Banner KNP Detail Top

សិល្បៈការិនីជាបន្តបន្ទាប់ បានបញ្ចេញសារដ៏មានអត្ថន័យ ដោយលើកតម្កើនស្ត្រីនៅក្នុងសង្គម ដើម្បី

សិល្បៈការិនីជាបន្តបន្ទាប់ បានបញ្ចេញសារដ៏មានអត្ថន័យ ដោយលើកតម្កើនស្ត្រីនៅក្នុងសង្គម ដើម្បីចូលរួមអបអរទិវាសិទ្ធិនារីអន្តរជាតិ

ភ្នំពេញ ៖ នាថ្ងៃទី៨ ខេមីនា ឆ្នាំ២០២៣នេះ សិល្បៈការិនីជាបន្តបន្ទាប់បានបញ្ចេញសារដ៏មានអត្ថន័យដោយលើកតម្កើនស្ត្រីនៅក្នុងសង្គម ដើម្បីចូលរួមអបអរទិវាសិទ្ធិនារីអន្តរជាតិ ។ អ្នកសិល្បៈទាំងអស់បានចាត់ទុកស្ត្រី គឺជាមាតាពិភពលោក និងបានដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងសង្គមគ្រួសារ និងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។
អ្នកនាង គង់ សុជាតិ បានបង្ហោះសារនៅគណនីហ្វេសប៊ុករបស់ខ្លួនថា គោរពស្រី្តភេទ ព្រោះស្ត្រីភេទក៏អាចអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិដូចបុរសដែរ។ ដូច្នេះស្ត្រីទាំងឡាយត្រូវខិតខំប្រឹងរៀនសូត្រ បង្កើនសមត្ថភាពផ្ទាល់ខ្លួន ឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឲ្យសមនឹងពាក្យ «ស្ត្រីជាមាតានៃពិភពលោក» សូមចូលរួមរីករាយទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា ២០២៣»។
ពិធីការិនីដ៏មានវោហាស័ព្ទអ្នកនាង សាន់ សាណា ក៏បានបង្ហោះសំណេររបស់ខ្លួនដែរថា ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល។ អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា។
តារាសម្តែងមាននាមរាជនីក្រមា នាង មាន សូនីតា បានបង្ហោះសារនៅលើហ្វេសប៊ុកខ្លួនដែរថា ខ្ញុំសូមផ្ដល់សង្ឃឹមជាមួយស្នាមញញឹម និងកម្លាំងចិត្ត ឲ្យអ្នកងាកទៅសម្លឹងមើលខ្លួនឯង នឹងសូមឲ្យគិតពីក្ដីដែលចង់បាន គ្មានអ្វីដែលយើងធ្វើមិនបាននោះទេ។ ខ្ញុំមិនដឹងថា អ្នកពីមុនត្រូវជួបរឿងអាក្រក់បែបណា ទើបធ្វើឲ្យអ្នកភ័យខ្លាច មិនចង់ងើបឡើង ព្រោះតែខ្លាចជួបវាម្ដងទៀត។ មនុស្សដែលជួបរឿងអាក្រក់ៗ រឿងដែលយ៉ាប់ខ្លាំងពិបាកទទួលយកយ៉ាងណា តែពួកគេនៅតែអាចងើបដើរទៅមុខបានដោយមិនខ្លាចការសម្លឹងគ្រប់ក្រសែភ្នែកមកមនុស្សជុំវិញខ្លួន។ រីករាយថ្ងៃសិទ្ធិនារី។
ចំណែកតារាចម្រៀងក្នុងផលិតកម្មថោន នាង បាន មុន្នីល័ក្ខ ក៏បានបង្ហោះសារខ្លីមួយដែរថា ដោយនាងបានអបអរសាទរទិវាសិទ្ធិនារី និងសូមជូនពរអ្នកម្ដាយនាងខ្ញុំ បងប្អូនស្ត្រីទាំងឡាយ មានសុខភាពល្អ សំណាងល្អ មានសម្រស់ស្រស់ស្អាត ។
ជាតារាសម្តែង និងជាគ្រូបង្ហាត់ក្បាច់គុនល្បុកត្តោ នាង ពេជ្រ ចរណៃ ក៏បានបង្ហោះសារដ៏វែងមួយក្នុងន័យដាស់តឿនស្ត្រីទូទៅថា ជាមនុស្សស្រីមិនមែនចាំតែគិត និងធ្វើតាមតែគេនិយាយនោះទេ។ គួររៀនគិតដោយឯករាជ្យ រៀនស្វែងយល់ដោយខ្លួនឯងពីអ្វីដែលល្អ និងអាក្រក់ និងរៀនបែងចែកថាអ្វីដែលគួរ និងមិនគួរធ្វើ។ ជាមនុស្សស្រីមិនមែនចាំតែទ្រាំនូវរាល់ទង្វើមិនល្អ និងទស្សនៈមិនល្អដែលមនុស្សជុំវិញខ្លួនធ្វើមកដាក់ខ្លួននោះទេ។ រឿងខ្លះ គឺមិនសាកសមនឹងឱ្យអ្នកទ្រាំទ្រនោះឡើយ គួររៀនទាមទារ និងក្រោកឈរចំពោះសិទ្ធិសេរីភាពរបស់ខ្លួន ឱ្យតែសិទ្ធិនោះមិនខុសពីច្បាប់សង្គម និងមិនប៉ះពាល់ដល់អ្នកដទៃ។ ជាមនុស្សស្រីមិនមែនចាំតែធ្វើការងារដែលគេនិយាយថា សាកសមជាមួយមនុស្សស្រីនោះទេ។
នាង ពេជ្រ ចរណៃ បន្តថា គួររៀនស្វែងយល់ពីខ្លួនឯង ថា ខ្លួនស្រលាញ់ការងារអ្វី? ចង់ឱ្យខ្លួនពូកែដល់កម្រិតណា? ចង់ឱ្យខ្លួនចេះជំនាញអ្វី? ចង់សម្រេចគោលបំណងអ្វីខ្លះ? ឬចង់ជួយអ្វីខ្លះដល់សង្គមជាតិ?។ ជាមនុស្សស្រីមិនមែនចាំតែធ្វើតាមអ្វីដែលគេគិតថា មនុស្សស្រីគួរជ្រើសរើសផ្លូវនេះ ឬផ្លូវនោះ នោះទេ។ គួរសិក្សាឱ្យច្បាស់ពីខ្លួនឯងថា តើអ្នកចង់បានជីវិតបែបណា? មិនថា អ្នកជ្រើសរើសការរៀបអាពាហ៍ពិពាហ៍មុន ការសិក្សាឱ្យបានខ្ពង់ខ្ពស់ជាមុន ការបង្កើតមុខរបរ ឬរកការងារមុន ឬជ្រើសរើសធ្វើជាស្ត្រីមេផ្ទះ ដើម្បីនៅផ្ទះចិញ្ចឹមបីបាច់ថែរក្សាកូនៗ នោះគឺជាសិទ្ធិរបស់អ្នក! ត្រូវជ្រើសផ្លូវណាដែលសាកសមនឹងជីវិតអ្នក អាចជួយឱ្យជីវិតអ្នករីកចម្រើន និងឈប់អៀនខ្មាស់ពីគំនិតមនុស្សដែលចាំតែគិតមិនល្អពីរូបអ្នក! រីករាយទិវាសិទ្ធិនារីអន្តរជាតិ ។
អ្នកនាង យុគ ចិន្តា ក៏សរសេរសារបង្ហោះតាមគណនីរបស់ខ្លួនថា រីករាយទិវានារីអន្តរជាតិ៨មីនា International Women’s Day ។ ស្ត្រីជាមាតាពិភពលោក ស្ត្រីដើរតួនាទីយ៉ាងសំខាន់សំរាប់សង្គមជាតិ ឆ្លៀតក្នុងឱកាសនេះនាងខ្ញុំសូមជូនពរអ្នកម្តាយ អ្នកមីង បងស្រី ប្អូនស្រី ក្មួយស្រី នឹងស្ត្រីទាំងអស់នៅលើសកលលោក សូមជួបតែសេចក្តីសុខ រស់នៅជាមួយនឹងសិទ្ធិសេរីភាព សុភមង្គលក្នុងជីវិតគ្រប់ៗគ្នា យើងរួមគ្នាផ្តល់តម្លៃ នឹងលើកកម្ពស់ស្ត្រី ៕

អត្ថបទដែលជាប់ទាក់ទង