បង្ក្រាបបានក្រុមក្មេងទំនើង ៣នាក់ ដែលគប់កញ្ចក់រថយន្ដប្រជាពលរដ្ឋ នៅម្ដុំផ្សារកអណ្ដើក ស្រុកកំពង់ត្របែក
បង្ក្រាបបានក្រុមក្មេងទំនើង ៣នាក់ ដែលគប់កញ្ចក់រថយន្ដប្រជាពលរដ្ឋ នៅម្ដុំផ្សារកអណ្ដើក ស្រុកកំពង់ត្របែក
(ព្រៃវែង)៖ ក្មេងទំនើងមួយក្រុមមានគ្នា៣នាក់ ដែលបានធ្វើសកម្មភាពគប់កញ្ចក់រថយន្ដប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ នៅម្ដុំផ្សារកអណ្ដើក ចំណុចគីឡូម៉ែត្រលេខ៩៨ ក្នុងភូមិផ្កូវ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួន។
ក្រោយទទួលបានបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់តាំងលោកវរសេនីយ៍ទោ ឡុង សុផាត នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចេញបេសកកម្មដឹកនាំកម្លាំងជំនាញចុះមកសហការជាមួយអធិការ អធិការរងជំនាញព្រហ្មទណ្ឌ នាយផ្នែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទ ស្រាវជ្រាវដល់កន្លែងកើតហេតុ ទទួលបានលទ្ធផលដូចខាងក្រោម ៖
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល០៩៖៣៥នាទីយប់ មានរថយន្តកុងតឺន័រ មួយគ្រឿង ពាក់ផ្លាកលេខស្វាយរៀង3A-3097 បើកបរដោយឈ្មោះ ស៊ឹម សូណា អាយុ៣៩ឆ្នាំ នៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរខេត្តកំពង់ចាម បើកបរមកពីទិសខាងកើត។ លុះមកដល់ខាងលើបានឃើញក្រុមជនមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿង (មិនស្គាល់ម៉ាក) បញ្ច្រាសគ្នាមកពីទិសខាងលិច ហើយបានគប់ទៅលើកញ្ចក់រថយន្ត បណ្ដាលឲ្យប្រេះស្រាំកញ្ចក់រថយន្តផ្នែកខាងមុខ
តាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ក្រុមមន្ត្រីជំនាញបានកំណត់មុខសញ្ញាសង្ស័យចំនួន ៣នាក់ និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ ទី១៖ ឈ្មោះ ថៃ មេសា អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក, ទី២៖ ឈ្មោះ វ៉ា ស៊ីថេត អាយុ១៧ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក និងទី៣៖ ឈ្មោះ ឆោម សុភីត អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃតាណេន ឃុំព្រៃឈរ ស្រុកកំពង់ត្របែក។
ក្រោយពីសមត្ថកិច្ចសាកសួរ ជនសង្ស័យទាំងបីបានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តកុងតឺន័រ នៅចំណុចខាងលើពិតប្រាកដមែន ដោយជនសង្ស័យឈ្មោះ ថៃ មេសា ជាអ្នកឌុប ហើយឈ្មោះ វ៉ា ស៊ីថេត ជិះកណ្តាល គឺជាអ្នកគប់ និងឈ្មោះ ឆោម សុភីត ជិះពីក្រោយ។ ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីក៏សាងសំណុំរឿងតាមនីតិវិធី៕