Banner KNP Detail Top

នំាខ្លួនបុរសម្នាក់ទៅតុលាការ ករណីចេញសែកស្អុយគ្មានសាច់ប្រាក់ ប្រមាណ២០មុឺនដុល្លារ

នំាខ្លួនបុរសម្នាក់ទៅតុលាការ ករណីចេញសែកស្អុយគ្មានសាច់ប្រាក់ ប្រមាណ២០មុឺនដុល្លារ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឃាត់ខ្លួនបុរសម្នាក់ (ដែលអ្នកខ្លះស្គាល់គាត់ថា ជាមន្ត្រីយោធាពាក់ផ្កាយ៣ចូលនិវត្តន៍) បញ្ជូនទៅតុលាការពាក់ព័ន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺចេញសែកស្អុយលើទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លារអាមេរិក ។ បុរសរូបនោះឈ្មោះ វង្ស វន អាយុ៦៦ឆ្នាំ មានទីលំនៅផ្ទះលេខ០៨ ផ្លូវ Maple ១ បុរីសាន់វ៉េទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សំណុំរឿងជនសង្ស័យនេះ បានស្ថិតនៅលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ។ ការស៊ើបសួរនៅដំណាក់កាលស្ថាប័នអយ្យការ រហូតដល់ល្ងាចថ្ងៃដដែលទើបត្រូវបានបញ្ចប់ ដោយផុតម៉ោងរដ្ឋបាលរបស់មន្ត្រីរាជការ ជនសង្ស័យត្រូវបានផ្ញើទៅសមត្ថកិច្ចវិញ ដែលមិនទាន់សម្រេចចោទប្រកាន់ឬមិនចោទប្រកាន់ជាផ្លូវការនៅឡើយទេ ។ ជនសង្ស័យឈ្មោះ វង្ស វន ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅប្លុកបឹងកក់ ខណ្ឌទួលគោក ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនពីស្ថាប័នអយ្យការ ខណៈដែលរូបលោកកំពុងធ្វើដំណើរតាមរថយន្តទំនើប១គ្រឿង។ ដើមចមនៃការឃាត់ខ្លួនបុរសខាងលើនេះ ត្រូវបានប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញបង្ហើបឱ្យដឹងថា មានក្រុមហ៊ុនប្ដូរប្រាក់មួយបានពឹងពាក់មេធាវីការពារក្តីតំណាងដោយអាណត្តិ ប្តឹងឈ្មោះ វង្ស វន ទៅសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ “សែកស្អុយ” ។ តាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីអំឡុងខែមេសា ដល់ខែកក្ដដា ឆ្នាំ២០២២ ឈ្មោះ វង្ស វន បានផ្ដិតមេដៃជាបន្តបន្ទាប់ចំនួន៣លើកដើម្បីខ្ចីប្រាក់ពីក្រុមហ៊ុនមួយប្រមាណ២០មុឺនដុល្លារអាមេរិក ដែលប្រាក់ដើមទាំងអស់នោះ នឹងត្រូវទូទាត់មកវិញតាមរយៈមូលប្បទានបត្រ៣ សន្លឹក ។ ប៉ុន្តែដល់ថ្ងៃកំណត់ត្រូវបានក្រុមហ៊ុននោះយកសែកទៅបើកនៅធនាគារ ស្រាប់តែខាងធនាគារឆ្លើយតបថា មូលប្បទានបត្រទាំង៣សន្លឹកនេះគ្មានប្រាក់”ពោលគឺសែកស្អុយ”ទាំងអស់ ។ ក្រោយពីដឹងថា មូលប្បទានបត្រចេញដោយបុរសនោះគ្មានសាច់ប្រាក់ហើយ ភាគីដើមបណ្តឹងបានទាក់ទងទៅកូនបំណុល ដើម្បីជួបដោះស្រាយក្រៅប្រព័ន្ធតុលាការ តែលទ្ធផលត្រូវបានភាគីចុងចោទគេចវេះមិនអាចរកការចរចាគ្នាបាន ទើបភាគីដើមបណ្តឹងសម្រេចចិត្ត ដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចឱ្យជួយចាត់ការតាមផ្លូវច្បាប់ ។ ដូច្នេះសំណុំរឿងនៅបន្តបើកការស៊ើបសួរនៅថ្ងៃទី១៥ ខែមីនានេះបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង