ប្រកាសផ្ដន្ទាទោសលើសំណុំរឿងឧក្រិដ្ឋជនគ្រឿងញៀន ២នាក់ ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ជាជនជាតិថៃ ដាក់ពន្ធនាគារ “អស់មួយជីវិត”
ប្រកាសផ្ដន្ទាទោសលើសំណុំរឿងឧក្រិដ្ឋជនគ្រឿងញៀន ២នាក់ ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ជាជនជាតិថៃ ដាក់ពន្ធនាគារ “អស់មួយជីវិត”
ភ្នំពេញ ៖ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣ ប្រកាសសាលក្រមផ្ដន្ទាទោសលើសំណុំរឿងឧក្រិដ្ឋជនគ្រឿងញៀន២នាក់ ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ជាជនជាតិថៃ ដាក់ពន្ធនាគារ “អស់មួយជីវិត” និងពិន័យជាប្រាក់ចូលថវិការរដ្ឋក្នុងម្នាក់ ៦០ លានរៀល ក្រោមការចោទប្រកាន់ពីបទ.រក្សាទុក ដឹកជញ្ជូន និងជួញ ដូរនូវសារធាតុញៀន និងបទ.កាន់កាប់ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ។
ជនជាប់ចោទម្នាក់ឈ្មោះ គឹម សំភោគ ភេទប្រុស អាយុ៣៨ ឆ្នាំ ជាជនជាតិខ្មែរ និងម្នាក់ឈ្មោះ ប្រាក់ សឺត ភេទប្រុស អាយុ៥៤ ឆ្នាំ ជាជនជាតិថៃ ។ សាលក្រមបានប្រកាសធ្វើឡើងជាសាធារណៈ ទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើមិនសុខចិត្តចំពោះការកាត់ក្តីនេះ ។សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំ រឿងគ្រឿងញៀនមួយនេះ មកបើកសវនាការសួរដេញដោលជា ច្រើនលើក ចាប់តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ពាក់ កណ្ដាលខែមីនា ឆ្នាំ២០២៣ ដោយចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និង ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន និង បទកាន់កាប់ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ៤០ និង មាត្រា២០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យ គ្រឿងញៀន និង ច្បាប់ ស្ដីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះនិង គ្រាប់រំសេវ ។
សូមជម្រាបថា ករណីប្រតិបត្តការបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនមួយនេះ គឺបានធ្វើឡើងយ៉ាងក្តៅគគុក ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានការផ្ទុះដាក់គ្នាជាច្រើនគ្រាប់រវាង សមត្ថកិច្ច និងឈ្មួញគ្រឿងញៀន ជាលទ្ធផលជនឧក្រិដ្ឋ២ នាក់ត្រូវបានចាប់ខ្លួន និងថ្នាំញៀនជិត ៣០ គីឡូក្រាមត្រូវបានរឹបអូស ។ឧក្រិដ្ឋជនដែលចាប់ខ្លួន២ នាក់ ម្នាក់ឈ្មោះ គីម តាត់ ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិ ខ្មែរ និងម្នាក់ឈ្មោះ ប្រាក់ សឺត ភេទប្រុស អាយុ៥៤ ឆ្នាំ ជាជនជាតិ ថៃ ។ ប្រតិបត្តការនោះប្រព្រឹត្តឡើងកាលពីវេលារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តតាមបញ្ជាឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន កាលណោះដឹកនាំផ្ទាល់ដោយលោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នៅជានាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (បច្ចុប្បន្នលោកចូលនិវន្ត) ។ ការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនពេលនោះ គឺកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យទី៧ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៧) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ និងមានការចូលរួមពីកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួល ពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ដែលបានបើកការស៊ើបអង្កេត និងស្រាវ ជ្រាវ រហូតឈានដល់ការបង្រ្កាបជាបន្តបន្ទាប់ មាន២ គោលដៅផ្សេងគ្នា ។ គោលដៅទី១.ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ខណៈពេលចុះបង្ក្រាបនោះត្រូវក្រុមឧក្រឹដ្ឋជនផ្ទុះអាវុធបាញ់មកលើកសមត្ថកិច្ចជាច្រើនគ្រាប់ ធ្វើឲ្យសមត្ថកិច្ចបង្ខំចិត្តបាញ់តបតវិញដើម្បីការពារខ្លួន ទើបពេលនោះឧក្រឹដ្ឋជនឈ្មួញគ្រឿងញៀនទម្លាក់អាវុធ និងប្រគល់ខ្លួនឲ្យសមត្តកិច្ច ។ ក្រោយពីចាប់ខ្លួនជនសង្ស័យទាំងពីរ សមត្ថកិច្ចក៏បាននាំទៅឆែកឆេរលំនៅដ្ឋានមួយកន្លែងដែលជាគោលដៅទី២.ស្ថិតនៅផ្ទះលេខ៣២ ផ្លូវC ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងនោះសមត្តកិច្ចបានចាប់យកវត្ថុតាងរួមមាន ៖
សារធាតុញៀនប្រភេទ ម៉េតំហ្វេតាមីន (ICE) ចំនួន២៤កញ្ចប់ធំ ស្មើទម្ងន់ប្រមាណជាង២៤ គីឡូក្រាម ។
.សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA)១៤ កញ្ចប់ ស្មើទម្ងន់ប្រមាណ៤ គីឡូក្រាម ។ (សរុបជិត៣០គីឡូក្រាម)
.រថយន្ត៤ គ្រឿង
.ទូរសព្ទ័ ៦គ្រឿង
.អាវុធខ្លី ម៉ាករ៉ូឡូ ១ដើម សំបកគ្រាប់ ៣គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន៣គ្រាប់ ៕