Banner KNP Detail Top

បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំចំនួន ២គោលដៅផ្សេងគ្នាក្នុងរាជធានីភ្នំពេញ ដោយ

បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំចំនួន ២គោលដៅផ្សេងគ្នាក្នុងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងរឹបអូសថ្នាំញៀន ជាង១៣គីឡូក្រាម

 

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃចន្ទទី២៧ ខែមីនា ឆ្នាំ២០២៣នេះថា កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំចំនួន ២គោលដៅផ្សេងគ្នាក្នុងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងរឹបអូសថ្នាំញៀនជាង១៣គីឡូក្រាម។
មន្រ្តីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ករណីបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ដោយមានការដឹកនាំសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅ២គោលដៅផ្សេងគ្នា៖ គោលដៅទី១ បណ្តោយផ្លូវជាតិលខេ១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងគោលដៅទី២ ផ្ទះលេខ១០៩ ផ្លូវលេខ២១៧ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នៅ សុខ ភេទប្រុស ជនជាតិខ្មែរ អាយុ៤២ឆ្នាំ ដោយរឹបអូសវត្ថុតាងគ្រឿងញៀន, កេតាមីន (Ketamine) ១កញ្ចប់, មេតំហ្វេតាមីន (ICE) ១៥កញ្ចប់ធំ សញ្ញារូបប៉ានតែ, កញ្ចប់ពណ៌ក្រហម១០០កញ្ចប់ សង្ស័យសាធាតុញៀន, កញ្ចប់ពណ៌ស ១០០កញ្ចប់ សង្ស័យសាធាតុញៀន និងកញ្ចប់ពណ៌ខៀវ ១០០កញ្ចប់ សង្ស័យសាធាតុញៀន។ សរុបគ្រឿងញៀនចំនួនជាង ១៣គីឡូក្រាម។
ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង