ក្រសួងវប្បធម៌ ចេញសេចក្តីប្រកាសព័ត៌មាន ពីការទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនកម្ពុជាវិញ
ក្រសួងវប្បធម៌ ចេញសេចក្តីប្រកាសព័ត៌មាន ពីការទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនកម្ពុជាវិញ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំ «ពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ» ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ បញ្ជាក់ថា វត្ថុបុរាណដែលទទួលបានមកវិញនេះ គឺជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន និងជាព្រលឹងដូចតាខ្មែរជាច្រើនជំនាន់ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស នៅក្នុងអំឡុងនៃសង្រ្គាមស៊ីវិលរ៉ាំរ៉ៃ និងអសន្តិសុខ ដែលបានកើតឡើងនៅកម្ពុជានាពេលកន្លងទៅនេះ។ សន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានផ្តល់ឱកាសមាស អនុញ្ញាតឱ្យកម្ពុជាអាចនាំយកនូវព្រលឹងដូនតា និងរតនសម្បត្តិដ៏មានតម្លៃនានាដែលបានបាត់បង់ ត្រឡប់មកមាតុភូមិ កំណើតវិញជាបន្តបន្ទាប់ដែលជាមង្គលនិងម្លប់ចំពោះប្រជាជាតិ និងប្រជាជនកម្ពុជា៕