Banner KNP Detail Top

បង្ក្រាបករណីចាប់បង្ខាំង និងហិង្សា ឃាត់ខ្លួនជនជាតិចិន ៤នាក់ វៀតណាម ៤នាក់ និងជនជាតិខ្មែរ ៥នាក់ យកមកសួរនាំ

បង្ក្រាបករណីចាប់បង្ខាំង និងហិង្សា ឃាត់ខ្លួនជនជាតិចិន ៤នាក់ វៀតណាម ៤នាក់ និងជនជាតិខ្មែរ ៥នាក់ យកមកសួរនាំ


(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្តាញព័ត៌មាន ថា ប្រតិបត្ដិការនេះកម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិចិន៤នាក់ និងវៀតណាម៤នាក់។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចក៏នាំខ្លួនជនជាតិខ្មែរទាំង៥នាក់ ដែលត្រូវជនបរទេសទាំងនោះចាប់បង្ខាំង និងប្រើហិង្សាមកសួរនាំផងដែរ។
កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្ដព្រះសីហនុ សហការជាមួយកម្លាំងនគរបាលអន្ដរាគមន៍ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដព្រះសីហនុ នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ បានបើកប្រតិបតិ្ដការបង្ក្រាបករណីចាប់បង្ខាំង និងហិង្សាមួយ ដែលបង្កឡើងដោយជនជាតិចិន និងជនជាតិវៀតណាមនៅក្រុងព្រះសីហនុ។
សម្រាប់ជនជាតិចិន វៀតណាម និងជនជាតិនាំខ្លួនយកទៅស្នងការនគរបាលខេត្ដព្រះសីហនុ ដើម្បីធ្វើការសួរនាំ និងចាត់វិធានការបន្ដទៀតតាមនីតិវិធីច្បាប់ រហូតមានការបណ្តេញចេញពីកម្ពុជាទៀតផង។
ឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា «ក្រោមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការនោះ យើងបានប្រមូលជនដែលពាក់ព័ន្ធនឹងហិង្សា ដែលសកម្មភាពទាំងនេះ បានធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់នៅក្នុងសង្គម។ យើងកំណត់មើល បើសិនជាមានបញ្ហា ទោសទណ្ឌធ្ងន់ធ្ងរ យើងនឹងធ្វើតាមនីតិវិធី រហូតបញ្ជូនចេញពីកម្ពុជា»។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ករណីបង្ខាំង និងហិង្សានេះ បានកើតឡើងនៅពេលដែលជនជាតិខ្មែរទាំង៥នាក់ បានទៅយកឥវ៉ាន់ដែលផ្ញើមកពីវៀតណាម ដើម្បីបញ្ជូនទៅកាន់ទីតាំងផ្សេងៗ តែពេលទៅដល់នោះក៏ត្រូវជនជាតិចិន និងវៀតណាម ដែលជាជនបង្ក បានចាប់បង្ខាំង និងប្រើហិង្សា រហូតបង្កឲ្យមានការភ្ញាក់ផ្អើលនៅកន្លែងកើតហេតុ ហើយកម្លាំងសមត្ថកិច្ចទាំងព្រហ្មទណ្ឌ និងអន្តរាគមន៍ បានទៅជួយអន្តរាគមន៍ និងឈានដល់ការចាប់ខ្លួនពួកគេទាំងនេះមកកាន់ ស្នងការដ្ឋាននគរបាលខេត្តភ្លាមៗតែម្តង៕

អត្ថបទដែលជាប់ទាក់ទង