ចាប់ថៅកែនាំស្ករសផ្តាច់មុខ ពីប្រទេសថៃចូលមកស្តុក និងចែកចាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនាំចេញទៅកាន់ប្រទេសវៀតណាម ករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ «សែកស្អុយ» ជាង១លានដុល្លា
ចាប់ថៅកែនាំស្ករសផ្តាច់មុខ ពីប្រទេសថៃចូលមកស្តុក និងចែកចាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនាំចេញទៅកាន់ប្រទេសវៀតណាម ករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ «សែកស្អុយ» ជាង១លានដុល្លា
ភ្នំពេញ ៖ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនទៅកាន់តុលាការពាក់ព័ន្ធករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ «សែកស្អុយ» ជាង១លានដុល្លារអាមេរិក។ ជនសង្ស័យ មានឈ្មោះ សួន វុធ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាពាណិជ្ជករ នាំស្ករសផ្តាច់មុខ ដែលមានអាសយដ្ឋាននៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចាប់ខ្លួនថៅកែស្ករសនេះ គឺសមត្ថកិច្ចបានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ.មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន តាមបណ្តឹងរបស់ស្ត្រីម្នាក់ជាពាណិជ្ជករដូចគ្នា។ ខណៈពេលសមត្ថកិច្ចបញ្ជូនជនសង្ស័យទៅដល់ សំណុំរឿងគឺបានស្ថិតនៅលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ។
ចំណែកអង្គហេតុនៃពាក្យបណ្តឹងនោះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ សួន វុធ បានទំនាក់ទំនងទៅម្ចាស់បំណុល ដើម្បីដាក់ទុនរកស៊ីលើទំហំទឹកប្រាក់ប្រមាណ ១.៣៥០.០០០ (មួយលានសាមសិបប្រាំម៉ឺនដុល្លារអាមេរិក) នៅចំណុចហាងឈ្មោះ SL PUB ដែលមានទីតាំងផ្ទះលេខ១១២ ផ្លូវលេខ២៩១ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដោយមានការទុកចិត្ដម្ចាស់បំណុលក៏បានប្រគល់ប្រាក់ចំនួន ១.៣៥០.០០០ដុល្លារ ឲ្យទៅឈ្មោះ សួន វុធ ហើយឈ្មោះ សួន វុធ ក៏បានធានាអះអាងថា ក្នុងរយៈពេល២ថ្ងៃនឹងសងវិញគ្រប់ចំនួន។ លុះដល់ថ្ងៃកំណត់ត្រូវប្រគល់ប្រាក់ ស្រាប់តែឈ្មោះ សួន វុធ បានចេញមូលប្បទានប័ត្រចំនួន២សន្លឹកឲ្យទៅដើមបណ្តឹង ដែលមូលប្បទានប័ត្រមួយនោះ មានទឹកប្រាក់ចំនួន ៩០០.០០០ ដុល្លារអាមេរិក និងមូលប្បទានប័ត្រមួយសន្លឹកទៀត មានទឹកប្រាក់ចំនួន ៤៥០.០០០ ដុល្លារអាមេរិក ដាក់ចូលកុងធានាគារ ABA ។
ក្រោយពីទទួលបានមូលប្បទានប័ត្រពីរសន្លឹកនោះហើយ ដើមបណ្តឹងបានយកទៅបើកប្រាក់នៅធនាគារ ប៉ុន្តែត្រូវបានខាងធានាគារបញ្ជាក់ថា មូលប្បទានប័ត្រទាំងពីរសន្លឹកនេះ មិនមានទឹកប្រាក់ក្នុងគណនីទេ ពោលគឺ «សែកស្អុយ»។ ក្រោយពីដឹងថា មូលប្បទានប័ត្រគ្មានសាច់ប្រាក់ ម្ចាស់បំណុលបានព្យាយាមទាក់ទងទៅឈ្មោះ សួន វុធ តាមគ្រប់មធ្យោបាយ ដើម្បីរកដោះស្រាយលើទឹកប្រាក់ជាងមួយលានដុល្លារអាមេរិកដែលបានសន្យាខ្ចីតែ២ថ្ងៃនោះ។ ប៉ុន្តែទីបំផុត កូនបំណុលព្យាយាមគេចវេស មិនព្រមជួបម្ចាស់បំណុលនោះទេ ទើបដើមបណ្តឹងសម្រេចចិត្តដាក់ពាក្យប្តឹងទៅសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ការលើថៅកែនាំស្ករសផ្តាច់មុខនោះតាមផ្លូវច្បាប់តែម្តង៕