បង្ក្រាបបានជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ពាក់ព័ន្ធករណី
បង្ក្រាបបានជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ពាក់ព័ន្ធករណីធាក់ប្លន់ម៉ូតូ និងធ្លាប់គប់កញ្ចប់រថយន្ដលើផ្លូវជាតិ
កណ្ដាល)៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ព្រមទាំងមានការចុះដឹកនាំផ្ទាល់ដោយលោកមេបញ្ជាការរង ទូច អុីណាន ទទួលការងារជំនាញខេត្ត ព្រមទាំងសហការី និងស្រុកពាកព័ន្ធ បានចុះស្រាវជ្រាវរុករកឃាត់ខ្លួនមុខសញ្ញា ធាក់ កាប់ វាយ ប្លន់ម៉ូតូ និងគប់កញ្ចក់រថយន្ត លើដងផ្លូវជាតិក្នុងភូមិសាស្រ្តខេត្តកណ្តាលកន្លងមក។
ជាក់ស្តែងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីធាក់ប្លន់ម៉ូតូ ស្កូបពី ពណ៌ស ឆ្នាំ២០១៩ ផ្លាកលេខកណ្តាល 1AA-2878 នៅចំណុចមុខវត្តមូលីសុវណ្ណ ហៅតាមល់ ស្ថិតនៅភូមិកោះបៀរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ (មិនចាំស្លាកលេខ) ជិះគ្នា២នាក់ (មិនស្គាល់អត្តសញ្ញាណ) បានជិះទន្ទឹមហើយធាក់ដៃចង្កូតម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល រួចយកដំបងមកដេញ វាយជនរងគ្រោះ តែវាយមិនត្រូវ។ ជនសង្ស័យគេចខ្លួនសំដៅទៅភ្នំពេញ ដោយមានម៉ូតូបិតគូថពីក្រោយបួន ប្រាំគ្រឿងទៀតផង។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយតែម្តង។
ប្រតិបត្តិការនេះទទួលបានជោគជ័យ ដោយមានការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល គួបផ្សំឆន្ទះ តស៊ូ ព្យាយាម សាមគ្គី ដោយមានភាពទទួលខុសត្រូវខ្ពស់ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ជាបន្តបន្ទាប់ ៖
*ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនឈ្មោះ វល័ក្ខ ហៅទីន អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (លទ្ធផលធ្វើតេស្តរកសារធាតុញៀន វិជ្ជមាន)។ បន្ទាប់ពីទទួលបានឆ្លើយសារភាពសព្វគ្រប់ ពីជនសង្ស័យឈ្មោះ វល័ក្ខ ហើយជំនាញបានធ្វើការស្រាវជ្រាវតាមបច្ចេកទេស បទពិសោធន៍ និងស្វែងរកមុខសញ្ញាពាក់ព័ន្ធបន្តទៀត រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ទៀត។
*នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនឈ្មោះ ដាវីន ហៅ (៣២) អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (លទ្ធផលធ្វើតេស្តរកសារធាតុញៀន វិជ្ជមាន) និងឈ្មោះ សារាជ្យ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលដូង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅចំណុចរោងការ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (លទ្ធផលធ្វើតេស្តរកសារធាតុញៀន វិជ្ជមាន)។
ក្នុងចំណោមជនសង្ស័យ៣នាក់ ដែលសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនបានគឺមាន២នាក់ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល និងមានដីកាបង្គាប់ឲ្យចាប់ខ្លួន ជនសង្ស័យឈ្មោះ ដាវីន ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួនពីរលើក (លើកទី១ ជាប់ពន្ធនាគារពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (គប់កញ្ចក់រថយន្តផ្លូបជាតិលេខ១) លួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីឆ្នាំ២០១៩។ លើកទី២ ជាប់ពន្ធនាគារពីបទ ហិង្សាដោយចេតនា ប្រព្រឹត្តនៅស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីឆ្នាំ២០២១)។ ជនសង្សយ័ឈ្មោះ វល័ក្ខ មានដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
ជនសង្ស័យទាំង៣នាក់ ត្រូវបានជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច ដោយជាប់ចោទពីបទលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់ម៉ូតូ) និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន។ បច្ចុប្បន្នជំនាញកំពុងបន្តស្រាវជ្រាវរុករកជនសង្ស័យពាក់ព័ន្ធមួយចំនួនទៀត៕