Banner KNP Detail Top

កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira បច្ចុប្បន្នកំពុងក្លាយជាទីពេញចិត្ត សម្រាប់ប្រជាជនកម្ពុជា

កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira បច្ចុប្បន្នកំពុងក្លាយជាទីពេញចិត្ត សម្រាប់ប្រជាជនកម្ពុជា


ភ្នំពេញ ៖ ស្របពេលដែលកីឡាករ Thiago Teixeira កំពុងបង្ហាញសកម្មភាពយ៉ាងសកម្មរបស់ខ្លួនផ្សព្វផ្សាយអំពីគុនខ្មែរ និងបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដើម្បីលើកសរសើរ និងបង្ហាញអំពីគុនខ្មែរទៅកាន់ពិភពលោក ស្រាប់តែកាលពីពេលថ្មីៗនេះ ផ្ទុះការវែកញែកយ៉ាងខ្លាំងពីសំណាក់មហាជនថៃ ជាពិសេសអ្នកស្នេហាវិស័យកីឡាប្រដាល់តែម្តង ដោយទាមទារឱ្យកីឡាករប្រដាល់ប្រេស៊ីលរូបនេះ លុបសាក់ដ៏ធំជាភាសាអង់គ្លេសថា «MUAYTHAI» (មួយថៃ) ចេញពីខ្នងរបស់គេមុនពេលបង្ហាញសកម្មភាពផ្សព្វផ្សាយអំពីគុនខ្មែរ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានថៃ Sanook ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមីនា កន្លងទៅ។
កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira បច្ចុប្បន្នកំពុងក្លាយជាទីពេញចិត្តសម្រាប់ប្រជាជនកម្ពុជា តាមរយៈការលើកសរសើរអំពីប្រទេសកម្ពុជា និងភាពរស់រាយរាក់ទាក់របស់ប្រជាជនកម្ពុជា ហើយជាពិសេសជាមួយនឹងការបង្ហាញអំពីទំហំនៃការស្រលាញ់របស់ខ្លួនចំពោះ «គុនខ្មែរ» ដែលជាក្បាច់ខ្មែរគុនបន្សល់ទុកតាំងពីយូរលុងណាស់មកហើយ។ ជាមួយទំហំចិត្តនៃការស្រលាញ់នេះ Thiago ក៏បានបង្ហាញសកម្មភាពផ្សព្វផ្សាយអំពីគុនខ្មែរ ព្រមទាំងបង្ហាញបំណងសម្រាប់ថៃអនាគត ដើម្បីបើកក្លិបប្រដាល់នៅកម្ពុជាផងដែរ។

មតិមហាជនថៃខ្លះថែមទាំងបានលើកឡើងថា សម្រាប់ Thiago Teixeira ធ្លាប់មករកប្រាក់នៅក្នុងប្រទេសរបស់យើងតាមរយៈការមកហ្វឹកហាត់នៅខេត្តភូកេត ហើយធ្លាប់ប្រកួតនៅលើសង្វៀនប្រដាល់ថៃជាច្រើនកន្លែងទាំងថ្នាក់ស្រុក និងថ្នាក់ជាតិផងដែរ មិនថា Thai Fight, Boxing Channel 8 និង Muay Thai Fighter X នោះទេ ប៉ុន្តែមួយរយៈចុងក្រោយនេះ កីឡាកររូបនេះ បែរជាមានឆន្ទៈខ្ពស់ចង់ផ្សព្វផ្សាយអំពីគុនខ្មែរទៅវិញ។
គួររំលឹកជូនថា មួយរយៈពេលចុងក្រោយនេះ មហាជនខ្មែរ និងថៃ មានការប៉ះទង្គិចមតិរវាងគ្នាយ៉ាងខ្លាំងជុំវិញកីឡាប្រដាល់ «គុនខ្មែរ» និង «មួយថៃ» ពោលគឺចាប់តាំងពីការសម្រេចជាផ្លូវការ ដើម្បីប្តូរឈ្មោះពីកីឡា «មួយថៃ» មកជា «គុនខ្មែរ» នៅក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលការសម្រេចនេះ បានធ្វើឱ្យភាគីថៃបានសម្រេចចុងក្រោយមិនចូលរួមប្រកួតវិញ្ញាសា «គុនខ្មែរ» ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បន្ទាប់ពីប្រធានសហព័ន្ធអន្តរជាតិនៃសមាគមកីឡាប្រដាល់មួយថៃ (IFMA) លោក Sakchye Tapsuwan បានលើកឡើងជុំវិញហេតុផលមិនបញ្ជូនអត្តពលិករបស់ខ្លួនមកចូលរួមយ៉ាងដូច្នេះថា «យើងមានការគោរពចំពោះគុនខ្មែរ ប៉ុន្តែគុនខ្មែរមិនមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ក្នុងការបញ្ចូលទៅក្នុងវិញ្ញាសាកីឡាស៊ីហ្គេមឡើយ»។
យ៉ាងណាមិញមកទល់ពេលនេះ យើងបានឃើញថា ប្រទេសចំនួន៦ក្នុងតំបន់អាស៊ានដែលមានដូចជា វៀតណាម, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា និងឡាវ បានយល់ព្រមចូលរួមប្រកួតវិញ្ញាសាគុនខ្មែរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលនឹងដំណើរការចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៧ ខែឧសភា នៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង