ឧកញ៉ា ស្រី ចាន់ថន ៖ ជំរាបជូនមហាជន ដាក់ឈ្មោះក្លឹបប្រដាលអន្តរជាតិ បានសម្រេចចិត្តបង្កើតនោះថា គុនខ្មែរជើងឯកពិភពលោក
ឧកញ៉ា ស្រី ចាន់ថន ៖ ជំរាបជូនមហាជន ដាក់ឈ្មោះក្លឹបប្រដាលអន្តរជាតិ បានសម្រេចចិត្តបង្កើតនោះថា គុនខ្មែរជើងឯកពិភពលោក
ភ្នំពេញ ៖ នេះបើយោងតាមការបញ្ជាក់នៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោក នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ។ ជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឧកញ៉ា ស្រី ចាន់ថន បានប្រកាសនៅលើបណ្ដាញសង្គម FaceBook ដើម្បីជាការជំរាបជូនមហាជន ដោយលោកនិងដាក់ឈ្មោះក្លឹបប្រដាលអន្តរជាតិ ដែលលោកបានសម្រេចចិត្តបង្កើតនោះថា គុនខ្មែរជើងឯកពិភពលោក ( Kun Khmer World Champion ) ។
ក្នុងការបង្ហោះ ឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា ថ្ងៃនេះលោកសូមជម្រាបបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបផងដែរថា ក្លឹបកីឡាគុនខ្មែរលំដាប់អន្តរជាតិ ដែលដាក់ឈ្មោះថាគុនខ្មែរជើងឯកពិភពលោក ( Kun Khmer World Champion ) ខាងនើនេះ បានរត់ឯកសារតាំងពីភូមិ ឃុំ ស្រុក ខេត្ត ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា នឹង សហព័ន្ធកីឡាគុនខ្មែររួចរាល់ហើយ។ ដូច្នេះក្នុងពេលដ៏ឆាប់ខាងមុខនេះ ក្លឹបគុនខ្មែររបស់យើងនឹងលេចរូបរាងហើយ។ លោកបានបញ្ជាក់អំពីការសម្រេចចិត្តដាក់ឈ្មោះក្លឹបប្រដាលខាងលើថា មូលហេតុដែលលោកសម្រេចចិត្តដាក់ឈ្មោះ គុនខ្មែរជើងឯកពិភពលោក ( Kun Khmer World Champion ) ក៏ដោយសារតែលោកចង់ឲ្យកីឡាគុនខ្មែររបស់ ក្លាយទៅជាកីឡាកម្រិតពិភពលោក។
សូមរំលឹកផងដែរថា ការសម្រេចចិត្តបង្កើតក្លឹបប្រដាល់អន្តរជាតិ ដែលមានឈ្មោះ គុនខ្មែរជើងឯកពិភពលោក ( Kun Khmer World Champion ) នេះ បានធ្វើឡើងបន្ទាប់ពី ឧកញ៉ា ស្រី ចាន់ថន ប្រកាសស្ទៀបស្ទង់អ្នកគាំទ្រ ក៏ដូចជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរថាមានការគាំទ្រច្រើនកម្រិតណា ក្នុងការបង្កើតក្លឹបប្រដាល់គុនខ្មែរ ។
តាមរយ:សារដែលបង្ហោះកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសថា ប្រសិនបើមានការចែករំលែក (Share) ផុស (post) ដែលលោកបង្ហោះនេះបាន 33K លោកនឹងបង្កើតក្លឹបកីឡាគុនខ្មែរលំដាប់ថ្នាក់អន្តរជាតិមួយឡើង ដើម្បីជាការតបស្នងនូវការគាំទ្ររបស់មហាជនអ្នកគាំទ្រ ។ យ៉ាងណាមិញ ក្រោយការបង្ហោះទទួលបានការចែករំលែកលើស 33K លោកឧកញ៉ា ក៏បានចេញមុខបង្ហោះសារនៅលើហ្វេសប៊ុកផេកផ្លូវការសារជាថ្មីថា លោកពិតជាមានសេចក្តីរំភើបរីករាយខ្លាំងបំផុតសម្រាប់ការគាំទ្ររបស់បងប្អូនទៅលើគុនខ្មែរ ដោយលោកកំណត់ត្រឹមតែ 33k ចែករំលែក (Share) ប៉ុណ្ណោះ តែបងប្អូនអ្នកគាំទ្របានចែករំលែករហូតដល់ទៅ 37K ជាងឯណោះ។ដូច្នេះដើម្បីជាការឆ្លើយតបនឹងការគាំទ្រមួយនេះ លោកបានសម្រេចចិត្តរៀបចំបង្កើតក្លឹបប្រដាល់កម្រិតអន្តរជាតិមួយក្នុងពេលដ៏ឆាប់ខាងមុខនេះ។ បើកការប្រជុំមួយជាមួយលោកគ្រូបង្វឹកគុនខ្មែររបស់យើងដើម្បីរៀបចំក្លឹបមួយនេះឲ្យមានស្តង់ដាអន្តរជាតិ។
ជាចុងក្រោយ លោកសង្ឃឹមថាបងប្អូននឹងនៅតែបន្តការគាំទ្រដល់វិស័យកីឡាគុនខ្មែរ បន្តទៀត និងជារៀងរហូត។ ការគាំទ្ររបស់បងប្អូនទាំងអស់គ្នាគឺជាកម្លាំងជម្រុញដ៏អស្ចារ្យ ដើម្បីឲ្យវិស័យកីឡាគុនខ្មែរមានការរីកចម្រើន និងល្បីល្បាញពាសពេញសកលលោក ។ លោកបានធ្វើការអរគុណ ទៅកាន់អ្នកគាំទ្រទាំងអស់គ្នា សម្រាប់ការចែករំលែកផុសរបស់លោក រហូតលើសចំនួនដែលលោកបានកំណត់ទៅទៀត ៕