សមត្ថកិច្ចនាំខ្លួនជាងថែទាំ និងជាអ្នកជួសជុលអគារ ព្រះរាជដំណាក់តូច ចំនួន ៥នាក់ ទៅសាកសួរ ក្រោយមានករណី
សមត្ថកិច្ចនាំខ្លួនជាងថែទាំ និងជាអ្នកជួសជុលអគារ ព្រះរាជដំណាក់តូច ចំនួន ៥នាក់ ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប
ខេត្តសៀមរាប÷ ក្រោយមានករណីភ្លើងឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប កាលពីវេលាយប់ម៉ោង១០:០៥នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននាំខ្លួនជាងថែទាំ និងជាអ្នកជួសជុលអគារចំនួន ៥នាក់ទៅសាកសួរ ដើម្បីរកមូលហេតុពិត ដែលបង្កឱ្យកើតមានគ្រោះអគ្គីភ័យដ៏សន្ធោសន្ធៅនេះ។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត សៀមរាប បង្ហាញថា អគារព្រះរាជដំណាក់តូចទំហំ ២៤ ម៉ែត្រ x ១៥ម៉ែត្រ មានការខូចខាតផ្នែកខាងក្រៅប្រហែល ៩០ភាគរយ ចំណែកផ្នែកខាងក្នុងកម្លាំងជំនាញពុំអាចធ្វើការប៉ាន់ស្មានពីទំហំនៃការខូចខាតបានទេ។ ដោយឡែក ការសាកសួរជាងថែទាំ និងជួសជុលអគារទាំង ៥នាក់នោះ មន្ទីរព័ត៌មានខេត្តសៀមរាប នៅពុំទាន់ទទួលបានរបាយការណ៍ពីសមត្ថកិច្ចនៅឡើយដែរ។
មូលហេតុដែលបង្កឱ្យមានអគ្គីភ័យនេះឆាបឆេះឡើង ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីប្រកាស នៅព្រឹកថ្ងៃទី១៣ ខែមីនានេះ ដោយបង្ហាញជាការឆ្លងចរន្តអគ្គិសនី។ ក្នុងនោះដែរ ក្រសួងព្រះបរមរាជវាំង មានការសោកស្តាយជាពន់ពេកចំពោះព្រឹត្តិការណ៍ជាអកុសលនេះ។ ជាមួយនោះ នៅព្រឹកថ្ងៃនេះដែរ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានអញ្ជើញមកពិនិត្យ និងរៀបចំជួសជុលព្រះរាជដំណាក់តូច ដែលឆាបឆេះនេះឡើងវិញ។
គួរជម្រាបថា អំឡុងពេលមានគ្រោះអគ្គីភ័យឆេះ អគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ក្នុងក្រុងសៀមរាបលោកទៀ សីហា អភិបាលខេត្តសៀមរាប បានចុះតាមដាន និងពិនិត្យដោយផ្ទាល់យ៉ាងយកចិត្តទុកដាក់ ពីសកម្មភាពរបស់កម្លាំងជំនាញពន្លត់អគ្គីភ័យគ្រប់គ្រង់ស្ថានការណ៍ និងពន្លត់ភ្លើងបានទាំងស្រុងនៅម៉ោងប្រមាណ ១២:២០នាទីអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែមីនា។
គួរបញ្ជាក់ដែរថា ប្រតិបត្តិការពន្លត់អគ្គីភ័យនេះ រថយន្តពន្លត់អគ្គិភ័យចំនួន ១១គ្រឿង ដែលបានប្រើប្រាស់ទឹកសរុប ៣៥ឡាន។ រថយន្តពន្លត់អគ្គិភ័យទាំងនោះ មកពីអង្គភាពចំនួន៦ រួមមាន ស្នងការដ្ឋានខេត្តសៀមរាប កងរាជអាវុធហត្ថក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា ភូមិវប្បធម៌សួនបៃតងអង្គរ អធិការដ្ឋានស្រុកបាគង និងអធិការដ្ឋានស្រុកពួក៕