក់ៗត្រូវចំណាយលុយជិត១០០០ដុល្លារ ភ្ញាក់ផ្អើលផ្ទះសំណាក់ នាគទេព
ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋចំនួន១១២នាក់បានចាញ់បោកមេខ្យល់ ដោយនិយាយថា នាំទៅធ្វើការនៅប្រទេសកូរ៉េ ហើយក្នុងម្នាក់ៗត្រូវចំណាយលុយជិត១០០០ដុល្លារនោះ ពេលនេះត្រូវបានប្រជាពលរដ្ឋនាំគ្នាតវ៉ា និងឃាត់ខ្លួនមេខ្យល់បានម្នាក់យកទៅសួរនាំ នៅចំណុចផ្ទះសំណាក់ «នាគទេព» ដែលស្ថិតនៅភូមិត្រពាំងល្វា១ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនឆបោកនេះ សមត្ថកិច្ចឃាត់បានម្នាក់នេះ មានឈ្មោះ តាំ ចាន់ទិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងតឹង ឃុំព្រាល ស្រុកកញ្ជៀក ខេត្តស្វាយរៀង ។
ប្រភពព័ត៌មានពីជនរងគ្រោះទាំង១១២នាក់ ក្នុងនោះមានស្រី មានប្រុស អ្នកខ្លះអាយុ៥០ឆ្នាំក៏មានដែរ បានចាញ់បោ.កមេខ្យល់ ដោយនិយាយប្រាប់ថា នាំទៅធ្វើការនៅប្រទេសកូរ៉េ នឹងបានប្រាក់ខែចំនួន១៥០០ដុល្លារក្នុងមួយខែ ទៅរយៈពេល៦ខែ បើថៅកែពេញចិត្តនឹងសុំបន្តទៀតបាន ដោយប្រាប់ពួកគាត់ថា ទៅបេះផ្លែឈើ។
ជនរងគ្រោះនេះ បានអោយដឹងទៀតថា បន្ទាប់ពីមេខ្យល់ដែលបំផុសបំផុលព័ត៌មានដល់ពួកគាត់ តាមរោងចក្រ និងនៅតាមភូមិ ហើយមានខេត្តជាច្រើននៅក្នុងនោះផងដែរ ប៉ុន្តែជនរងគ្រោះនៅស្រុកស្អាង ខេត្តកណ្ដាល មានច្រើនជាងគេ គឺមានជាង៥០ភាគរយឯណោះ។
ពលរដ្ឋរងគ្រោះបន្តថា ប្រជាពលរដ្ឋបានប្រគល់លុយសុទ្ធម្នាក់ៗចំនួន៧០០ដុល្លារឡើងទៅ អ្នកខ្លះអស់ជិត១០០០ដុល្លារ ដោយទិញសម្លៀកបំពាក់ និងរបស់របរ ដើម្បីយកទៅរស់នៅប្រទេសកូរ៉េ។ ក្នុងនោះជនឆបោ.កខាងលើ បាននិយាយទៅកាន់ជនរងគ្រោះទាំង១១២នាក់ ថា ពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េតាមរយៈសមាគម តែមិនបានបញ្ជាក់ឈ្មោះសមាគមនោះឡើយ។ ហើយមានវគ្គផ្សេងៗគ្នា និងមានការប្រឡង ឬរៀនវគ្គភាសាកូរ៉េបន្ថែមទៀត។
ជនបរងគ្រោះបន្តទៀតថា ក្នុងនោះវគ្គដំបូងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ដែលមានគ្នា៩៤នាក់ តែមិនបានធ្វើដំណើរទេ ដោយសារមេខ្យល់បានប្រាប់ថា យន្តហោះផ្អាកជើងហោះហើររង់ចាំថ្ងៃទី៧ បន្ទាប់មកមេខ្យល់ក៏នាំបងបងប្អូនប្រជាពលរដ្ឋទៅសំរាកនៅផ្ទះសំណាក់ «នាគទេព» ដើម្បីរង់ចាំយប់ថ្ងៃទី៧ ទើបយន្តហោះដឹកពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ ។
ជនរងគ្រោះ បានបញ្ជាក់ថា មិនត្រឹមតែចាញ់បោកមេខ្យល់អស់លុយក្នុងម្នាក់ៗចំនួន៧០០ដុល្លារឡើងទៅទេ គឺថែមទាំងចាញ់បោកមេខ្យល់ ដោយយកលុយខ្មែរទៅប្តូរយកលុយកូរ៉េ ដើម្បីយកទៅចាយនៅប្រទេសកូរ៉េអស់មួយចំនួនទៀត។ លុះនៅវេលាម៉ោងកើតហេតុ ដោយមានការសង្ស័យ ខ្លាចមិនបានទៅធ្វើការនៅប្រទេសកូរ៉េ ទើបនាំគ្នាប្តឹងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យជាមេខ្យល់បានម្នាក់ ក្នុងចំណោមបក្សពួកចំនួន៣នាក់ ដើម្បីយកទៅសួរនាំភ្លាមៗតែម្តង។
សមត្ថកិច្ចនគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីឃាត់ជនសង្ស័យបានម្នាក់យកទៅសួរនាំនោះ បានបញ្ជាក់ប្រាប់ថា រូបគេមានមេធំ២នាក់ទៀត ហើយរូបគាត់ជាអ្នកទទួលលុយពីបងប្រជាពលរដ្ឋពិតប្រាកដមែន។ ទោះបីជាយ៉ាងណា ជនសង្ស័យជាមេខ្យល់នេះ មិនបានបញ្ជាក់លំអិតនោះទេ ហើយពេលនេះសមត្ថកិច្ចកំពុងតែសួរនាំបន្តទៀត ៕