ក្រោយមានព័ត៌មានពីបទល្មើសនេសាទកើនឡើង ក្រុមការងារអប់រំប្រជានេសាទ ឲ្
ក្រោយមានព័ត៌មានពីបទល្មើសនេសាទកើនឡើង ក្រុមការងារអប់រំប្រជានេសាទ ឲ្យបញ្ឈប់ការនេសាទខុសច្បាប់
(កំពង់ឆ្នាំង)៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមអ្នកសារព័ត៌មាន បានរាយការណ៍ពាក់ព័ន្ធបទល្មើសនេសាទ ដែលកើតមាននៅក្នុងតំបន់អភិរក្សពូជត្រី «បឹងប្រា» ស្ថិតនៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង, គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ពេជ្រ កែវមុនី្ន អភិបាលរងខេត្ត, លោក ជា សុខរិទ្ធ នាយករងរដ្ឋបាលសាលាខេត្ត និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត រួមទាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ បានចុះទៅដល់តំបន់បឹងអភិរក្ស «បឹងប្រា» ដើម្បីបង្ក្រាបបទល្មើសនេសាទ។
លោក ជា សុខរិទ្ធ នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅលើបណ្តាញសង្គមថា «អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ លោក ពេជ្រ កែវមុន្នី អភិបាលរងខេត្ត រួមដំណើរដោយខ្ញុំបាទ និងលោកប្រធានមន្ទីរកសិកម្ម បានដឹកនាំកម្លាំងគណៈបញ្ជាការខេត្ត និងមន្ត្រីជំនាញជលផល បានបើកប្រតិបត្តិការបង្ក្រាប បទល្មើសជលផល ក្នុងតំបន់អភិរក្សស្ថិតក្នុងភូមិសាស្រ្តឃុំពាមឆ្កោក ស្រុកជលគីរី»។
មន្រ្តីសាលាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ផងដែរថា ប្រតិបត្តិការនេះ ដើម្បីបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់អភិរក្ស និងកោះហៅប្រជានេសាទសហគមន៍នេសាទ ពិសេសអ្នកដែលបានប្រព្រឹត្តផ្ទាល់ដោយបានប្រើប្រា ស់ឧបករណ៍នេសាទល្មើសច្បាប់ ដូចជា៖ ការដាក់របាំងស្បៃមុងកាត់ព្រែក នៅក្នុងបឹងអភិរក្ស មកធ្វើកិច្ចសន្យាដោយឲ្យបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ចាប់ពីពេលនេះតទៅ។
បន្ទាប់ពីលោកអភិបាលរងខេត្ត បានពិនិត្យទៅលើឧបករណ៍នេសាទល្មើសច្បាប់នៅចំណុចព្រែកសំពៅរពាក់ ដែលកម្លាំងជំនាញបានបំផ្លាញចោលរួចហើយនោះ, លោកអភិបាលរងខេត្ត ក៏បានអប់រំ ផ្សព្វផ្សាយដល់ប្រជានេសាទ ឲ្យនាំគ្នាបញ្ឈប់ការនេសាទនៅក្នុងកន្លែងអភិរក្សនេះជាបន្តទៀត និងបានដាក់វិធានការមួយចំនួនដល់ប្រជានេសាទ និងប្រជាសហគមន៍នេសាទ ធ្វើយ៉ាងណារួមគ្នាថែរក្សា អភិរក្ស ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនេសាទ ដែលកើតមាននៅក្នុងតំបន់អភិរក្ស ក៏ដូចជានៅកន្លែងដទៃទៀតផងដែរ។
នៅក្នុងឱកាសនោះ ឈ្មោះ ឆែម ហ៊ី ដែលជាជនល្មើសបានលួចដាក់របាំងកាត់ព្រែក ក៏បានធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទខុសច្បាប់ជាបន្តទៀត និងចូលរួមថែរក្សាការពារតំបន់អភិរក្សជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសហគមន៍ ដោយបានសន្យានៅចំពោះមុខថ្នាក់ដឹកនាំ និងនៅចំពោះមុខក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយឈប់ប្រព្រឹត្តនៅទង្វើល្មើសច្បាប់ចាប់ពីពេលនេះតទៅ។
សូមបញ្ជាក់ថា បន្ទាប់ពីមានការអនុញ្ញាត និងបើកភ្លើងខៀវពីអភិបាលខេត្តរួចមក, នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ក្រុមអ្នកសារព័ត៌មានមួយក្រុមមានគ្នា៦នាក់ បានធ្វើដំណើរតាមកាណូតបាឡាស្មាច់២គ្រឿង ចុះទៅកាន់តំបន់អភិរក្សមួយកន្លែង ឈ្មោះ «ដែនអភិរក្សពូជត្រី (បឹងប្រា)» ដែលទីនោះជាកន្លែងអភិរក្សពូជត្រីដ៏ធំមួយកន្លែងក្នុងភូមិក្បាលកន្លង ឃុំពាមឆ្កោក ស្រុកជល់គិរី តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ដ្ឋរស់នៅទីនោះ។
ឆ្លងតាមការពិនិត្យជាក់ស្ដែងនៅតំបន់នោះគឺមានបទល្មើសទេសាទទ្រង់ទ្រាយធំ កំពុងធ្វើសកម្មភាពនៅក្នុងតំបន់អភិរក្សពូជត្រីដ៏សំខាន់មួយនេះពិតប្រាកដមែន ដោយជនខិលខូចបានប្រើឧបករណ៍នេសាទខុសច្បាប់ធ្វើសកម្មភា ពដាក់ស្ទាក់ចាប់ត្រីរាប់សិបកន្លែងនៅពាសពេញក្នុងបឹងអភិរក្សពូជត្រីមួយនេះ ដែលខុសពីច្បាប់ស្ដីពីជលផល មិនតែប៉ុណ្ណោះពួកគេបាននិងកំពុងតែអនុវត្តផ្ទុយពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ។
ចំណែកការប្រើប្រាស់ឧបករណ៍នេសាទក្នុងតំបន់អភិរក្សនេះវិញ ឃើញមានទាំងការដាក់សម្រាស់ជាច្រើនកន្លែង រួមនិងរបាំងលបលូធំៗដែលត្រូវបានគេដាក់ភ្ជិតដៃព្រែក និងដៃបឹងជាច្រើនរបាំង ក្នុងនោះគឺមាន៨០ភាគរយ ជាសាច់ស្បៃមុង ដែលគេដាក់ចាប់ត្រីទាំងតូចទាំងធំក្នុងមួយថ្ងៃៗយ៉ាងច្រើនសន្ធឹកសន្ធាប់ ដឹកលក់តាមទីផ្សារ ចេញពីក្នុងតំបន់អភិរក្សខាងលើនេះ។
ដោយឡែកនៅជិតតំបន់អភិរក្សខាងលើនេះ ក៏មានរោងសហគមន៍នេសាទ (ក្បាលកន្លង់) របស់លោក សូ ធន់ ប្រធានសហគមន៍នេសាទ នៅយាមតំបន់អភិរក្សក្បែរនោះ ដែលនៅមិនឆ្ងាយពីកន្លែងប្រព្រឹត្តបទល្មើសនេសាទ តែបែរជាមានបទល្មើសនេសាទយ៉ាងសន្ធឹកសន្ធាប់នៅពាសពេញក្នុងបឹងអភិរក្សក្បែររោងយាមនោះទៅវិញ។ ឯការធ្វើសកម្មភាពនេសាទល្មើសច្បាប់នៅក្នុងតំបន់អភិរក្ស (បឹងប្រា) ខាងលើនេះ គឺមាននៅក្នុងចំណុចល្ពៅរពាក់ សំបករាម ពាមដៃបី បាតមា។ល៕