ល្ងាចថ្ងៃស្អែក! សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ
ល្ងាចថ្ងៃស្អែក! សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧
ភ្នំពេញ៖ ល្ងាចថ្ងៃស្អែកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធធ្វើនៅចំណុចសួនច្បារស្ទឹងសែនខេត្តកំពង់ធំក្រោមប្រធានបទ “ទន្លេរបស់យើងដើម្បី បច្ចុប្បន្ន និងអនាគត”មានគោល បំណងជំរុញលើកតម្លៃនិងផ្សព្វផ្សាយ សក្កានុពលទេសចរណ៍ខេត្តតាមដងទន្លេជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងអស់ដែលនៅតាមដងទន្លេឱ្យចូលរួមយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ។
ពិធីបុណ្យទន្លេនឹងផ្តល់ជូនសកម្មភាពសំខាន់ៗដូចជាផ្សព្វផ្សាយផ្ទាល់នូវការសម្តែងទស្សនីយភាព សិល្បៈ ព្រមទាំងបង្ហាញនូវផលិតផលទេសចរណ៍ គម្រោងអភិវឌ្ឍន៍ទេស ចរណ៍ខេត្តតាមដងទន្លេ និង ការតាំងពិពរណ៍ផលិតផលទេសចរណ៍ក្នុងស្រុក, សកម្មភាពកីឡាដោយមានការចូលរួមពីសំណាក់ កីឡាករនិងកីឡាការនីជាតិអន្តរជាតិ ។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងសារលិខិតអបអរពិធីបុណ្យទន្លេលើកទី៧ បានមានប្រសាសន៍ថា ទឹកទន្លេជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិតជាទីកន្លែងដែលបណ្តុះបណ្តាល និងពូនជ្រុំនូវ វប្បធម៌ និងអរិយធម៌ ។ តាំងពីបុរាណកាលមកមនុស្សជាតិរស់នៅតាមបណ្ដោយទន្លេ បន្តពូជពង្សនិងរស់នៅដោយបណ្ដុំគ្នាពីមួយជំនាន់ទៅមួយជំនាន់ ទន្លេ ជាអំណោយពីធម្មជាតិ ដែលជាទីបង្អែកសម្រាប់ការរស់នៅ របស់យើង និងជាចំណងធម្មជាតិនៃការជួយយកអាសាគ្នារបស់យើងទៀតផង។ ទន្លេបានផ្សារភ្ជាប់ប្រទេសនានា ដែលហូបទឹកនៃទន្លេតែមួយឱ្យក្លាយជាសហគមន៍រួមវាសនាតែមួយ ដែលប្រកបដោយសមភាព ជួយយកអាសាគ្ន ដោយស្មោះត្រង់និងស្និទ្ធស្នាលដូចជាមនុស្សក្នុងគ្រួសារតែ មួយ។ ទន្លេក៏បានរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាពសាមគ្គីភាពរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាននិងបានពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌតំបន់នានាដូចជាក្របខ័ណ្ឌ CLMV ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS) មេគង្គ-ជប៉ុន មេគង្គ-ឡានឆាង មេគង្គ-កូរ៉េ និងមេគង្គ-គង្គាជាដើម។
សម្តេចតេជោបន្តថាក្នុងបរិការណ៍នេះរាជរដ្ឋាភិបាលបានកំណត់ប្រារព្ធពិធីបុណ្យទន្លេដែលបានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជាដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ យកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាពនិងការទទួលខុសត្រូវទន្ទឹមនឹងនេះ ព្រឹត្តិការ ណ៍នេះក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម និង ការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ជាពិសេសទេស ចរណ៍តាមនាវា(River-Cruise)និងសហគមន៍ទេសចរណ៍តាមដងទន្លេ ជាដើម។
ក្នុងន័យនេះ ប្រធានបទបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣នេះ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ននិងអនាគត”គឺពិតជាសមស្របសម្រាប់បរិបទបច្ចុប្បន្នដែលរាជរដ្ឋាភិបាលកម្ពុ ជាបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេជាពិសេសការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានការការពារនិងអភិរក្សធន ធានធម្មជាតិដោយឈរលើការប្ដេជ្ញាចិត្ត រួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋានធានាបាននូវការអភិវឌ្ឍទាំងសម្រាប់បច្ចុប្បន្ននិង ទៅអនាគត។
ការរៀបចំពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំនេះ មានលក្ខណៈកាន់តែវិសេសវិសាលដោយសារខេត្តកំពង់ធំស្ថិតនៅចំកណ្តាលប្រទេស កម្ពុជាមានព្រំប្រទល់ ដ៏វែងជាប់បឹងទន្លេសាបមានប្រាសាទ សំបូរព្រៃគុក ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីឆ្នាំ២០១៧ ជាខេត្តជម្រុកស្រូវដ៏សំខាន់ របស់កម្ពុជាជាអតីតរាជធានីបុរាណនាសម័យចេនឡាហៅថា«ឦសានបុរៈ»និងមានរឿងរាវប្រវត្តិសាស្ត្របង្កប់ទុកជាច្រើនរួមជាមួយតំបន់ទេសចរណ៍និងប្រវត្តិសាស្ត្រជាច្រើន ទៀត។
តាមពិតខេត្តកំពង់ធំមិនមានទន្លេឆ្លងកាត់នោះទេមានតែស្ទឹងសែនគឺជាស្ទឹងមួយដែលមានប្រភពដើមមកពីខ្ពង់រាបខេត្តព្រះវិហារហូរកាត់ខេត្តកំពង់ធំចាក់ចូលបឹងទន្លេ សាបមានប្រវែងសរុប ៥២០ គីឡូម៉ែត្រ ។ ស្ទឹងនេះទៀតសោតបានផ្តល់អត្ថប្រយោជន៍ច្រើនអនេកណាស់ដល់ប្រជាជនដែលរស់នៅតំបន់នោះក៏ដូចជាប្រជាជនក្នុងក្រុងស្ទឹង សែនខេត្តកំពង់ធំតែម្តងដូចជាផ្តល់ទឹកសម្រាប់ធ្វើមុខរបរកសិកម្ម ដំណាំស្រូវ ដំណាំចម្ការ ខួបប្រាំងខួបវស្សា ផ្តល់ត្រីសម្រាប់បំពេញនូវតម្រូវការម្ហូបអាហារជាប្រចាំថ្ងៃ។ ជា ពិសេសស្ទឹងសែនក៏ជាផ្លូវគមនាគមន៍ផ្តល់ទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិងជាកន្លែងទេសចរណ៍ដ៏សំខាន់មួយនៅក្នុងខេត្តទៀតផង ។
គេសង្កេតឃើញថាមុន ពិធីបុណ្យទន្លេមកដល់អាជ្ញាធរខេត្តបានធ្វើការជួសជុលផ្លូវក្នុងក្រុង តាមដងស្ទឹង និងសំអាតតាមដងផ្លូវឡើងវិញ ដែលមុននេះមានព្រៃដុះ និងផ្លូវ ខូចខាត ព្រមទាំងដីហ៊ុយ និង ភក់ ។ អាជ្ញាធរក៏បានជំរុញឱ្យប្រជាពលរដ្ឋចូលរួមក្នុងការសម្អាត អនាម័យ បរិស្ថានតាមផ្ទះសម្បែង ភូមិដ្ឋាននានាការតុបតែងលម្អតាម គ្រប់គ្រឹះស្ថានសាធារណៈ និងឯកជន ។
គួររំលឹកថាពិធីបុណ្យទន្លេលើកទី ១ ត្រូវបានប្រារព្ធធ្វើនៅមាត់ទន្លេខេត្តក្រចេះដើម្បីរំឭកគុណដល់ទន្លេដែលនាំមកនូវដីល្បាប់ដ៏មានជីវជាតិរួមទាំងមច្ឆាដ៏សម្បូរបែបហើយ ជាកន្លែងទេសចរណ៍ដែលបង្កើតការងារច្រើនសន្ធឹកសន្ធាប់នាំឲ្យមានកំណើនប្រាក់ចំណូលដល់ប្រជាជននៅតាមមូលដ្ឋាន ។ ការធ្វើបុណ្យទន្លេឡើងគឺដើម្បីទាក់ទាញភ្ញៀវទេស ចរជាតិនិងអន្តរជាតិឲ្យកាន់តែស្គាល់ និងចូលមកទស្សនាកម្សាន្តនៅទីកន្លែងនោះហើយមានភ្ញៀវទេសចរច្រើននឹងអាចបង្កើតការងារផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ខ្មែរ អាចបង្កើតផលិតផលខ្មែរច្រើនសន្ធឹកសន្ធាប់ដាក់លក់ ម្យ៉ាងទៀតគឺអាចចូលរួមថែរក្សាប្រពៃ ណីរបស់ខ្មែរបានយ៉ាងល្អ ។
សូមបញ្ជាក់ថាបុណ្យទន្លេទើបត្រូវបានរាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍និងស្ថាប័នពាក់ព័ន្ធបង្កើតឡើងនិងរៀបចំប្រារឰនៅឆ្នាំ២០១៥នេះជាលើ កដំបូងដើម្បីពង្រីក សក្ដានុពលទេសចរណ៍និងការទាក់ទាញទេសចរណ៍ឱ្យកាន់តែច្រើនឡើងបន្ថែមទៀតមកប្រទេសកម្ពុជា។
ពិធីបុណ្យប្រចាំឆ្នាំនឹងត្រូវជ្រើសរើសយកខេត្តផ្នែកខាងលើនៃទន្លេមេគង្គដើម្បីនាំទេសចរឲ្យទៅកាន់ទីនោះកាន់តែច្រើន។រាជរដ្ឋាភិបាលនឹងរៀបចំពិធីបុណ្យទន្លេដើម្បីបំផុសចលនាមហាជនឲ្យចូលរួមក្នុងការងារអភិរក្សនិងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាពតាមរយៈការបង្កើតព្រឹត្តិការណ៍ថ្មីៗសម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ។ ការរៀបចំពិធីបុណ្យទន្លេនេះឡើងក៏ដើម្បីចូលរួមអភិវឌ្ឍផលិតផលទេសចរដោយផ្តោតទៅលើធនធានធម្មជាតិនៅតាមដងទន្លេមេគង្គ សេដ្ឋកិច្ច វប្បធម៌ និង សង្គមផ្សព្វផ្សាយពីកិច្ចសហប្រតិបត្តិការរវាងប្រទេសនៅជាប់ទន្លេមេគង្គព្រមទាំងសម្រួលដល់ការធ្វើដំណើរនិងបណ្តុះបណ្តាលធនធានមនុស្សរស់នៅតាមដងទន្លេមេគង្គផង ដែរ ៕