ឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ ពាក់ព័ន្ធករណីនាំពលករមិនស្របច្បាប់ ទៅធ្វើការនៅ
ឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ ពាក់ព័ន្ធករណីនាំពលករមិនស្របច្បាប់ ទៅធ្វើការនៅប្រទេសកូរ៉េ បន្ទាប់ពីបោកប្រាស់ពលរដ្ឋបានប្រាក់ជាង៧ម៉ឺនដុល្លារ
ភ្នំពេញ៖ ស្នងការនគរនគរបាលរាជធានីភ្នំពេញ បានអោយដឹង ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៣នេះថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ តាំ ច័ន្ទទី ហៅ សីហា ភេទប្រុស អាយុ ២៧ឆ្នាំនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់ «នាគទេព» ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីនាំពលករមិនស្របច្បាប់ទៅធ្វើការនៅប្រទេសកូរ៉េ ។
មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្តថា ប្រតិបត្តិការបង្រ្កាបនោះ សមត្ថកិច្ចបានរកឃើញមានជនរងគ្រោះចំនួន ១២៤នាក់ ស្រី ៣៩នាក់ដែលចាញ់បោកមេខ្យល់ថានាំទៅធ្វើការនៅប្រទេសកូរ៉េបានប្រាក់ខែច្រើន ។
តាមការបំភ្លឺរបស់ជនរងគ្រោះបានឲ្យដឹងថា ពួកគាត់បានខាតបង់ប្រាក់ដែលបានឲ្យទៅជនសង្ស័យខាងលើ ក្នុងម្នាក់ៗ ចន្លោះពី ៦០០ដុល្លារ ទៅ ៨០០ដុល្លារ បន្ទាប់ពីជនសង្ស័យបានសន្យាថានឹងនាំពលរដ្ឋដែលបង់លុយឲ្យពួកគេទៅធ្វើការបេះផ្លែឈើនៅប្រទេសកូរ៉េ ដោយទទួលបានប្រាក់ខែត្រឡប់មកវិញ ចំនួន១៥០០ ដុល្លារក្នុងមួយខែ ហើយទៅរយៈពេល៦ខែ បើថៅកែពេញចិត្តនឹងសុំបន្តទៀតបាន។ ប៉ុន្តែដល់ថ្ងៃដែលបានសន្យា តែមិនទាន់នាំពលរដ្ឋចេញដំណើរ ទើបពលរដ្ឋនាំគ្នាប្តឹងទៅសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យជាមេខ្យល់នោះ ។
សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជន សង្ស័យខាងលើទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យបានសារភាពថា រូបគេមានមេធំ២នាក់ទៀត ហើយរូបគាត់ជាអ្នកទទួលលុយពីបងប្អូនប្រជាពលរដ្ឋពិតប្រាកដមែន ។ចំណែកជនរងគ្រោះចំនួន ១២៤នាក់ (ស្រី ៣៩នាក់) អនុញ្ញាតឲ្យវិលត្រលប់ទៅលំនៅដ្ឋានវិញ៕