Banner KNP Detail Top

ប៉ុន្មានខែចុងក្រោយនេះ គេឃើញឈ្មួញជនជាតិវៀតណាម ដើរប្រមូលទិញដើមឬស្សីពីងពង់ និងដើមអាកាស្យា

ប៉ុន្មានខែចុងក្រោយនេះ គេឃើញឈ្មួញជនជាតិវៀតណាម ដើរប្រមូលទិញដើមឬស្សីពីងពង់ និងដើមអាកាស្យា

ខេត្តស្វាយរៀង ៖ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋរស់នៅភូមិគគីរ ឃុំត្រស់ ស្រុករមាសហែក បានប្រាប់អ្នកសារព័ត៌មានយើង ឱ្យដឹងថា មានឈ្មួញជនជាតិវៀតណាមមួយក្រុមបានដើរប្រមូលទិញដើមឬស្សីពីងពង់ និងដើមអាកាស្យា ពីប្រជាពលរដ្ឋក្នុងស្រុករមាសហែក ដឹកឆ្លងដែនទៅប្រទេសវៀតណាមរាល់ថ្ងៃ។
ប៉ុន្មានខែចុងក្រោយនេះ គេឃើញឈ្មួញជនជាតិវៀតណាម ដើរប្រមូលទិញដើមឬស្សីពីងពង់ និងដើមអាកាស្យា ពីប្រជាពលរដ្ឋនៅក្នុងស្រុករមាសហែក រួចដឹកឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកព្រំដែនប៉ុស្តិ៍ខ្សែដែក ឃុំត្រស់ ស្រុករមាសហែក។
ដោយព្រឹកឡើងឈ្មួញវៀតណាម យករថយន្តយីឌុប និងត្រាក់ទ័រសណ្តោងរ៉ឺម៉ក ឆ្លងដែនចេញពីប្រទេសវៀតណាម ចូលមកក្នុងរដ្ឋបាល ស្រុករមាសហែក តាមប៉ុស្តិ៍ច្រករបៀងខ្សែដែក។ ក្រោយពីលើឬស្សីពីងពង់ និងដើមអាកាស្យា ដាក់លើរថយន្តរួច នៅវេលាម៉ោង៤និង១០នាទីល្ងាច គឺបានបើកបររថយន្តដឹកឆ្លងដែនទៅប្រទេសវៀតណាមវិញ។
ប្រជាពលរដ្ឋបានលើកឡើងថា ដើមឬស្សីពីងពង់ ក្នុង១ដើមខ្នាតតូចលេខ៣ លក់បានតម្លៃ២,០០០រៀល, ខ្នាតមធ្យមលេខ២ ក្នុង១ដើមតម្លៃ ៣៥០០រៀល និងខ្នាតលេខ១ ក្នុង១ដើមតម្លៃ៤,៦០០រៀល។ មិនត្រឹមប៉ុណ្ណោះ ក្នុង១គ្រួសារគឺកាប់ម្តង១០០ដើមទៅ២០០ដើម ហើយប្រជាពលរដ្ឋដែលដាំឬស្សីពីងពង់ច្រើន គឺនៅស្រុករមាសហែក និងស្រុកស្វាយជ្រំ ក៏មានដាំច្រើនដែរ។
បើតាមឈ្មួញវៀតណាម បានប្រាប់ឲ្យដឹងថា ដើមឬស្សីពីងពង់ គេប្រមូលទិញយកទៅផ្គត់ផ្គង់ឲ្យសិប្បកម្មធ្វើគ្រឿងសង្ហារឹមនៅក្នុងខេត្តតៃនិញ ប្រទេសវៀតណាម។ ចំណែកដើមអាកាសស្យាវិញ មានមេការខ្មែរ ជាអ្នកដើរម៉ៅ ចម្ការ ពីប្រជាពលរដ្ឋ និងមន្ត្រីជំនាញ ថ្នាក់លើ លក់បន្តឲ្យឈ្មួញវៀតណាម គេដើរប្រមូលទិញ និងកា.ប់ផ្ទាល់តាមចម្ការ (តម្លៃម៉ៅគិតតាមចម្ការតូចឬធំ) ក៏ប៉ុន្តែនៅពេលអ្នកសារព័ត៌មានយើងសួរតម្លៃ បើគិតជាដើម១ដើមប៉ុន្មាន? ឈ្មួញមិនបានប្រាប់នោះទេ។ គ្រាន់តែប្រាប់ថា ដើមអាកាស្យាទាំងនេះក៏យកទៅលក់ឲ្យរោងសិប្បកម្មកែឆ្នៃធ្វើគ្រឿងសង្ហារឹមដែរ។
ប្រជាពលរដ្ឋម្នាក់បានបង្ហើបឲ្យដឹងថា ដើមអាកាស្យាទាំងនេះ គឺឈ្មញដើរប្រមូលទិញតាមចម្ការនៅក្នុងស្រុករមាសហែក ហើយក្នុងនោះក៏មានកាប់ពីព្រៃចម្ការឈើដាំរបស់រដ្ឋផងដែរ។
ករណីនេះ លោក ស៊ូម៉ុល អភិបាលស្រុករមាសហែក បានប្រាប់ឱ្យដឹងថា ករណីនេះ លោកមិនទាន់បានទទួលព័ត៌មានទេ លោកនឹងចាត់មន្ត្រីលោកចុះស្រាវជ្រាវ និងចាត់វិធានការទប់ស្កាត់ ៕

អត្ថបទដែលជាប់ទាក់ទង