ពលរដ្ឋចំនួន៧គ្រួសារ ប្ដឹងជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចកាប់ឈើ នៅក្នុងដីស្រែរបស់ពួកគាត់ តែជនសង្ស័យរូបនេះ បែរជាបង្កហិង្សាមកលើពលរដ្ឋ និងមន្ត្រីនគរបាលម្នាក់
ពលរដ្ឋចំនួន៧គ្រួសារ ប្ដឹងជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចកាប់ឈើ នៅក្នុងដីស្រែរបស់ពួកគាត់ តែជនសង្ស័យរូបនេះ បែរជាបង្កហិង្សាមកលើពលរដ្ឋ និងមន្ត្រីនគរបាលម្នាក់
ខេត្តសៀមរាប ៖ សមត្ថកិច្ចចាប់ខ្លួននៅល្ងាចថ្ងៃទី៦ ខែមករាឆ្នាំ ២០២៣ ស្ថិតនៅចំណុចភូមិស្លែងកោង ឃុំគោកធ្លកលើ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប។
នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ ករណីឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ក្រូច សោ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅសព្វថ្ងៃនៅក្នុងភូមិស្លែងកោង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើលួច (កាប់ឈើ), បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងប្រើហិង្សា មានស្ថានទម្ងន់ទោសលើមន្ត្រីសាធារណៈ។
មុនពេលកើតហេតុ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋចំនួន៧គ្រួសារបានមកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍គោកធ្លកលើ ដោយចោទលើជនសង្ស័យឈ្មោះ ក្រូច សោ ភេទប្រុស អាយុ៤៥ឆ្នាំថា បានលួចកាប់ឈើនៅក្នុងដីស្រែរបស់ពួកគាត់។
បន្ទាប់មកជនសង្ស័យនេះ ដឹងថាម្ចាស់ដីស្រែប្តឹងរូបគេហើយ លុះដល់ម៉ោង១៦និង០០នាទីល្ងាច ថ្ងៃទី៦ ខែមករា ជនសង្ស័យក៏បានបើកត្រាក់ទ័រទៅឈូសរបងមុខផ្ទះដែលសង់អំពីឥដ្ឋបាក់រលំខ្ទេចអស់ និងប៉ះសសរដែកសំយ៉ាបផ្ទះ បណ្តាលឱ្យកោងទៀតផង ដែលផ្ទះនោះគឺជារបស់ជនរងគ្រោះឈ្មោះ សេត យេត ភេទស្រី រស់នៅភូមិស្វាយពក ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាអ្នកប្តឹងជនសង្ស័យអំពីរឿងលួចកា.ប់ឈើ ។
ក្រោយមកសមត្ថកិច្ចក៏បានចុះទៅធ្វើការអន្តរាគមន៍ តែត្រូវបានជនសង្ស័យបើកត្រាក់ទ័រដេញបុក ពេលនោះសមត្ថកិច្ចបានបាញ់បំបែកកង់ត្រាក់ទ័រ១គ្រាប់ ទើបជនសង្ស័យរត់ទៅឡើងផ្ទះអ្នកស្រុកដែលម្ចាស់អត់នៅ ហើយក៏បានគប់ដុំឥដ្ឋត្រូវសមត្ថកិច្ចម្នាក់ឈ្មោះ ជឿម ជាតិ បណ្តាលឱ្យរបួសស្រាលទៀតផង ពេលនោះប្រជាពលរដ្ឋមានកំហឹងក៏បានមកជួយចាប់ជនសង្ស័យតែម្តង។ លុះរហូតដល់ម៉ោង១៨និង៥៤នាទីល្ងាចថ្ងៃដដែល ទើបចាប់ខ្លួនជនសង្ស័យបាន រួមទាំងវត្ថុតាងកាំបិតចុងស្រួចមួយផងដែរ។ ដោយសារតែពលរដ្ឋខឹង និងមានគ្នាច្រើនពិបាកគ្រប់គ្រង ពួកគាត់ក៏បានវាយជនសង្ស័យរូបនេះ រហូតបណ្តាលឱ្យរងបួសចិញ្ចើម និងបបូរមាត់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងដែលដកហូតបាន រួមមាន ៖ ត្រាក់ទ័រ១គ្រឿង ម៉ាកហ្វត ពណ៌ខៀវ, កាំបិតចុងស្រួច១ដើម ប្រភេទកាំបិតស្នៀត និងម៉ាស៊ីនង៉ោង ១គ្រឿង ត្រូវបានកម្លាំងអធិការនគរបាលស្រុកជីក្រែង ដកហូត និងឃាត់ខ្លួនបាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យ រួចបន្តទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕