Banner KNP Detail Top

សមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី ចុះពិនិត្យទីតាំងដីព្រៃមួយកន្លែងក្នុងដីសម្បទានសេដ្ឋកិច្ចដាំដើមស្រល់ ដែលត្រូវបានជនមិនស្គាល់មុខលួចឈូសឆាយ ក្នុងគោលបំណងហ៊ុព័ន្ឋធ្វើជាកម្មសិទ្ឋ ក្នុងភូមិសាស្ត្រឃុំដាក់ដាំ ស្រុកអូររាំង

សមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី ចុះពិនិត្យទីតាំងដីព្រៃមួយកន្លែងក្នុងដីសម្បទានសេដ្ឋកិច្ចដាំដើមស្រល់ ដែលត្រូវបានជនមិនស្គាល់មុខលួចឈូសឆាយ ក្នុងគោលបំណងហ៊ុព័ន្ឋធ្វើជាកម្មសិទ្ឋ ក្នុងភូមិសាស្ត្រឃុំដាក់ដាំ ស្រុកអូររាំង


ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី ដឹកនាំដោយព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត នារសៀលថ្ងៃទី១៩ មីនា ២០២៣ បានចុះពិនិត្យទីតាំងដីព្រៃមួយកន្លែងក្នុងដីសម្បទានសេដ្ឋកិច្ចដាំដើមស្រល់ ដែលត្រូវបានជនមិនស្គាល់មុខលួចឈូសឆាយ ក្នុងគោលបំណងហ៊ុព័ន្ឋធ្វើជាកម្មសិទ្ឋ ក្នុងភូមិសាស្ត្រឃុំដាក់ដាំ ស្រុកអូររាំង ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ក្នុងករណីមានសកម្មភាពកាប់ឆ្ការឈូសឆាយព្រៃជាច្រើនហិកតា ដោយគ្មានច្បាប់អនុញ្ញាត កម្លាំងជំនាញបានចុះប្រតិបត្តិការនៅទីតាំងបទល្មើសជាក់ស្តែង ប្រទះឃើញផ្ទៃដីប្រមាណ៥០ហិកតា ត្រូវបានគេឈូសឆាយព្រៃចាស់និងថ្មីរួចថែមទាំងប្រមូលដុតបំបាត់ដាន ប៉ុន្តែគ្មានមនុស្សណាម្នាក់ ឬគ្រឿងចក្រត្រូវគេរកឃើញក្នុងកន្លែងនោះឡើយ។

សមត្ថកិច្ចបានបន្តថា ការចុះត្រួតពិនិត្យទីតាំងកាប់រាន ឈូសឆាយដីព្រៃឈើ និងហ៊ុមព័ទ្ធកាន់កាប់ធ្វើជាកម្មសិទ្ធិ ដែលមានភូមិសាស្ត្រស្ថិតក្នុងភូមិពូឡះ ឃុំដាក់ដាំ ស្រុកអូររាំង ក្រោយពីក្រុមការងារបានយកចំណុចនិយាមកាហើយផ្ទៀងផ្ទាត់ផែនទីគម្របព្រៃឈើឆ្នាំ២០០២ ទីតាំងដែលបានកាប់រាន ឈូសឆាយដីព្រៃឈើ និងហ៊ុព័ទ្ធកាន់កាប់ធ្វើជាកម្មសិទ្ធិដោយគ្មាន លិខិតអនុញ្ញាតនេះ គឺស្ថិតនៅក្នុងដីក្រុមហ៊ុនសម្បទានដីសេដ្ធកិច្ច ហួរលីង និងមានទំហំផ្ទៃដីដែលបានឈូសឆាយ សរុបចំនួន ៥៦ហិកតា១០អា។

អាជ្ញាធរស្រុកអូររាំងបានឲ្យដឹងនៅល្ងាចថ្ងៃទី១៩ មីនា ២០២៣ ថា រដ្ឋបាលស្រុកកំពុងសហការយ៉ាងយកចិត្តទុកដាក់ជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ឋ ជាពិសេសបុគ្គលដែលហ៊ានប្រព្រឹត្តសកម្មភាពឈូសឆាយព្រៃ គ្មានច្បាប់ទម្លាប់ ដើម្បីចាត់ការតាមនិតិវីធីច្បាប់។អាជ្ញាធរបានបន្តថា ករណីនេះបានកើតឡើងក្នុងដែនដី ដែលគ្រប់គ្រងដោយក្រុមហ៊ុនដាំដើមស្រល់ ដែលមានទំហំជាច្រើនពាន់ហិកតា ហើយទីតាំងដីខ្លះនៅមានសេសសល់ព្រៃឈើ ខណៈកម្លាំងយាមកា ក្រុមហ៊ុនមិនគ្រប់គ្រាន់ ដូច្នេះមានជនឱកាសនិយមខ្លះ បន្លំកាប់រុករានព្រៃយកដីទាំងនោះធ្វើជាកម្មសិទ្ឋទាំងបំពានច្បាប់៕

អត្ថបទដែលជាប់ទាក់ទង