Banner KNP Detail Top

ប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបប្រជុំក្រៅផ្លូវការមួយភ្លាមៗ បន្ទាប់ពីមេដឹកនាំចិនបានមកដល់ទីក្រុងម៉ូស្គូ

ប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបប្រជុំក្រៅផ្លូវការមួយភ្លាមៗ បន្ទាប់ពីមេដឹកនាំចិនបានមកដល់ទីក្រុងម៉ូស្គូ

(ម៉ូស្គូ)៖ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC NEWS នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបប្រជុំក្រៅផ្លូវការមួយភ្លាមៗបន្ទាប់ពីមេដឹកនាំចិនបានមកដល់ទីក្រុងម៉ូស្គូ។

ក្នុងសុន្ទរកថាស្វាគមន៍នៅវិមានក្រឹមឡាំង លោកប្រធានាធិបតី ពូទីន បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិន។
មេដឹកនាំទាំងពីរនាក់បានស្វាគមន៍គ្នាទៅវិញទៅមកក្នុងនាម «មិត្តសម្លាញ់» នៅពេលដែលពួកគេបានជួបគ្នានៅវិមានក្រឹមឡាំងនៅថ្ងៃច័ន្ទនេះ មុនពេលអាហារពេលល្ងាច ដើម្បីបន្តដោយការពិភាក្សាជាផ្លូវការនៅថ្ងៃអង្គារស្អែក។
ឆ្លើយតបទៅនឹងការស្វាគមន៍របស់ប្រទេសម្ចាស់ផ្ទះ លោកប្រធានាធិបតីចិន បាននិយាយថា លោកជឿជាក់ថាប្រជាជនរុស្ស៊ីនឹងបន្តគាំទ្រលោកពូទីន នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។
នៅក្នុងជំនួបនោះ លោក ពូទីន បាននិយាយថា លោកបានពិចារណាលើសំណើរបស់ចិន ដើម្បីឈានទៅដល់ដំណោះស្រាយចំពោះអរិភាពនៅអ៊ុយក្រែន។
លោកពូទីនបាននិយាយថា «អ្នកដឹងទេយើង (រុស្ស៊ី) តែងតែត្រៀមខ្លួនជាស្រេចដើម្បីចរចា ហើយយើងនឹងពិភាក្សារាល់សំណួររួមទាំងសំណើរបស់អ្នក»។
មុនពេលដំណើរទស្សនកិច្ច វិមានក្រឹមឡាំងបាននិយាយថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពី បញ្ហាបច្ចុប្បន្នទាក់ទងនឹងអនាគតនៃភាពជាដៃគូទូលំទូលាយ និងអន្តរកម្មយុទ្ធសាស្ត្ររវាងរុស្ស៊ី និងចិន នេះបើយោងតាម TASS ។
វិមានក្រឹមឡាំងបានបន្ថែមថា ការផ្លាស់ប្តូរទស្សនៈក៏ត្រូវបានគ្រោងទុកផងដែរនៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងរុស្ស៊ី និងចិនក្នុងឆាកអន្តរជាតិ ហើយឯកសារទ្វេភាគីសំខាន់ៗមួយចំនួននឹងត្រូវបានចុះហត្ថលេខា។
ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានទៅដល់ទីក្រុងមូស្គូកាលពីល្ងាចថ្ងៃចន្ទ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី។ ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ ខែមីនា៕

អត្ថបទដែលជាប់ទាក់ទង