សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរាជទូតអូស្ត្រាលី ចូលជួបសម្តែងការគួរសម
សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរាជទូតអូស្ត្រាលី ចូលជួបសម្តែងការគួរសម
(ភ្នំពេញ)៖ នៅថ្ងៃ ទី១៣ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម។
សូមបញ្ជាក់ថា លោក ចាស្ទីន វ៉ាយអេត ត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មីរបស់អូស្ត្រាលីប្រចាំនៅកម្ពុជា ជំនួសលោក បាប្លូ កាង។ លោក ចាស្ទីន វ៉ាយអេត បានចាប់ផ្តើមបំពេញបេសកកម្មរបស់ខ្លួនកាលពីខែកុម្ភៈកន្លងទៅនេះ។
យោងតាមស្ថានទូតអូស្ត្រាលីនៅកម្ពុជា បានឱ្យដឹងថា នេះជាលើកទីពីរហើយដែលលោកឯកអគ្គរាជទូត វ៉ាយអេត មកបម្រើការងារនៅកម្ពុជា។ ការងារការទូតដំបូងបង្អស់របស់លោក គឺនៅស្ថានទូតអូស្ត្រាលីកាលពីជាង ២០ឆ្នាំមុន។ សម្រាប់លើកនេះ លោកត្រឡប់មកវិញជាមួយភរិយា និងកូនទាំងបីនាក់។
ស្ថានទូតបានឱ្យដឹងទៀតថា លោកឯកអគ្គរាជទូត វ៉ាយអេត ទន្ទឹងរង់ចាំពង្រឹងភាពជាដៃគូរវាងអូស្ត្រាលី និងកម្ពុជា ព្រមទាំងធ្វើការជាមួយកម្ពុជាលើបញ្ហានានា។ ក្នុងអាណត្តិបម្រើការងារនេះ លោកសង្ឃឹមថា នឹងបានទៅទស្សនកិច្ចគ្រប់ខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជា និងបង្កើនជំនាញភាសាខ្មែររបស់លោក ដោយមានការជួយជ្រោមជ្រែងពីមិត្តភ័ក្តិកម្ពុជា៕