ក្រុមចោរ ០៦នាក់ ប្រដាប់ដោយកាំបិតខ្វែវជិះម៉ូតូ០២គ្រឿង បានស្ទាក់ប្លន់យកម៉ូតូមួយគ្រឿង របស់ជនរងគ្រោះចំនួន០៤នាក់ កំពុងជិះម៉ូតូឌុបគ្នាតាមដងផ្លូវ
ក្រុមចោរ ០៦នាក់ ប្រដាប់ដោយកាំបិតខ្វែវជិះម៉ូតូ០២គ្រឿង បានស្ទាក់ប្លន់យកម៉ូតូមួយគ្រឿង របស់ជនរងគ្រោះចំនួន០៤នាក់ កំពុងជិះម៉ូតូឌុបគ្នាតាមដងផ្លូវ
ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២០ មីនា ឆ្នំា២០២៣នេះ ត្រង់ចំណុចកសិកម្មផ្លូវបំបែកពីហាយវេទៅកាន់ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ហើយជិះគេចខ្លួនដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចឡើយ ។ នេះបើតាមអ្នកភូមិបាននិយាយ ។
លោក ឈូម ដែន បានប្រាប់ថា កូនប្រុសរបស់គាត់ឈ្មោះ ដែន សិលា អាយុ១៥ឆ្នាំ ត្រូវក្រុមចោរមួយហ្វូងស្ទាក់ប្លន់ ខណៈកំពុងជិះម៉ូតូឌុបមិត្តភក្ដិចំនួន០៣នាក់ទៀតមកពីចូលរួមកម្មវិធីគេ ។ គាត់និយាយថា កូនគាត់បានផ្ដួលម៉ូតូ រួចនាំគ្នារត់ចូលព្រៃនៅក្នុងនោះ តែត្រូវក្រុមចោរបានចុះទៅកា.ប់ម៉ូតូជាច្រើនកាំបិត រួចប្លន់យកម៉ូតូរួចនាំគ្នាជិះគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្ដង ។ ជនរងគ្រោះម្នាក់ក្នុងចំណោម០៤នាក់ គឺឈ្មោះ ដែន សិលា បានផ្ដល់ព័ត៌មាននេះតាមទូរស័ព្ទថា ខ្លួនបានជិះម៉ូតូឌុបពួកម៉ាក០៣នាក់ទៀតមកពីចូលរួមកម្មវិធីគេនៅឃុំស្នឹង ស្រុកបាណន់ ។ ពេលពួកខ្លួនជិះមកដល់ផ្លូវហាយវេ ស្រាប់តែត្រូវមនុស្សមួយក្រុមមានគ្នា០៦នាក់ ជិះម៉ូតូ០២គ្រឿង បានជិះដេញតាមពីក្រោយ ជាមួយសម្រែកថា «កាប់វាឲ្យងាប់ៗៗ» ។ យុវសិស្សរូបនេះបានប្រាប់ថា ពេលឮសម្រែកគំរាមកាប់សម្លាប់បែបនេះ ខ្លួនក៏ប្រឹងបន្ថែមល្បឿនម៉ូតូរហូតដល់ចំណុចកើតហេតុ ដោយភ័យពេកខ្លួនក៏បត់ម៉ូតូចុះពីផ្លូវហាយវេ(ផ្លូវទៅផ្ទះ) ក៏ដូលម៉ូតូហើយពួកខ្លួនក៏នាំគ្នារត់ចូលព្រៃក្បែរនោះ តែត្រូវក្រុមចោរទាំង០៦នាក់ កាប់ចិញ្ច្រាំម៉ូតូខ្លួនឡើងខ្ទេច ហើយទើបពួកវាប្លន់យកម៉ូតូខ្លួនជិះទៅបាត់ បន្សល់ទុកតែបំណែកស្ដុបម៉ូតូនៅកន្លែងកើតហេតុ។
ក្រោយពេលកាប់កម្ទេចម៉ូតូ ស្រាប់តែក្រុមជនអន្ធពាលនោះបានលើកម៉ូតូជនរងគ្រោះជិះយកទៅបាត់ លុះបន្តិចក្រោយមក ទើបឃើញយុវជន០៤នាក់ដើរចេញពីព្រៃ សំដៅមករកគាត់ ដោយនិយាយពីរឿងគេតាមកាប់ប្លន់យកម៉ូតូ។ សាក្សីដដែលបានរំលឹកថា មុនពេលកើតហេតុប៉ុន្មានថ្ងៃ គាត់បានឃើញពួកក្មេងទំនើងទាំងក្រុមៗ បានជិះម៉ូតូមកប្រមូលផ្ដុំគ្នានៅចំណុចផ្លូវបំបែកនោះ ហើយឮពួកគេនិយាយស្រែកឡូឡា ហាក់ដូចណាត់ប្រយុទ្ធគ្នានោះទីនោះ។
នេះជាករណីប្លន់លើកទី០៦ហើយ ក្នុងរយៈពេល២០ថ្ងៃនៃខែមីនានេះ ដែលភាគច្រើនក្រុមចោរស្ទាក់ប្លន់អ្នកដំណើរតាមដងផ្លូវ។ ក្នុងចំណោម០៦ករណីនេះ កម្លាំងការិយល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត បានធ្វើការស្រាវជ្រាវរហូតបង្ក្រាបបានចំនួន០២ករណីហើយ ដែលបានឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ ។ អំពើ«ប្លន់»ចំនួន០៦ករណីនេះ កើតឡើងនៅក្នុងក្រុងបាត់ដំបង ចំនួន០៤លើក នៅស្រុកសំពៅលូន០១លើក និង នៅស្រុកសង្កែចំនួន០១លើក ៕