Banner KNP Detail Top

បុរសម្នាក់ ជាមេជាងសំណង់បានឆ្លៀតតខ្សែភ្លើង ឆក់យកត្រីផ្ញេីប្រពន្ធនៅឯខេត្ត តែ

បុរសម្នាក់ ជាមេជាងសំណង់បានឆ្លៀតតខ្សែភ្លើង ឆក់យកត្រីផ្ញេីប្រពន្ធនៅឯខេត្ត តែភ្លាត់ស្នៀតក៏ឆក់ខ្លួនឯងស្លាប់

ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចវាលស្រែ ក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បុរសម្នាក់ជាមេជាងសំណង់បានឆ្លៀតតខ្សែភ្លើងឆក់យកត្រីផ្ញេីប្រពន្ធនៅឯខេត្ត តែភ្លាត់ស្នៀតក៏ឆក់ខ្លួនឯងស្លាប់បេីទោះបីប្រជាពលរដ្ឋនិងកម្មករសំណង់ដូចគ្នាព្យាយាមជួយសង្គ្រោះក៏មិនរួចផុតពីសេចក្ដីស្លាប់ដែរ ។
សពជនរងគ្រោះមានឈ្មោះ ណុប ជា អាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិចក ឃុំចក ស្រុកទូកមាស ខេត្តកំពត។
មុនពេលកើតហេតុជនរងគ្រោះជាមេជាងបានប្រាប់ពួកគាត់ជាកម្មករថា ថ្ងៃនេះមេការប្រាប់ឱ្យឈប់សម្រាកពីការងារមួយថ្ងៃ ។ ពេលនោះជនរងគ្រោះនិយាយថា ខ្ញុំនឹងរកត្រីយកផ្ញេីប្រពន្ធកូនខ្ចីនៅឯខេត្តកំពត រួចជនរងគ្រោះក៏បានឆ្លៀតតខ្សែភ្លើងឆក់ត្រីនៅវាលស្រែជិតការដ្ឋានសំណង់ ខណៈចុះឆក់ត្រីក្នុងវាលស្រែស្រាប់តែភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់អណ្ដែតទឹកវាលស្រែត្រូវបានក្រុមកម្មករឃើញក៏នាំគ្នាចុះទៅស្រង់យកមកលើគោករួចធ្វើការសង្គ្រោះជាបឋម ដោយមិនអស់ចិត្តក៏បានដឹកជនរងគ្រោះតាមម៉ូតូយកទៅគ្លីនិកឯកជនដើម្បីជួយសង្រ្គោះ តែពេទ្យឯកជនមិនទទួល ក៏សម្រេចដឹកមកមន្ទីរពេទ្យបង្អែកដង្កោ ពេលមកមន្ទីរពេទ្យគ្រូពេទ្យបានបញ្ជាក់ប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស សហការជាមួយសមត្ថកិច្ចជំនាញខណ្ឌដង្កោបានចុះទៅដល់កន្លែងកើតហេតុ និងបានទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះដោយប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហេីយ ដោយសារតែតខ្សែភ្លេីងឆក់ត្រីហើយភ្លាត់ស្នៀតឆក់ខ្លួនឯង។ ពេលដែលក្រុមគ្រួសារទទួលបានព័ត៌មាននេះក៏បានមកជួបសមត្ថកិច្ចនៅមន្ទីរពេទ្យបង្អែកដង្កោ ហើយបានប្រាប់សមត្ថកិច្ចថា ពួកគាត់មិនប្ដឹងផ្ដល់អីនោះទេ ដោយសុំយកសពជនរងគ្រោះទៅធ្វើបុណ្យនៅឯស្រុកកំណើត នាខេត្តកំពត ។ សមត្ថិកិច្ចក៏យល់ព្រមតាមសំណូមពររបស់សាច់ញាតិ រួចធ្វេីកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារ និងហៅរថយន្តដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង