Banner KNP Detail Top

លោក គូម៉ា ចេញមុខឆ្លើយតបវិញភ្លាមៗ លោកបានចាត់ទុកការរិះគន់នេះ គឺកើតចេញដោយសារតែ

លោក គូម៉ា ចេញមុខឆ្លើយតបវិញភ្លាមៗ លោកបានចាត់ទុកការរិះគន់នេះ គឺកើតចេញដោយសារតែការមិនដឹងរឿងច្បាស់

ភ្នំពេញ ៖ ជុំវិញមតិរិះគន់ទាំងអស់នេះ តារាចម្រៀងក្នុងផលិតកម្មថោន លោក គូម៉ា ក៏បានចេញមុខធ្វើការឆ្លើយតបវិញភ្លាមៗផងដែរ ដោយនៅក្នុងនោះ លោកបានចាត់ទុកការរិះគន់នេះ គឺកើតចេញដោយសារតែការមិនដឹងរឿងច្បាស់ នៅក្នុងពេលដែលលោកក៏បានបង្ហាញអារម្មណ៍សប្បាយចិត្ត ចំពោះការរិះគន់មួយនេះ ព្រោះវាកើតចេញពីការអាណិតស្រឡាញ់ពីមហាជន។
ក្រោយពេលមានរូបភាពវីដេអូបង្ហាញពីអ្នកកាន់កាមេរ៉ាថតនៅក្នុងការប្រគំតន្ត្រីមួយដែលបានធ្លាក់ពីលើឆាក ខណៈពេលកំពុងថតការឡើងបកស្រាយបទចម្រៀងពីតារាចម្រៀងលោក គូម៉ា ត្រូវបានគេចែកចាយពេញបណ្តាញសង្គម ខណៈពេលដែលសកម្មភាពនោះ ក៏មានមតិរិះគន់ទៅកាន់តារាចម្រៀងនេះជាច្រើនផងដែរ។ ការរិះគន់នោះ គឺពួកគេខ្លះបាននាំគ្នាធ្វើការស្តីបន្ទោសទៅកាន់លោក គូម៉ា ថា មិនព្រមជួយដល់អ្នកកាន់កាមេរ៉ាដែលបានធ្លាក់នៅនឹងមុខនោះ ប៉ុន្តែផ្ទុយទៅវិញលោកបែរជាបន្តការច្រៀង ដោយហាក់មិនមានរឿងអ្វីកើតឡើយ។

តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម TiKToK តារាចម្រៀងលោក គូម៉ា បានលើកឡើងថា វីដេអូដែលមហាជនបានឃើញនេះ គឺជាវីដេអូដែលលោកបានទៅសម្តែងនៅក្នុងខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ។ លោកបញ្ជាក់ថា តាមរយៈរូបភាពវីដេអូនេះ ក៏មានឃើញមតិលើកឡើងខុសៗគ្នា ដោយនៅក្នុងនោះក៏មានមតិរិះគន់មកលើរូបលោកថា ហេតុអ្វីមិនព្រមជួយគាត់ (អ្នកកាន់កាមេរ៉ា)? ហើយហេតុអ្វីបានជាលោកមិនព្រមឈប់ច្រៀងសិន? និងមានមតិលើកឡើងមួយចំនួនទៀត ដែលលើកឡើងមកលើរូបលោក។
លោកបន្ថែមថា មតិទាំងអស់នោះ លោកពិតជាមានចិត្តសប្បាយរីករាយ ដោយសារមតិពួកគាត់នាពេលនេះ គឺបង្កប់ដោយក្តីស្រឡាញ់ និងបង្កប់នូវភាពចង់ជួយ នៅពេលឃើញសកម្មភាពក្រុមការងារធ្លាក់ក្នុងស្ថានភាពបែបនេះ។
លោក គូម៉ា ថា រឿងហេតុនេះ គឺបងប្អូនខ្លះពួកគាត់មិនទាន់ដឹងរឿងច្បាស់ ដែលបានកើតឡើងនាពេលយប់នោះ ហេតុនេះលោកក៏បានធ្វើជាវីដេអូនេះ ដើម្បីបកស្រាយរឿងហេតុខាងលើឲ្យបងប្អូនបានយល់ច្បាស់។ តារាចម្រៀងលោក គូម៉ា បានលើកឡើងថា ការពិតរូបលោកក៏មិនខុសពីបងប្អូនទាំងអស់គ្នាដែរ នៅពេលដែលឃើញក្រុមការងារអ្នកកាន់កាមេរ៉ាធ្លាក់ពីលើឆាកភ្លាម គឺអារម្មណ៍របស់លោកមានភាពច្របូកច្របល់យ៉ាងខ្លាំង។ ប៉ុន្តែនៅពេលដែលគាត់ធ្លាក់ពីលើឆាកភ្លាម ក៏មានក្រុមការងារចំនួន៤ទៅ៥នាក់បានស្ទុះមកជួយគាត់ ហើយការប្រគំតន្ត្រីនាយប់នោះ គឺជាការប្រគំតន្ត្រីដែលមានការ Live ផ្ទាល់ អញ្ចឹងក្រុមការងារក៏គាត់បានឲ្យសញ្ញាមកលោក ឲ្យបន្តការសម្តែងទៀត ទាំងអារម្មណ៍លោកនៅតែមានភាពច្របូកច្របល់គិតដល់រឿងហេតុកើតឡើងនេះ។
លោកបន្ថែមថា រហូតពេលលោកសម្តែងចប់ លោកក៏បានសំដៅទៅរកស្តង់ដែលក្រុមការងារកំពុងសម្រាក ហើយលោកក៏បានឃើញក្រុមការងារជាច្រើននាក់កំពុងតែយកចិត្តទុកដាក់ និងសួរនាំពីស្ថានភាពគាត់នាពេលនោះ។ ដោយសារស្ថានភាពគាត់នៅមានការឈឺចង្កេះនោះក្រុមការងារក៏បញ្ជូនគាត់មកសម្រាកនៅក្រោយឆាក ហើយអំឡុងពេលនោះ លោកក៏បានផ្លាស់សម្លៀកបំពាក់ ហើយដើរទៅសួរគាត់ដោយផ្ទាល់មាត់ម្តងទៀតនៅទីកន្លែងដែលគាត់កំពុងសម្រាកដែរ។
លោក គូម៉ា បន្ថែមទៀតថា រហូតពេលលោកមកដល់ភ្នំពេញហើយនោះ លោកក៏នៅតែចង់ដឹងពីស្ថានភាពរបស់គាត់ដដែល ហើយក្រុមការងារក៏បានយកគាត់មកពិនិត្យ និងថតដើម្បីបញ្ជាក់ឲ្យច្បាស់ថា គាត់មានការប៉ះពាល់ក្បាល ឬបាក់ឆ្អឹងត្រង់ណាដែរទេ?។ លោកបញ្ជាក់ថា ជាដំណឹងដ៏ល្អ គាត់មិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរឡើយ ដោយគាត់គ្រាន់តែនៅឈឺកន្លែងខ្លះដែលគាត់បានដួលតែប៉ុណ្ណោះ ហេតុនេះសូមបងប្អូនយល់ពីហេតុការណ៍មួយនេះ។
ជាចុងក្រោយ លោកបានលើកម្រាមដៃ១០ រួចនិយាយបន្តអោយដឹងទៀតយ៉ាងដូច្នេះថា «ខ្ញុំអគុណខ្លាំងមែនទែន ចំពោះមតិរិះគន់ ក៏ដូចជាមតិឈឺឆ្អាលក្នុងការឃើញនៅហេតុការណ៍បែបនេះកើតឡើង ដែលបានបញ្ជាក់ពីអារម្មណ៍ពុកម៉ែបងប្អូនក្នុងនាមជាខ្មែរ យើងបារម្ភ យើងស្រលាញ់ជនជាតិយើងដូចគ្នា នៅពេលដែលមានបញ្ហាយើងត្រូវចេះជួយគ្នា នៅពេលដែលខ្ញុំបានឃើញបងប្អូនមានអារម្មណ៍បែបនឹង គឺខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តខ្លាំងមែនទែន អញ្ចឹងខ្ញុំសូមអគុណសម្រាប់មតិរិះគន់ ក៏ដូចជាមតិស្ថាបនាផ្សេងៗ»៕

អត្ថបទដែលជាប់ទាក់ទង