ប្តីប្រពន្ធមួយគូនេះ បានផ្តាច់និស្ស័យស្នេហ៍ជាប្តីប្រពន្ធនឹងគ្នា អស់ជាច្រើនឆ្នាំមកហើយ ព្រោះតែ
ប្តីប្រពន្ធមួយគូនេះ បានផ្តាច់និស្ស័យស្នេហ៍ជាប្តីប្រពន្ធនឹងគ្នា អស់ជាច្រើនឆ្នាំមកហើយ ព្រោះតែការស្ទាក់ ទាមទារចង់បានចិញ្ចៀនផ្តាច់និស្ស័យស្នេហ៍វ័យចំណាស់មកវិញ
ខេត្តព្រៃវែង ៖ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិពោធិ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អតីតប្តីប្រពន្ធវ័យចំណាស់មួយគូ បានប្រើអំពើហិង្សាវាយតប់គ្នា បណ្តាលឲ្យភាគីខាងប្រពន្ធមានរបួសស្នាម ចំណែកភាគីខាងប្តីវិញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ
បុរសដែលជាអតីតប្តីនេះ មានឈ្មោះ ហ៊ឹម សំអឿន អាយុ៥៤ឆ្នាំ រីឯអតីតប្រពន្ធឈ្មោះ មុំ រ៉ា អាយុ៥៤ឆ្នាំដូចគ្នា និងរស់នៅភូមិ-ឃុំជាមួយគ្នា។
ពាក់ព័ន្ធករណីនេះ នៅថ្ងៃកើតហេតុ ភាគីខាងប្រពន្ធដែលមានឈ្មោះ មុំ រ៉ា បានជិះរថយន្តទៅស្ទាក់ទារលុយចំនួន៥០០ដុល្លារអាមេរិក និងចិញ្ចៀនផ្លាកទីន១វង់ពីបុរសដែលជាអតីតប្តី។ ខណៈពេលនោះដែរ ក៏កើតមានជម្លោះជាមួយនឹងគ្នា ទើបបណ្តាលឲ្យបុរសជាប្តីវាយតប់ទៅលើអតីតប្រពន្ធ ចំកណ្តាលមុខចំនួន៤ដៃ ធ្វើឱ្យរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ។
កាលពីកន្លងទៅ ប្តីប្រពន្ធមួយគូនេះ បានផ្តាច់និស្ស័យស្នេហ៍ជាប្តីប្រពន្ធនឹងគ្នាអស់ជាច្រើនឆ្នាំមកហើយ។ តែថ្ងៃមួយបុរសជាអតីតប្តីបានចាប់ផ្តើមសាងអនាគតថ្មីជាមួយប្រពន្ធក្រោយមួយទៀត ទើបធ្វើឱ្យប្រពន្ធមុនមានចិត្តចង់ទៅទាមទារយកចិញ្ចៀនផ្លាកទីន១វង់ និងប្រាក់៥០០ដុល្លារ ជាកេរ្តិ៍ដែលភាគីទាំងពីរបានផ្តាច់និស័យស្នេហ៍ ពេលលែងលះគ្នាជាប្តីប្រពន្ធ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ចិញ្ចៀនផ្លាក១វង់នោះទៀតសោធ គឺជាចិញ្ចៀនរបស់កូនស្រីឈ្មោះ ស៊ឹម ស្រីណាក់ ដែលមានចិត្តអាណិតអាសូរឪពុកម្តាយឈ្លោះគ្នា ព្រោះតែចង់ផ្តាច់និស្ស័យស្នេហ៍ជាប្តីប្រពន្ធ សុខចិត្តលះបង់ឲ្យម្តាយខ្ចី ប្រគល់ជូនទៅលោកឪពុក ដើម្បីបញ្ចប់វិវាទក្នុងគ្រួសារ «លែងលះគ្នា» ។
ជាចុងក្រោយ ចិញ្ចៀនផ្តាច់និស្ស័យស្នេហ៍ បានក្លាយទៅជាជម្លោះយ៉ាងក្តៅគគុក ធ្វើឲ្យអតីតប្តីដាល់អតីតប្រពន្ធចំនួន៤ដៃ បណ្តាលឱ្យរងរបួសស្នាម រហូតនាំចូលមន្ទីរពេទ្យ ចំណែកឯអតីតប្តីវិញ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ព្រោះតែការស្ទាក់ទាមទារចង់បានចិញ្ចៀនផ្តាច់និស្ស័យស្នេហ៍វ័យចំណាស់មកវិញ៕