Banner KNP Detail Top

បុរសជនជាតិចិនតៃវ៉ាន់៤នាក់ ដែលទទួលខុសត្រូវខ្ពស់បំផុត នៅក្នុងរោងចក្រកែឆ្នៃផលិត

បុរសជនជាតិចិនតៃវ៉ាន់៤នាក់ ដែលទទួលខុសត្រូវខ្ពស់បំផុត នៅក្នុងរោងចក្រកែឆ្នៃផលិតគ្រឿងញៀនដ៏សម្បើមមួយ នៅក្នុងខេត្តកំពង់ស្ពឺ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលើកយកមកកាត់ទោស

ភ្នំពេញ ៖ នាថ្ងៃទី ០៩ខែមិនា ឆ្នាំ២០២៣នេះ បុរសជនជាតិចិនតៃវ៉ាន់៤នាក់ដែលទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងរោងចក្រកែឆ្នៃផលិតគ្រឿងញៀនដ៏សម្បើមមួយនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញលើកយកមកកាត់ទោស ។
អង្គសវនាការដែលដឹកនាំដោយលោក សុង ប៊ុណ្ណារិទ្ធ ជាប្រធានក្រុមប្រឹក្សាជំនុំជំរះ និងលោក ទី មុនិន្ទ ជាតំណាងអយ្យការ បានផ្ដើមចោទប្រកាន់បុរសជនជាតិចិនទាំង៤នាក់ពីបទ ៖ កែឆ្នៃ ផលិត និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ តាមមាត្រា ៣៩ មាត្រា៤០ នៃច្បាប់ស្ដីពី ការត្រួតពីនិត្យគ្រឿងញៀន ។
ជនត្រូវចោទទាំង៤នាក់ដែលតុលាការកាត់ទោសនេះមានឈ្មោះ ៖ ១/ TIEN CHAN FU ភេទប្រុស អាយុ ២៨ឆ្នាំ ជាមេការធំ ។ ទី ២/ ឈ្មោះ KHOU PO WEN ភេទប្រុស អាយុ២៨ឆ្នាំ (អ្នកបច្ចេកទេស) ទី ៣/ ឈ្មោះ TENG KUO CHING ភេទប្រុស អាយុ៣៩ឆ្នាំ (អ្នកបច្ចេកទេស) ទី៤/ ឈ្មោះ LIN YI CHHENG ភេទប្រុស អាយុ៣១ឆ្នាំ (អ្នកបច្ចេកទេស)។
នៅក្នុងសវនាការពួកគេទាំង៤នាក់បានឆ្លើយសារភាពត្រឹមតែមកសុីឈ្នួលគេលាយសារធាតុគីមីប៉ុណ្ណោះ ហើយបដិសេធថាមិនមែនជាម្ចាស់គ្រឿងញៀនទាំងនោះទេ ។
យ៉ាងហោចណាស់មានគ្រឿងញៀនដែលផលិតរួចទំងន់ ១ ៤០០ គីឡូក្រម និងសារធាតុគីមីផ្សំ ១១តោន ដែលត្រូវលាត់ទោសក្នុងបទឧក្រិដ្ឋនេះ ។
លោកចៅក្រម សុង ប៊ុណ្ណារិទ្ធ ជាប្រធានក្រុមប្រឹក្សាជំនុំជំរះបានប្រកាសបិទសវនាការនៅម៉ោង១១និង៣០នាទី ចំពោះការប្រកាសសាលក្រម នឹងជូនដំណឹងពេលក្រោយ ។
គួររំលឹកថាសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀននិងមាយកដ្ឋានកណ្ដាលសន្តិសុខបានស្រាវជ្រាវ អស់រយៈពេលជាង ០២ខែរួចមក ទើបនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី សមត្ថកិច្ចបានបើកប្រតិបត្តិការបង្រ្កាបមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតសារធាតុញៀន នៅ៣ទីតាំងផ្សេងគ្នាជាបន្តបន្ទាប់។
ចំណុចទី១៖ នៅបន្ទប់លេខ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, ចំណុចទី២៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងចំណុចទី៣៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយដកហូតបានរួមមាន៖ ម៉ាស៊ីន ឧបករណ៍សម្ភារសម្រាប់កែច្នៃ ផលិតវេចខ្ចប់មួយចំនួនធំ, សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ 40គីឡូ ៥១.៧ក្រាម, ល្បាយសារធាតុញៀនកេតាមីន ទម្ងន់ ១,៤២៥គីឡូក្រាម, ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ ០.៩ក្រាម និងសារធាតុគីមីផ្សំ ១១តោន ៥២៥គីឡូក្រាម និងជនជាតិចិនតៃវ៉ាន់ចំនួន៤នាក់ បញ្ជូនមកតុលាការឃុំខ្លួនមកដល់ថ្ងៃកាត់ទោសនេះ ៕

អត្ថបទដែលជាប់ទាក់ទង