ករណីនេះ ប៉ូលិសចរាចរណ៍ ១៤នាក់ ដែលដាក់គោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ នៅផ្លូវជាតិលេខ៣ ត្រូវបានសាកសួរ និងបញ្ឈរជើង
ករណីនេះ ប៉ូលិសចរាចរណ៍ ១៤នាក់ ដែលដាក់គោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ នៅផ្លូវជាតិលេខ៣ ត្រូវបានសាកសួរ និងបញ្ឈរជើង
ខេត្តតាកែវ៖ ករណីនេះ ប៉ូលិសចរាចរណ៍ ១៤នាក់ ដែលដាក់គោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ នៅផ្លូវជាតិលេខ៣ ត្រូវបានសាកសួរ និងបញ្ឈរជើងផងដែរ។ ករណីបុរសជនជាតិចិនម្នាក់ បើកឡានល្មើសល្បឿនកំណត់ ហើយត្រូវប៉ូលិសចរាចរណ៍ផាកពិន័យ និងមានការប្រតាយប្រតប់គ្នា នាំឱ្យចិនរងរបួស ត្រូវបានស្នងការដ្ឋាននគរបាល ខេត្តតាកែវ បានចេញសេចក្តីបំភ្លឺ។
ស្នងការដ្ឋាននគរបាល ខេត្តតាកែវ បានចេញសេចក្តីបំភ្លឺ ជម្រាបជូនសាធារណជន ក៏ដូចជាអង្គភាពសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយព័ត៌មាន ដែលមានគណនីហ្វេសប៊ុក របស់ជនជាតិចិន បានផុសផ្សាយ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុងថា «ជម្រាបសួរនាយករដ្ឋមន្ត្រី ខ្ញុំជាបុគ្គលិកនៃការិយាល័យកម្ពុជានៃរបាយការណ៍នីតិរដ្ឋចិន ខ្ញុំចង់ផ្តល់យោបល់ជូនអ្នកនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ខ្ញុំបានធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីភ្នំពេញ ដល់គីឡូម៉ែត្រលេខ ៦៨ ខ្ញុំហួសល្បឿនកំណត់៣០% សង្ស័យវាស់ល្បឿនខុស មិនអាចបើកឡានធំបានលឿនពេក ប៉ូលិសចរាចរណ៍ឃើញខ្ញុំជាជនជាតិចិន ក៏ចង់ផាកពិន័យ១០០$ ខ្ញុំក៏យកហេតុផលមកដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួន បណ្តាលឱ្យខាតបង់រដ្ឋាភិបាល និងប្រទេសជាតិ ខ្ញុំថតរូបប្រមូលភស្តុតាង ប្រមូលលុយមិនចេញវិក័យបត្រ ប៉ូលីស ០៥នាក់ មកឆក់ឧបករណ៍វីដេអូ និងទូរស័ព្ទដៃជាច្រើននាក់ វាយដំខ្ញុំរបួសជាច្រើនកន្លែង។ ប៉ូលិសបានលុបរូបថតទាំងអស់របស់ខ្ញុំ ដែលប្រមូលភស្តុតាង និងប្រមូលលុយ នៅទីបំផុតខ្ញុំត្រូវបានគេឱ្យចាកចេញដោយគ្មានវិក័យបត្រចំនួន ៥០$»។
សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាល ខេត្តតាកែវ បន្តថា «បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ បានបញ្ជាឱ្យបង្កើតក្រុមការងារមួយ ធ្វើការស្រាវជ្រាវបន្ទាន់ ដើម្បីស្វែងរកការពិត និងបំភ្លឺជូនសាធារណៈជន ចំពោះករណីនេះដែរ តាមរបាយការណ៍បឋម គឺកើតឡើងកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ខណៈពេលកម្លាំងចរាចរណ៍ផ្លូវគោកគោលដៅផ្លូវជាតិលេខ៣ ក្រុមទី២ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា ហាក់ ជាប្រធានក្រុម និងសមាជិកចំនួន ១៣នាក់ ចុះត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យការបើកបរលើសល្បឿនកំណត់ នៅចន្លោះគីឡូម៉ែត្រលេខ៦៨-៦៩ ស្ថិតក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងពេលអនុវត្តកម្លាំងជំនាញបានពិនិត្យឃើញរថយន្តមួយគ្រឿងម៉ាកស្ដារិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-7701 ជិះម្នាក់ឯង បើកបរពីជើងទៅត្បូង ក្នុងល្បឿន ១០៦គីឡូម៉ែត ក្នុងមួយម៉ោង ខណៈដែលល្បឿនអតិប្បរមានៅទីតាំងបានកំណត់ត្រឹមតែ៨០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ(លើសល្បឿន២៦គីឡូម៉ែត្រក្នុងមួយម៉ោង)។ ដោយត្រូវធ្វើការផាកពិន័យជាទឹកប្រាក់ចំនួន ១៥០,០០០៛ តាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ត្រង់មាត្រាទី៧ ចំណុច ច បើកបរលើសល្បឿនកំណត់ ចាប់ពី២០ដល់២៩គីឡូម៉ែត្រក្នុងមួយម៉ោង»។
សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាល ខេត្តតាកែវ បន្ថែមថា «ខណៈពេលដែលកម្លាំងជំនាញកំពុងបង្ហាញឱ្យអ្នកបើកបរជាជនជាតិចិន (មិនចេះនិយាយខ្មែរ) បានឃើញស្រាប់តែ ជនជាតិចិនខាងលើ បានស្រែកឡូឡា បញ្ចេញអាកប្បកិរិយាមិនសមរម្យដាក់នគរបាល មានចរឹកច្រង៉េងច្រង៉ាង ក្នុងន័យប្រកែកមិនទទួលស្គាល់កំហុស បើទោះជាសមត្ថកិច្ចបានបង្ហាញរូបភាពរថយន្ត ផ្លាកលេខរថយន្ត នៅក្នុងម៉ាស៊ីនចាប់ល្បឿនក៏ដោយ។ ដោយសារជនជាតិចិនមិនចេះខ្មែរ នគរបាលបានពន្យល់ណែនាំឱ្យហៅទូរស័ព្ទ(ខល)ទៅអ្នកបកប្រែ តែជនជាតិចិននោះមិនបានធ្វើតាមទេ ដោយយកទូរស័ព្ទមកថតនគរបាលតែម្តង»។
សេចក្តីបំភ្លឺ បន្តថា «ទោះនគរបាលបានណែនាំកុំឱ្យថតក៏ដោយ ទើបនគរបាលនៅគោលដៅ បានព្យាយាមឃាត់សកម្មភាព តែយ៉ាងណាក្តីជនជាតិចិននៅតែចចេស និងបានទាញទូរស័ព្ទពីនគរបាលវិញ ព្រមទាំងទះតុ និងចង្អុលមុខនគរបាលនារី ដែលនៅអង្គុយតុ ចេញវិក័យបត្រ រហូតដល់នគរបាលជាបុរសមកអន្តរាគមន៍ ទើបមានការរុញច្រានគ្នាឱ្យចេញពីតុធ្វើការនៅគោលដៅ មិនមែនជាករណីប្រើអំពើហិង្សានោះទេ។ មួយសន្ទុះក្រោយមក ដោយសារតែនិយាយគ្នាស្តាប់មិនបានផង មិនចង់ឱ្យមានបញ្ហាកាន់តែធំ នគរបាលគោលដៅក៏បានអនុញ្ញាតឱ្យជនជាតិចិនបើករថយន្តចេញទៅ ដោយមិនបានទាមទារការពិន័យទឹកប្រាក់១០០ដុល្លា និងមានការឱ្យប្រាក់៥០ដុល្លាដូចការលើកឡើងនោះទេ ទាំងដែលនគរបាលគ្រាន់តែបានបង្ហាញនូវចំនួនទឹកប្រាក់តាមវិក័យបត្រប៉ុណ្ណោះ»។
សេចក្តីបំភ្លឺ បន្ថែមថា «ទន្ទឹមនឹងនេះ មន្ត្រីនគរបាលគោលដៅ ដែលមានបញ្ហាជាជនជាតិចិនខាងលើ បច្ចុប្បន្នការិយាល័យជំនាញ បានកំពុងធ្វើការសាកសួរបន្ថែម និងបញ្ឈរជើងជាបណ្តោះអាសន្ន រងចាំលទ្ធផលនៃការស៊ើបអង្កេតជាក់លាក់ ដើម្បីមានមូលដ្ឋានរាយការណ៍ជូនថ្នាក់ដឹកនាំ និងមានវិធានការ ឬអនុវត្តវិន័យកងកម្លាំង ក្នុងករណីរកឃើញមានការអនុវត្តខុសគោលការណ៍ និងរង់ចាំជួបបំភ្លឺជានិច្ចពីសំណាក់ជនជាតិចិនខាងលើ ដើម្បីស្រាយបន្ទិលជូនសាធារណៈ និងជៀសវាងនូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ»៕