ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ជាង ៤០ ម៉ឺននាក់ បានចូលរួមទស្សនា នៅក្នុងពិធីបុណ្
ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ជាង ៤០ ម៉ឺននាក់ បានចូលរួមទស្សនា នៅក្នុងពិធីបុណ្យទន្លេ លើកទី៧ នៅខេត្តកំពង់ធំ ក្នុងរយៈពេល ២ ថ្ងៃដំបូង
កំពង់ធំ៖ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ជាង ៤០ ម៉ឺននាក់ បានចូលរួមទស្សនា នៅក្នុងពិធីបុណ្យទន្លេ លើកទី៧ នៅខេត្តកំពង់ធំ ក្នុងរយៈពេល ២ ថ្ងៃដំបូង គឺថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៣ ។
ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)» ។
មន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថា ចំនួនប្រជាពលដ្ឋចូលរួមថ្ងៃទី៧ មានប្រមាណ១៨,៥០០នាក់ និងថ្ងៃទី៨ មានប្រមាណ៣៨៥,០០០នាក់ សរុប៤០៣,៥០០នាក់។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ទេស ចរណ៍ ដ៏ធំមួយនេះ គឺមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូច និងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ សរុបចំនួន ៣០០ ស្តង់។ ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយ ក្នុងការប្រើប្រាស់ឱ្យអស់ លទ្ធភាព នៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថា ជាការនាំចេញនៅនឹងកន្លែង ក្នុងការគាំទ្រដល់ ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារ សម្រាប់កសិករ សិប្បករ និងអ្នកផលិត តាមរយៈទីផ្សារទេសចរណ៍។
ក្រៅពីនេះ មានការសម្តែងទស្សនីយភាពសិល្បៈចម្រុះបុរាណ-សម័យ ដែលមានការចូល រួមពីសិល្បករ-សិល្បការនីជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមានសកម្មភាពកីឡា ដែលរួមមាន៖ កីឡារត់ប្រណាំងកម្សាន្ត ៣ គ.ម និង ៥ គ.ម កីឡាបាល់ទាត់ឆ្នេរខ្សាច់ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាប៉េតង់ ប្រដាល់គុនខ្មែរ កីឡាបាល់ទាត់លើតុ ដែលសកម្ម ភាពកីឡាទាំងនេះ នឹងបង្ហាញអំពីការចូលរួមអបអរសាទរ ដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនៅសល់តែ ៥៧ ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាយើងនឹងត្រូវធ្វើជាម្ចាស់ផ្ទះលើកដំបូង។
យ៉ាងណា លោករដ្ឋមន្ត្រី ធ្លាប់បង្ហាញការរំពឹងទុកថា រយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យទន្លេ នៅខេត្តកំពង់ធំនេះ នឹងទទួលបានភ្ញៀវទេសចរ យ៉ាងតិច ១ លាននាក់៕