លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ឆ្លុះកញ្ចក់ ដុសក្អែល មើលខ្លួនឯង ឱ្យបានល្អ ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ បើប្រជាពលរដ្ឋ គោរព ស្រឡាញ់យើង
លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ឆ្លុះកញ្ចក់ ដុសក្អែល មើលខ្លួនឯង ឱ្យបានល្អ ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ បើប្រជាពលរដ្ឋ គោរព ស្រឡាញ់យើង
ភ្នំពេញ៖ ការណែនាំ និងការអំពាវនាវបែបនេះរបស់លោក បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើង នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធសមិទ្ធផលនានា និងស្រោចស្រព សុគន្ធារី នៅវត្តធម្មវិបស្សនារាម ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យមន្ត្រីរបស់ គណបក្សប្រជាជនកម្ពុជា រៀនវិបស្សនា ឆ្លុះកញ្ចក់ ដុសក្អែល មើលខ្លួនឯង ឱ្យបានល្អ ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ បើប្រជាពលរដ្ឋ គោរព ស្រឡាញ់យើងនោះ ពួកគាត់នឹងបោះឆ្នោត ជូនគណបក្សប្រជាជន ឱ្យបំរើពួកគាត់ បន្តទៀតហើយ។ បន្ថែមពីនេះ លោកបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះតេលេក្រាម ដែលបានបន្លំប្រើប្រាស់ឈ្មោះ និងរូបរបស់លោក ក្នុងគោលដៅ បោកប្រាស់ ឬគោលបំណងអាក្រក់ផ្សេងៗទៀត។
លោកបណ្ឌិត បានមានប្រសាសន៍ថា៖ កន្លងមកនេះ មានករណីជនបោកប្រាស់ បានបង្កេីតគណនីតេលេក្រាម ដោយបន្លំប្រេីប្រាស់រូបភាព និងឈ្មោះរបស់លោកបណ្ឌិត ដេីម្បីផ្ញេីសារក្នុងគោលដៅបោកប្រាស់ ឬគោលបំណងផ្សេងៗ។ សូមបងប្អូន ពូមីង តាយាយ មេត្តាជ្រាប និងប្រុងប្រយ័ត្នខ្ពស់បំផុត និងកុំចាញ់តាមការបោកប្រាស់របស់ ក្រុមទាំងនេះ នាំឲ្យមានការខាតបង់ផលប្រយោជន៍ ឬទ្រព្យសម្បត្តិជាដេីម ។
លោកបណ្ឌិត បានមានប្រសាសន៍ទៀតថា៖ ក្នុងខណ្ឌកំបូលនេះ ពីមុន ជាវាលស្រែ ដែលទាហានអាចលោតឆ័ត្រយោង បាន តែពេលនេះ មានការអភិវឌ្ឍរីកចំរើនខ្លាំង ទាំងអាណាចក្រ និងពុទ្ធចក្រ។ ជាក់ស្តែង នៅពេលនេះ នៅវត្តធម្មវិបស្សនារាមនេះ មានការអភិវឌ្ឍរីកចំរើន តាមរយៈការកសាងសមិទ្ធផលជាច្រើន ដែលកើតចេញពីសទ្ធា ជ្រះថ្លា ពីសប្បុរសជននានា ដែលបានរួមគ្នា។ នេះជាវប្បធម៌ចែករំលែក ក្រោមដំបូល សន្តិភាព ។ បើគ្មានសន្តិភាព បើគ្មានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានល្អទេ យើងមិនអាចឈរនៅទីនេះ ជួបគ្នានៅទីនេះ បាននោះទេ។ នេះគឺបានមកពី ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំឱ្យមន្ត្រីរបស់ គណបក្សប្រជាជនកម្ពុជា រៀនធម្មវិបស្សនា មើលខ្លួនឯង ដោយឆ្លុះកញ្ចក់ ដុសក្អែលខ្លួនឯង ដើម្បីបំរើប្រជាពលរដ្ឋ ឱ្យបានល្អ ។ បើប្រជាពលរដ្ឋ គោរពស្រលាញ់ នោះពួកគាត់ នឹងបោះឆ្នោតជូន គណបក្សប្រជាជន ឱ្យបំរើពួកគាត់បន្តទៀតហើយ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើង ពីប្រវត្តិនៃការកកើតវត្តធម្មវិបស្សនារាម ដែលវត្តនេះមាន អាយុកាលចំនួន ១៩៣ ឆ្នាំមកហើយ ដោយឆ្លងកាត់ព្រះចៅអធិការវត្ត ចំនួន១៣អង្គ។ ចំពោះសមិទ្ធផលនានា ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ នៅពេលនេះ មានដូចជាកុដិ សាលាបុណ្យ ផ្លូវបេតុង បង្គោលភ្លើង បន្ទប់ទឹក និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ដែលសរុបជាថវិកា មានចំនួន ១.០៤៨.០០០ ដុល្លារអាមេរិក ដើម្បីទុកជាប្រយោជន៍ ក្នុងវិស័យព្រះពុទ្ធសាសនា ។
លោក ឃួង ស្រេង បានបន្តទៀតថា សមិទ្ធផលទាំងនេះ ពិតជាបានកើតឡើងពី ប្រទេសជាតិ មានសន្តិភាពពេញលេញ ដែលរកបានមកដោយលំបាករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈគោលនយោបាយ ឈ្នះឈ្នះ ។ សន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន។
លោកបានសម្តែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេស មានការអភិវឌ្ឃរីកចំរើន រហូតមកដល់ បច្ចុប្បន្ននេះ ។ លោកបានប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រយ៉ាងពេញទំហឹងផងដែរ ចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕