យុវជនខូចចិត្តម្នាក់ លួចដុតទីតាំងអតីតរោងចក្រផលិតអាល់កុល និងកន្លែងកែច្នៃសារធាតុគីមី ដោយសារតែ
យុវជនខូចចិត្តម្នាក់ លួចដុតទីតាំងអតីតរោងចក្រផលិតអាល់កុល និងកន្លែងកែច្នៃសារធាតុគីមី ដោយសារតែខ្លួន ខូចចិត្តនឹងការលែងលះជាមួយប្រពន្ធ ហើយប្រពន្ធទៅមានប្តីថ្មីទៀតបង្កការភ្ញាក់ផ្អើល
កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ អគ្គិភ័យបានឆេះអតីតទីតាំងរោងចក្រផលិតអាល់កុល និងកែច្នៃសារធាតុញៀន ដែលស្ថិតនៅភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ប៉ុន្តែទំហំនៃមិនធ្ងន់ធ្ងរទេដោយសារសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល។ យុវជនម្នាក់ពាក់ព័ន្ធនឹងអគ្គិភ័យនេះត្រូវបានឃាត់ខ្លួន។
ប្រភពសមត្ថកិច្ចបានអះអាងថា ទីតាំងដែលរងការឆាបឆេះនេះ ជាអតីតជាទីតាំងរោងចក្រផលិតអាល់កុល ហើយក្រោយមកជនសង្ស័យមួយក្រុមបានយកទីតាំងនេះធ្វើជាកន្លែងកែច្នៃគ្រឿងផ្សំសារធាតុគីមី ដើម្បីផលិតគ្រឿងញៀន។ ក្រោយមកសមត្ថកិច្ចក៏បានធ្វើការបង្ក្រាបដោយចាប់ខ្លួនជនសង្ស័យជាជនជាតិចិនជាច្រើននាក់និងរឹបអូសសារធាតុផ្សំជាច្រើនតោន។ ទីតាំងនេះក៏ត្រូវបានតុលាការរឹបអូសជាសម្បត្ដិរដ្ឋ តាមរយៈសាលដីកាស្ថាពររបស់តុលាការកំពូល។
យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ដំបូងបានដាក់ការសង្ស័យថាអគ្គិភ័យនេះអាចកើតឡើងដោយមានអ្នកលួចដុត។ដំបូងដុតព្រៃ ហើយបន្ទាប់មកចូលទៅដុតរថយន្តក្នុងរោងចក្រ។ ក្រោយដុតជនសង្ស័យបានគេចខ្លួនចូលព្រៃបាត់។បន្ទាប់ពីអន្តរាគមន៍ករណីឆេះរួចមក សមត្ថកិច្ចបានកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ ប៊ុន ធី ហៅកោប អាយុ២៤ឆ្នាំ ស្នាក់នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យកទៅសួរនាំ។
យុវជនរូបនេះបានសារភាពថា ខ្លួនពិតជាបានដុតទីតាំងរោងចក្រនោះមែន ដោយសារតែខ្លួនខូចចិត្តនឹងការលែងលះជាមួយប្រពន្ធ ហើយប្រពន្ធទៅមានប្តីថ្មីទៀត ៕