Banner KNP Detail Top

សត្វរមាំង ឬ ល្មាំង ( Eld’s Deer ) ដែលមានឈ្មោះ វិទ្យាសាស្ត្រ Cervus eldii សត្វប្រភេទនេះ គេកំពុងឃើញមានវត្តមាននៅកម្ពុជា

ភ្នំពេញ៖ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នេះថា រមាំងជាប្រភេទសត្វជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជាយើង ភាគច្រើន រស់នៅជាហ្វូង តាមតំបន់ទំនាបក្នុងព្រៃល្បះ ដែលសម្បូដោយ ស្មៅ ស្បូវ ព្រេច ល្បះរុក្ខជាតិ រួមជាមួយ ថ្លុក បឹង ត្រពាំង និងវាលស្រែ នៃបណ្តាខេត្តមួយចំនួន រួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។
រមាំង ជាថនិកសត្វ តិណាសី និងមិនសូវផ្អើល មានមាឌតូចជាងប្រើស តែធំជាងឈ្លូស បន្តិច រមាំងឈ្មោល មាឌធំជាង រមាំងញី និងមានសម្បុរលឿងស្រអាប់ ឬ លឿងក្រម៉ៅ មានអុចៗស នៅចំហៀងខ្លួន ក្រោមពោះ និង ក ពណ៌ស។
ស្នែងរបស់វា ខុសពីប្រើស និង ឈ្លូស ដោយនៅគល់ស្នែង មានបែកខ្នែងពីមួយ ស្រួចគ្របលើ ចិញ្ចើមដុះលយទៅមុខ និងមួយទៀត ដុះឡើងលើ ពេនចេញមកក្រៅ ហើយកោងខុប ទៅមុខ នៅចុង ស្នែងរាងសំប៉ែត បែកជាម្រាម ហើយវាតែងជម្រុះស្នែង រាល់ឆ្នាំ ជាពិសេសនៅរដូវវស្សា ដែលជារដូវសម្បូរចំណីអាហារ សម្រាប់ការលូតលាស់ ស្នែងថ្មីរបស់វា ប៉ុន្តែមានតែរមាំងឈ្មោលទេ ដែលមានដុះស្នែង៕

អត្ថបទដែលជាប់ទាក់ទង