Banner KNP Detail Top

បញ្ជូនក្មេងទំនើង៤នាក់ ទៅតុលាការ ករណីហិង្សា និងធ្វើឲ្យខូចខាតដោយចេតនា នៅបន្ទាយមានជ័យ

បញ្ជូនក្មេងទំនើង៤នាក់ ទៅតុលាការ ករណីហិង្សា និងធ្វើឲ្យខូចខាតដោយចេតនា នៅបន្ទាយមានជ័យ


(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ឃាត់ក្មេងទំនើង៤នាក់ ករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលពី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ការចាប់ក្រុមក្មេងទំនើងទាំងនេះ ដោយយោងតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ថា សុធា ២(ពៅ) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់រួមមាន៖
*ទី១៖ ឈ្មោះ ឡាត់ ប៊ុនថង អាយុ១៧ឆ្នាំ
*ទី២៖ ឈ្មោះ រុន ចាន់រ៉ុង អាយុ១៨ឆ្នាំ
*ទី៣៖ ឈ្មោះ វុន ចំរើន អាយុ១៦ឆ្នាំ
*ទី៤៖ ឈ្មោះ វ៉ាន់ វីន អាយុ១៤ឆ្នាំ។
ក្មេងទំនើងទាំង៤នាក់ មានទីលំនៅបច្ចុប្បន្នភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ វត្ថុតាងរួមមាន៖
*ទី១៖ កាំបិតខ្វែវដងឈើប្រវែង១០៦សង់ទីម៉ែត្រ ចំនួន០១ដើម
*ទី២៖ កាំបិតខ្វែវដងដែកប្រវែង៧២សង់ទីម៉ែត្រ ចំនួន០១ដើម
*ទី៣៖ ដុំថ្ម ចំនួន០១ដុំ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបន្តថា នៅវេលាម៉ោង១៣៖៤៩នាទី ជនរងគ្រោះបានជិះម៉ូតូជាមួយបងប្អូនជីដូនមួយទៅលេងផ្ទះបងប្រុសនៅម្តុំភូមិខ្លាកូនចាស់ ដើម្បីទៅចូលរួមកម្មវិធីខួបកំណើត ពេលជិះមកដល់ ចំណុចកើតហេតុខាងលើ ស្រាប់តែមានក្មេងស្ទាវមួយក្រុមមានគ្នាប្រហែល០៥នាក់ ពុំស្គាល់អត្តសញ្ញាណ បានស្រែកជេរ និងបក់ដៃហៅរូបខ្លួន ពេលនោះរូបខ្លួនបានបត់ម៉ូតូមកវិញ ដើម្បីសួរនាំ តែពុំទាន់បានសួរផង ស្រាប់តែបក្សពួកមួយក្រុមដែលបានហៅខ្លួន បានយកដុំថ្មវ៉ៃមកលើក្បាលរូបខ្លួន និងបានវ៉ៃគ្នាទៅវិញទៅមក ធ្វើឲ្យរូបខ្លួនមានរបួសត្រង់កញ្ចឹងក ចំនួន០១កន្លែង និងឃើញក្រុមរបស់វាទាញកាំបិតខ្វែវ ចំនួន០២ដើម មកដេញកាប់រូបខ្លួន តែកាប់មិនត្រូវហើយរូបខ្លួន និងប្អូនបានរត់ចោលម៉ូតូ ពេលនោះពួកវា បានគប់និងកាប់បំផ្លាញម៉ូតូរបស់ខ្លួនបណ្តាលឲ្យខូចខាតធ្ងន់ធ្ងរ។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើរួច នៅវេលាម៉ោង១៤៖០០នាទី នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងយកមកសួរនាំតាមនីតិវិធី នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។
ក្រោយឃាត់ខ្លួន និងសួរនាំរួចក្រុមក្មេងទំនើងទាំង៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើកសកម្មភាពប្រើហិង្សា ទៅលើជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកតាមចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនខ្លួន មកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ក្មេងទំនើងទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣នេះ៕

អត្ថបទដែលជាប់ទាក់ទង