Banner KNP Detail Top

រដ្ឋបាលរាជធានីភ្នំពេញ បើកសន្និបាតបូកសរុបលទ្ធផល ការងារ ប្រចាំឆ្នាំ២០២២ និងលើក

រដ្ឋបាលរាជធានីភ្នំពេញ បើកសន្និបាតបូកសរុបលទ្ធផល ការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៣ បានលើកយក ប្រធានបទចំនួន៥ មកពិភាក្សា

ភ្នំពេញ៖ ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់រដ្ឋបាលរាជធានីភ្នំពេញ នេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី៩ ខែមីនាឆ្នាំ២០២៣ នេះ នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វា ។
រដ្ឋបាលរាជធានីភ្នំពេញ បើកសន្និបាតបូកសរុបលទ្ធផល ការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៣ បានលើកយក ប្រធានបទចំនួន៥ មកពិភាក្សា ដែលមានទាំងការដោះស្រាយបញ្ហាសំណល់រឹង–សំរាម ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការត្រៀមរៀបចំការប្រកួត កីឡាស៊ីហ្គេមលើកទី ៣២ និងប៉ារាំហ្គេមលើកទី១២គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” និងការត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយផ្សេងៗជាដើម។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងពីការខិតខំប្រឹងប្រែង របស់អាជ្ញាធរ និងកងកម្លាំង ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងការទប់ស្កាត់ជំងឺ កូវីដ–១៩ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ បានយ៉ាងល្អ ។ បន្ថែមពីនេះលោក ឃួង ស្រេង ក៏បានលើកឡើងពីគម្រោងជាច្រើន ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញ ឱ្យក្លាយជាទីក្រុងស៊ីវិល័យ ការបើកវគ្គបណ្តុះបណ្តាល និងផ្តល់សេវា ជូនប្រជាពលរដ្ឋ បើកការដ្ឋានស្ថាបនាផ្លូវ លូ ស្ពានអាកាស និងសមិទ្ធផលផ្សេងៗ ជាច្រើនទៀតជាមួយ នឹងការប្រកាសរាជធានីភ្នំពេញ អស់មីន និងកម្មវិធីផ្តល់សាច់ប្រាក់ ជូនប្រជាពលរដ្ឋក្រីក្រ ជាដើម។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី សមិទ្ធផល និងស្នាដៃការងារ ខាងលើនេះ រដ្ឋបាលរាជធានី ភ្នំពេញ ក៏នៅមានការងារសេសសល់ និងបញ្ហាបឈមមួយចំនួនទៀតផងដែរ ដែលទាមទារឱ្យក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ រៀបចំជាប្រធានបទ សម្រាប់ការពិភាក្សា នៅក្នុងអង្គសន្និបាត ឆ្នាំនេះ ។
អង្គសន្និបាត បានសម្រេចបែងចែកក្រុមពិភាក្សា ដែលមានសមាសភាពចូលរួមពីតំណាង ក្រុមការងារថ្នាក់ជាតិ, អាជ្ញាធរមូលដ្ឋាន, មន្ទីរ–អង្គភាព និងគ្រប់ភាគីពាក់ព័ន្ធ ក្រោមការ សម្របសម្រួល ដោយផ្ទាល់ពីលោក ប្រធានក្រុមប្រឹក្សា ដើម្បីទទួលយកធាតុចូលកាន់តែច្បាស់លាស់ ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន ៥ រួមមាន៖ ប្រធានបទទី១ ការគ្រប់គ្រងសំណល់ផ្សេងៗ ក្រៅពីសំណល់រឹង–សំរាម ដូចជា សំណល់រាវ សំណល់ភក់បង្គន់ សំណល់សំណង់ សំណល់ថ្មពិល–អាគុយ ។ល។ ប្រធានបទទី២ ៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយផ្តោតសំខាន់លើ វិវាទដីធ្លី ។ ប្រធានបទទី៣ បទពិសោធន៍ល្អៗ ក្នុងការសហការរៀបចំកិច្ចប្រជុំអន្តរជាតិ ធំៗ និងការត្រៀមរៀបចំការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ និងប៉ារាំហ្គេមលើកទី១២ ។ ប្រធានបទទី៤ ៖គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយផ្តោតលើ ការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរ មនុស្សគ្រប់ទម្រង់ និងការធ្វើ អធិការកិច្ចហត្ថពលករបរទេស និងប្រធានបទទី៥៖ ការត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ និងវឌ្ឍនភាពការផ្ដល់ប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌ នៅរាជធានីភ្នំពេញ។
លោកបានបន្តថា សំណុំកិច្ចការទាំងអស់នេះ គឺជាចំណុចគន្លឹះ និងជាការងារអាទិភាព ទាមទារឱ្យយើង ត្រូវបន្តខិតខំប្រឹងប្រែងរួមគ្នាថែមទៀត ដើម្បីថែរក្សាសមិទ្ធផល, ស្នាដៃការងារ និងដើម្បីពង្រីកយន្តការអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានា សុខសុវត្ថិភាព, ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ រាជធានីភ្នំពេញលើគ្រប់វិស័យ៕/

អត្ថបទដែលជាប់ទាក់ទង