Banner KNP Detail Top

ផ្លូវបេតុង ១ខ្សែ ប្រវែង ២៣៥០ម៉ែត្រ គឺជាចំណង់ដៃដ៏ធំ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិពូតាំង ដើម្បីជួយសម្រួល ដល់ការធ្វើដំណើរមានភាពល្អប្រសើរ

ផ្លូវបេតុង ១ខ្សែ ប្រវែង ២៣៥០ម៉ែត្រ គឺជាចំណង់ដៃដ៏ធំ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិពូតាំង ដើម្បីជួយសម្រួល ដល់ការធ្វើដំណើរមានភាពល្អប្រសើរ

ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធ បើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ២៣៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ បន្តពីផ្លូវបេតុងចាស់ ពីផ្លូវបំបែកផ្លូវជាតិលេខ ៧៦ ទៅកាន់ភូមិពូតាំង សង្កាត់រមនា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។ ពិធីនេះមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជា២៥០នាក់ ដែលប្រព្រឹត្តទៅនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលក្រុងសែនមនោរម្យ ក៏ដូចជាមន្ទីរអង្គភាព ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេស ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ឯកឧត្តម បញ្ជាក់ថា ចំពោះផ្លូវបេតុង ១ខ្សែនេះ គឺជាគម្រោងរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ផ្តល់ជាចំណង់ដៃដ៏ធំ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិពូតាំង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកំសាន្ត នៅតំបន់នេះ មានភាពងាយស្រួល។ ឯកឧត្តម បន្ថែមថា ភូមិពូតាំងនេះ ទៅអនាគត នឹងក្លាយជាទីប្រជុំជនមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរ មកលេងកំសាន្តកាន់តែច្រើនឡើង ដោយសារតែមានអាកាសធាតុល្អ មានធនធានធម្មជាតិសម្បូបែប និងមានរីស៊តជាច្រើនកន្លែង ទន្ទឹមនឹងនេះ ក៏សូមឳ្យប្រជាពលរដ្ឋ ជាពិសេស បងប្អូនជនជាតិដើមភាគតិច ត្រូវចេះកែឆ្នែវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដែលជាអត្តសញ្ញាណរបស់ខ្លួន ដើម្បីដាក់តាំងលក់ ជូនដល់ភ្ញៀវទេសចរ ហើយត្រូវបន្តចូលរួមថែរក្សាប្រពៃណី ទំនៀមទំលាប់ វប្បធម៌ និងសាសនារបស់ខ្លួន ឲ្យបានគង់វង្ស។
ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ក្រុមការងារសាងសង់ផ្លូវបេតុងនេះ ត្រូវយកចិត្តទុកដាក់ ក្នុងការស្ថាបនាផ្លូវឲ្យមានគុណភាពខ្ពស់ ហើយចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានស្របតាមដងផ្លូវនេះ ត្រូវចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ក្នុងការជួយសម្រួលដល់ការសាងសង់ផ្លូវបេតុងនេះ ឲ្យទទួលបានជោគជ័យ។ ម្យ៉ាងទៀត ក៏សូមឳ្យអាជ្ញាធរមូលដ្ឋាន ត្រូវជំរុញបំផុសចលនាប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឳ្យបានជាប់ជាប្រចាំ នៅគ្រប់មូលដ្ឋាន ហើយក៏សូមឲ្យប្រជាពលរដ្ឋទាំងអស់ បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឳ្យបានគ្រប់ដូស តាមការណែនាំរបស់ក្រសួងសុខភិបាល។
នាឳកាសនោះដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បាននាំយកអាវរងា និងក្រមា ចែកជូនដល់ប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធីប្រមាណ ២៥០នាក់ រស់នៅក្នុងភូមិពូតាំងនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង